ភ្នំពេញៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ដំណើការ​បណ្ដោះអាសន្ន​នូវ​ផ្សារ​មួយ​ចំនួន​ក្រោយ​ពី​មាន​ការ​ផ្ទុះ​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ១៩ ​ប្រភេទ​មេរោគ​បំប្លែង​ថ្មីដែល​តា(Delta) ខណៈ​រដ្ឋបាល​ខេត្ដ​មួយ​ចំនួន​ប្រកាស​បើក​ដំណើ​ការ​ផ្សារ​ធំៗ​ឡើង​វិញ ​ដោយ​អនុវត្ដ​តាម​វិធាន​ការ​សុខាភិ​បាល​យ៉ាង​តឹង​រ៉ឹង។​

យោង​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ផ្សារធំៗមួយ ក្នុងនោះ​​រួមមាន ​ផ្សារ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌ​ឫស្សីកែ​វ ផ្សារ​ដេប៉ូស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី១ ខណ្ឌ​ទួលគោក​ផ្សារ​សេរីភាព (ផ្សារ​ឌុយ​ម៉ិច)ស្ថិត​ក្នុង​ខណ្ឌ៧​មករា​ជាដើម។ការបិទនេះ​​ក្រោយពី​រកឃើញ​មានក​រណី​​ឆ្លង​​វីរុស​កូ​វីដ១៩ប្រភេទ​បំប្លែង​ថ្មីដែល​តា​នៅ​តាម​ទី​តាំង​ទាំងនេះ​។

រដ្ឋបាល​សង្កាត់​ផ្សារ​ដេប៉ូ​ទី១ បាន​បញ្ជាក់​នៅថ្ងៃទី ១៥​ សីហា​ថា៖​ «សូម​យោគយ​ល់​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូនប្រ​ជាពល​រដ្ឋ អាជីវ​ក​រ អ្នកលក់ដូរ​ក្នុង​ផ្សារ​ដេប៉ូ និង​អ្នកធ្វើ​ដំណើរ​ទាំង​អស់ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដា​ល​នៃ​ជំងឺ​កូ​វីដ១៩ រដ្ឋបាល​សង្កាត់​ផ្សារ​ដេប៉ូ​ទី១ សូម​បិទ​ការចេញចូ​ល​ផ្សារ​ដេប៉ូ មួយរយៈ​ពេល​សិន»​។

របាល​បាល​សង្កាត់​បាន​បន្ថែម​ទៀត​ថា​ ​ក្រុម​ការងារ​រដ្ឋបាល​សង្កា​ត់​ផ្សារ​ដេប៉ូ​ទី១ បាន​ចុះ​អប់រំ​ផ្សព្វផ្សា​យ និង​ចែកចាយ​បណ្ណ​ព័ត៌មាន​ស្តីអំពី​វិធានការ​សុខាភិបាល​​នានានៅតា​ម​តំបន់​ប្រមូលផ្តុំ​ ផ្សារ​លក់ដូរ និង​កន្លែង​ទីសា​ធារណៈ​នានា ដើម្បី​បង្កើន​ការទ​ទួល​បាន​ព័ត៌​មាននិ​ង​សារ​នានាផ្តោត​លើ​វិធានកា​រប​ង្ការ​ជំងឺ​កូ​វិដ១៩ ។

នៅថ្ងៃទី ១៥ ​សីហា ​​អាជ្ញាធរ​មូលដ្ឋាន​ក៏​បានសម្រេច​ចុះ​បិទ​ផ្សារ​សេរី​ភាព​ទាំង​មូលផងដែរ​ដោយសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​កូ​វីដ១៩ ប្រភេទ​វីរុស​បំប្លែង​ថ្មី​ដែល​តា ហើយ​ក្រុម​គ្រូពេទ្យ កំពុង​ចុះទៅ​យក​សំណាក ប​ងប្អូន​អាជីវ​ករ និង​ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ចំនួន​ ៣ នៃ​ទឹកដី​ខណ្ឌ ​៧ ​មករា ។

លោក លឹម សុភា អភិបា​លខណ្ឌ​៧មករា បានបញ្ជាក់ នៅថ្ងៃទី១៥ សីហាថា លោក​កំពុង​អនុវត្ដ​ការយក​សំណាក​ពី​ប្រជាព​លរដ្ឋ។

បើតាម​រដ្ឋ​បាល​ខណ្ឌ​ ​ក្រុមគ្រូពេ​ទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះមក​យក​សំណាកពី​ប្រជាពលរដ្ឋ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​វីរុស​កូ​វីដ១៩ នៅ​ចំនួន៣ស​ង្កាត់គឺ​សង្កាត់​មនោ​រម្យ សង្កាត់​មិត្តភាព និង​សង្កាត់​វាលវង់ តា​ម​បណ្តោយ​ផ្លូវ ១៣៤ និង​ច្រក​ផ្លូវតូចៗក្នុង​សង្កាត់​វាលវង់ និង​សង្កាត់​មនោ​រម្យ។ ប៉ុន្ដែ​មិនទាន់​ទទួល​បាន​លទ្ធផល​នៅឡើ​យ​ទេ។ ​

