បន្ទាយមានជ័យៈ សាច់​ និង​គ្រឿងក្នុង​ជ្រូក​សរុប​ ១ ៥០០ ​គីឡូក្រាម ត្រូវបាន​កម្លាំង​ការិយាល័យ​ផលិតកម្ម​សត្វ​ និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ដុតបំផ្លាញ​ចោល​កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ខែសីហា ១ ​ថ្ងៃ​ក្រោយពី​បង្ក្រាប​ចាប់ និង​រកឃើញថា ​ខូច​គុណភាព​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​អ្នក​បរិភោគ​។

លោក​ ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​សត្វ និង បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សាច់ និង​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ទាំងនោះ​ត្រូវបាន​គេ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​មួយ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​តាម​មធ្យោបាយ​ដឹកជញ្ជូន​រថយន្ត​ដឹកទំនិញ​ ១ ​គ្រឿង​ក្នុង​គោលដៅ​នាំយក​ទៅកាន់​ខេត្តបាត់ដំបង ដើម្បី​លក់​ចែកចាយ​បន្ត ។

លោក​បាន​ថ្លែងថា វត្ថុតាង​សាច់​ និង​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​មាន​សភាព​ជាំ​ស្អុយ​ ដោយសារ​តែ​ការវេចខ្ចប់​មិនបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​វិញ្ញាបនបត្រ បញ្ជាក់​ពី​គុណភាព​ពី​អាជ្ញាធរ​ជំនាញ​នៃ​ប្រទេស​ដែល​បាន​នាំចេញ​ហើយ​ក៏​គ្មាន​លិខិតអនុញ្ញាត​ឱ្យ​នាំចូល​នូវ​ផលិតផល​សាច់សត្វ​ពី​ក្រសួង​ ឬ​ស្ថាបន​ជំនាញ​នៃ​ប្រទេស​កម្ពុជា​ឡើយ​។

លោក​បាន​បញ្ជាក់ទៀតថា​៖ «​ដើម្បី​សុវត្ថិភាព និង​កុំ​ឱ្យមាន​ផលប៉ះពាល់​បរិស្ថាន ក្រុមការងារ​យើង​ក៏បាន​ស្នើសុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ធ្វើការ​ដុតបំផ្លាញ​ចោល​នៅ​ព្រឹក​ថ្ងៃទី​ ១៥ ខែសីហា​នេះ​»​។

បើតាម លោក ហ៊ុយ ទូច នៅពេល​បង្ក្រាប​ចាប់​សាច់ និង​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ទាំងនោះ​កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែសីហា កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់ ឈ្មោះ​ យ៉ុង ចំរើន និង​អ្នករួមដំណើរ​ម្នាក់ទៀត​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ ទូច ​បាន​បញ្ជាក់ថា​៖ «​ពួកគាត់​ទាំង​ ២ ​នាក់​ [​អ្នកបើកបរ​ និង​អ្នករួមដំណើរ​] បាន​ដោះសា​ថា ពួកគាត់​គឺជា​អ្នក​ស៊ីឈ្នួល​ដឹកជញ្ជូន​ទំនិញ​ឱ្យគេ​ប៉ុណ្ណោះ​»​។ ប៉ុន្តែ​លោក​ថា ពួកគាត់​លាក់បាំង​អត្តសញ្ញាណ​ម្ចាស់​ទំនិញ ដូច្នេះហើយ​ទើប​ក្រុម​សមត្ថកិច្ច​បានសម្រេច កសាង​សំណុំរឿង​ចោទប្រកាន់​ពួកគាត់​ពី​បទ​នាំចូល​ផលិតផល​សាច់សត្វ​ពី​ក្រៅប្រទេស​ដោយ​គ្មាន​ការអនុញ្ញាត​តាម​មាត្រា​ ១១៣ នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​បញ្ជូន​ពួកគាត់​ទៅឱ្យ​តុលាការ​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

យោងតាម​មាត្រា​ ១១៣ ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង ផលិតកម្ម​សត្វ ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​នឹង​ត្រូវ​ទទួលរង​ការផាកពិន័យ​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល ទៅ​ ១៥ ​លាន​រៀល​៕

វីដេអូ៖