ព្រះសីហនៈសមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ១៥ ខែសីហា កំពុង​សាក​សួរ​ជន​ជាតិ​ចិន​ចំនួន៥នាក់​ តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​បង្ក​ភាពអនាធិបតេយ្យ នៅ​តាម​ដង​ផ្លូវ ក្រោយ​ចាប់ខ្លួនបាន​កាល​នៅ​ថ្ងៃទី ១៤​ ខែសីហា នៅតាម​បណ្តោយ​វិថី​ឯករាជ្យ ចំណុច​ស្តុ​ប​សូរិយា​តូច ស្ថិត​ក្នុងភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែង​នៅ​ថ្ងៃ​ទី​១៥​សីហា​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​មាន​គ្នា៤នាក់ (ស្រី១នាក់) បានធ្វើ​សកម្មភាព​ចាប់​ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត នៅ​រសៀល​ថ្ងៃទី ១៤ ខែសីហា​ នៅតាម​បណ្តោយ​វិថី​ឯករាជ្យ ចំណុច​ស្តុ​ប​សូរិយា​តូច ស្ថិត​ក្នុងភូមិ២។

សម​ត្ថិ​ច្ចនគ​របាល​បាន​ឃាត់ខ្លួន​អ្នក​ទាំង៥នាក់​នោះបាន​នៅវេលា​ម៉ោង ១ និង៤៥នាទី​រសៀល ពាក់ព័ន្ធ​ករណី​បង្ក​ភាពអនាធិបតេយ្យ នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់។ ក្រោយ​ឃាត់ខ្លួន ​ពួកគេ​ត្រូវបាន​បញ្ជូនមក​សួរនាំ​ តាម​នីតិវិធី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

លោក​ថ្លែងថា៖ «ពួកគាត់​បង្ក​ភាពអនាធិបតេយ្យ ហើយ​មាន​បញ្ហា​ជាមួយគ្នា​ដោយសារ​ការ​ជំពាក់​លុយ ប៉ុន្តែ​មិន​ដោះស្រាយ​តាមផ្លូវ​ច្បាប់ បែ​ជា​ប្រុង​ចាប់​គេ​ដាក់​ក្នុង​ឡាន​យកទៅ​ដោះស្រាយ​ក្រៅផ្លូវការ។ អាហ្នឹង​គឺ​បំពាន​ច្បាប់​និង​នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់។ អ៊ីចឹង​ទេ ការិយាល័យ​ជំនាញ​យើង​កំពុងតែ សួ​រនាំ​តាម​នីតិវិធី» ។

លោក កុល ផា​លី ស្នងការរង​ខេត្ត​ព្រះសីហនុ​ ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ថ្លែងថា មកដល់​ល្ងាច​ថ្ងៃទី ១៥ ខែសីហា​នេះ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ច​ប់​នីតិវិធី​នៅឡើយ​ទេ។

ប៉ុន្តែ​លោក​បញ្ជាក់​​ថា ជនជាតិ​ចិន​ទាំង៥នាក់​នោះ នឹងត្រូវ​បញ្ជូនទៅ​តុលាការ៤នាក់ គឺ​ជនសង្ស័យ​ដែល​ព្យាយាម​ចាប់ចង​ជន​រងគ្រោះ​ដាក់ចូល​ក្នុង​​រថ​យន្ត​ មាន​ប្រុស ៣ នាក់ និង​ ស្រី​ម្នាក់។

បើតាម​លោក កុល ផា​លី ករណីនេះ​ បើសិនជា​សមត្ថកិច្ច​អន្តរាគមន៍​មិនទាន់​ពេលនោះ​ទេ អាច​ក្លាយ​ទៅជា​ការចាប់​ជំរិត ប្រសិនបើ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បានសម្រេច។

លោក​ថ្លែងថា ៖«ថ្ងៃនេះ​យើង​ធ្វើ​មិនទាន់​ទេ ប្រហែល​ដល់​ស្អែក​ព្រឹក​ទើប​អាច​បញ្ជូន​ទៅបាន ករណី​ហ្នឹង​យើង​អាច​ហៅ​បាន​ថា ​ជា​ការចាប់​មនុស្ស​ចូល​ឡាន» ។

លោក កុល ផា​លី បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ឈរជើង​តាម​គោលដៅ​ចរាចរណ៍​ក្បែរ​នោះ បាន​សហការគ្នាជាមួយ​សមត្ថកិច្ច​ព្រហ្មទណ្ឌ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ខាងលើ​នោះបានភ្លាមៗ ក្រោយ​ពួកគេ​ធ្វើការ​ចាប់ទាញ​ជនរងគ្រោះ​បម្រុង​ដាក់​ឲ្យ​ចូលក្នុង​រថយន្ត។

បើតាម​លោក ផា​លី ជនរងគ្រោះ​មាន ឈ្មោះ ZHANG GUO ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​ជា​អ្នករកស៊ី ស្នាក់នៅ​ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ចំណែក ជនសង្ស័យ​ចំនួន៤នាក់ រួមមាន ឈ្មោះ GAO PAN ភេទ​ស្រី អាយុ២៧ឆ្នាំ ស្នាក់នៅ​ភូមិ១ សង្កាត់៣ ឈ្មោះ ZHANG JIN WEI អាយុ២៨ឆ្នាំ មុខរបរ​រកស៊ី (ម្ចាស់​ភាគហ៊ុន​សណ្ឋាគារ​ហ៊ូ​វី) ឈ្មោះ LIU SHUIA អាយុ២៥ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​កាស៊ីណូ​វិមាន​ខ្សាច់​ស និង ឈ្មោះ JIANG LIE QIANG អាយុ២១ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ឲ្យ​ថៅកែ​កាស៊ីណូ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន រថយន្ត ១ គ្រឿង ម៉ាក PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-2106៕