រដ្ឋបា​ល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៥​ ខែសីហា​ បាន​សម្រេច​បិទ​ផ្សារ​ទួល​សង្កែ​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ៥ ​រហូតដល់​ថ្ងៃទី ១៨ ខែសីហាឆ្នាំ២០២​១ ដើម្បី​​ទប់ស្កាត់និង​​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេ​រោគ​បំប្លែង​ខ្លួន​ថ្មីប្រភេ​ទ​ដែល​តា (Delta) ។

រដ្ឋបាល​​រាជធានី​បាន​បញ្ជាក់ថា​ ក្នុងអំឡុង​ពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះត្រូវបា​ន​ហាមឃាត់​រាល់​ការចេញ​-ចូលនិង​រាល់​ការជួបជុំឬកា​រប្រមូលផ្តុំ​មនុស្សក្នុង​ទីតាំង​ផ្សារ លើ​កលែងតែ​ករណី​ចាំបាច់ដូចជា​ ការចេញ​ ចូល ដើម្បី​ផ្តល់​វត្ថុ​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ១៩តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន។ការចេញ-ចូលនិង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិ​បាលនិង​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ដើម្បី​អនុវត្ត​វិធានការ សុខាភិ​បាល ក្នុងការ​ស្រា​វជ្រា​វ ទប់ស្កាត់ និង​កាត់​ការ​ឆ្លង​រាលដាល​នូ​វមរោគ​បំប្លែងខ្លួន​ថ្មី ប្រ​ភេទ ដែល​តា នៅក្នុង​សហ​គម​ធំ ជាដើម​។

ចំណែក​រដ្ឋបាល​ខេត្ដ សៀម​រាប និង​ព្រះសីហនុ កាល​សប្ដាហ៍​មុន បាន​អនុញ្ញាត​ឱ្យបើក​ដំណើការ​ផ្សារធំៗ​មួយចំ​នួន​ក្នុង​ខេត្ដ​ឡើងវិញ​ជា​បន្ត​បន្ទាប់​ដូចជា ​ផ្សារលើ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដា​រា​សំណាង ក្នុង​ក្រុងព្រះ​សីហនុ​ និង​ផ្សារលើ​ធំថ្មី ក្នុង​ក្រុង​សៀមរាប និង​ផ្សារ​ដំ​ដែក ក្នុង​ស្រុក​សូទ្រនិ​គម ខេត្ដ​សៀមរាប​​។

ការ​សម្រេច​ឱ្យបើ​កដំណើរ​​ផ្សារ​ឡើងវិញ​នេះរដ្ឋបាល​ខេត្ដនីមួ​យៗបានដាក់​ចេញ​នូវ​វិធានការ​ដ​ល់ប្រធាន​គ្រប់គ្រង​ផ្សារនិង​អាជីវករ​លក់ដូរ​ទាំង​អស់​ ដូចជា ការរៀបចំ​ច្រ​ក​ចេញ-ចូល​ឱ្យបាន​ធំ​ទូលាយ ដោយ​រៀបចំ​ដាក់​ខ្សែ​សុវត្ថិភាព និង​រៀបចំ​ម៉ាស៊ីន​វាស់​កម្ដៅ​និង​ម៉ាស៊ីនបាញ់​អាល់កុល​ឱ្យបាន​ត្រឹមត្រូវ។រៀបចំ​តូបលក់ដូរ​នីមួយៗ​ឱ្យរក្សាបាន​នូវ​គ​ន្លាតរ​វាង​អាជីវករនិង​អតិថិជ​នយ៉ាងតិច​១,៥០ ម៉ែត្រ​ពីគ្នា។

លោក គួច ចំរើន អភិបាល ខេត្ដ​ព្រះសីហនុ ថ្លែង​ពេល​ចុះទៅពិនិត្យ​ការរៀបចំ​ឱ្យ​បើក​ដំណើការ​ផ្សារលើក្នុង​ក្រុងព្រះសីហនុ​កាលពី​សប្ដាហ៍​មុ​ន ​ថាប្រធាន​ផ្សារ​ត្រូវ​ណែនាំ​ឱ្យ​អាជីវករ​លក់ដូរ​ទាំង​អស់បិទ​ស្លាក​តម្លៃ​នៅលើ​មុខទំនិញ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀស​វាង​កុំឱ្យ​អ្នកលក់ និង​អ្នកទិញ​ជជែក​តម្លៃ​គ្នា បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ១៩។

បើតាម​ក្រសួង​សុខាភិ​បាលគិត​ចាប់ពី​ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០២១ ដល់​ថ្ងៃទី ១៣ ​ខែសីហា កម្ពុជា​រកឃើញ​រី​រុសកូវីដ១៩​​បំ​ប្លែង​ថ្មី ដែល​តា​នៅ​កម្ពុជាចំនួន​ ៤៩៤ នាក់​ ហើយ​​កំពុងតែ​រាតត្បាត​ឆ្លង​ចូលក្នុង​សហគ​មន៍នៅ ២២ រាជ​ធានី-ខេត្ត លើកលែ​ងតែ តាកែវ កែប និង​ខេត្ត​ក្រចេះ​ ដែល​មិន​ទាន់មា​ន​វត្តមានវីរុស​បំប្លែង​​ថ្មី ​៕