ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ធ្វើការ​ចោទប្រកាន់​ទៅលើ​បុគ្គល ២ ​នាក់ ដែល​ក្លែងខ្លួន​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (​អបព​) ដើម្បី​ទារប្រាក់​ពី​ជនរងគ្រោះ​ពីបទ​ឆបោក​មាន​សា្ថន​ទម្ងន់ទោស បន្ទាប់ពី អបព បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​។

បុគ្គល​ដែល​ក្លែងខ្លួន​ជា​មន្ត្រី អបព រូបនោះ​ម្នាក់​មានឈ្មោះ ហ៊ឹម ភាព ឬ​ហៅ ជា សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ៥១ ​ឆ្នាំ​មុខរបរ រត់​ម៉ូតូឌុប និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោមចៅ​ទី​១​។ ចំណែក​ម្នាក់ទៀត គឺ​មាន​ឈ្មោះ អ៊ុ សេដ្ឋី ភេទ​ប្រុស អាយុ ៤០ ​ឆ្នាំ មុខងារ នាយក​សាលា​បឋមសិក្សា​ ហ៊ុន សែន ​ចម្រើន​ជាតិ​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ សីហា​ថា​៖ «​ករណីនេះ តំណាង​អយ្យការ​ទទួល​បន្ទុក​បាន​បើក​ការស៊ើបសួរ​រួចរាល់​ហើយ​ពី​បទឆបោក​ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​ ៣៧៧ និង​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យ៉ាងណា ចំពោះ​នីតិវិធី​បន្ត​លោក​ថ្លែងថា គឺជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ខណៈ​ការស៊ើបអង្កេត និង​ការស៊ើបសួរ​របស់​ស្ថាប័ន​នេះ គឺ​ត្រូវតែ​ជា​ការសម្ងាត់​។

អ្នកនាំពាក្យ អបព បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ​សីហា​ថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ អបព បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​ក្នុងករណី​ ២ ​ខុសគ្នា ដែល​ក្លែងខ្លួន​ជា​មន្ត្រី អបព ទៅ​ទារលុយ​ពី​ជនរងគ្រោះ​។

អ្នកនាំពាក្យ អបព បាន​បញ្ជាក់ថា​៖ «​កន្លងមកនេះ មាន​លេចឮ​ព័ត៌មាន​ជា​បន្តបន្ទាប់​នៅ​កន្លែង​នេះ​នៅ​កន្លែង​នោះ​ថា មាន​មន្ត្រី អបព ទូរស័ព្ទ​ទៅ​ដើម្បី​សុំ​លុយ ឬក៏​ទារប្រាក់​ជា​ថ្នូរ​នឹង​ការបិទបាំង​នូវ​អំពើពុករលួយ​។ ព័ត៌មាន​ចុងក្រោយ​គឺមាន​អំពើ​ទារលុយ​នេះ​រហូតដល់​ប៉ះ​មកលើ​អ្នកគ្រូ​នាយិកា​សាលា និង​មុខសញ្ញា​មួយចំនួន​ទៀត​»​។

ដូច្នេះ អបព បាន​ប្រមូល​កម្លាំង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​រហ័ស​រហូត​ប្រមូលបាន​ភ័ស្តុតាង​រឹងមាំ​ជាក់លាក់​លើ​ករណី​ ២ ​ខុសគ្នា ដែល​ករណី​១ ​ក្លែង​ជា​អនុប្រធាន អបព អ្នកនោះ​គឺជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោមចៅ​ទី​១ ឯ​ករណី​ទី​២ យើង​មាន​ការហួសចិត្ត​ដែលជា​នាយក​សាលា​ ១ ​រូប តាំងពី​ឆ្នាំ ​២០១៥ ​មក បែរជា​ប្រព្រឹត្ត​អំពើ​មកលើ​នាយក​សាលា​ដូចគ្នា មកលើ​គ្រូបង្រៀន ជាពិសេស​មកលើ​នាយករង​របស់ខ្លួន និង​មកលើ​គ្រូ​របស់ខ្លួន​ ៣-៤ ​នាក់​។

មុននឹង​បញ្ជូនទៅ​តុលាការ អបព បាន​រក​គ្រប់​វិធី​ដើម្បីឱ្យ​ជនល្មើស​ទាំង ២ ​ករណីនេះ​សងលុយ​មកដល់​អ្នករងគ្រោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

សូមជម្រាបថា យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អបព ចំនួន ២ ច្បាប់ ដោយឡែក​ពីគ្នា​បានឱ្យ​ដឹងថា បុគ្គល​ឈ្មោះ ហ៊ឹម ភាព ជំរិត​ទារប្រាក់​បានសម្រេច​ចំនួន ៤ ​ដង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ ​ដុល្លារ និង ៧០ ​ម៉ឺន​រៀល ចាប់តាំងពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី​ ១០ ខែ សីហា ឆ្នាំ​ ២០២១​។ បន្ទាប់ពី​ប្រព្រឹត្ត​សកម្មភាព​ទាំង​ ៤ ​លើក​នេះ​ជា​បន្តបន្ទាប់ ក៏ត្រូវ​បាន អបព នាំខ្លួន​ឈ្មោះ​នេះ​ពី​បញ្ជរ​បើកប្រាក់​វីង​មួយកន្លែង​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ថ្ងៃទី​ ១០ ​សីហា ដើម្បី​ស្តាប់​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

ចំណែក​ឈ្មោះ អ៊ុ សេដ្ឋី បាន​បង្ខំ​ឱ្យ​ជនរងគ្រោះ​ផ្ទេរប្រាក់​តាម​ប្រព័ន្ធ Wing ចាប់ពី ៥០០ ​ដុល្លារ ទៅ ១០០០ ​ដុល្លារ ដោយ​ក្នុងនោះ​ឈ្មោះ អ៊ុ សេដ្ឋី ជំរិត​ទារប្រាក់​បានសម្រេច​ចំនួន ៤ ​ដង សរុប​ចំនួន​ ១ ៩០០ ​ដុល្លារ និង ២ ​លាន​រៀល ចាប់តាំងពី​ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ១១ ខែសីហា ឆ្នាំ​ ២០២១ ហើយ​ក៏​ត្រូវបាន​មន្ត្រី​នគរបាល​យុត្តិធម៌ អបព នាំខ្លួន​ពី​បញ្ជរ​បើកប្រាក់​វីង​មួយ​កនែ្លង​មក​កាលពី​ថ្ងៃទី​ ១២ សីហា ដើម្បី​ស្តាប់​ចម្លើយ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