ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែសីហា​នេះ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​បើក​ដំណើរការ​យុទ្ធនា​ការ​ជាតិ​ក្រោម​ប្រធាន​បទ ​«រួមគ្នា​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ ១៩» ដែលជា​វិធាន​ការ​បន្ថែម ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ ក្រោម​អធិប​តីភាព​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​។

លោក ម៉ម ប៊ុនហេង បាន​លើក​ឡើង​នៅក្នុង​ពិធី​ប្រកាស​បើក​ដំណើរ​​ការ​យុទ្ធ​នា​ការ​ជាតិ​នេះ​ថា អស់​រយៈ​ពេល​ជិត ​២ ឆ្នាំ​ហើយ​ ដែល​គ្រប់គ្នា​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹ​ង​ជំងឺ​កូ​វីដ ១៩ ហើយ​មកទល់​ពេល​នេះ​អង្គការ​សុខ​ភាព​ពិភព​លោក​ទទួល​ស្គាល់ថា ការបញ្ចប់​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩ អាច​នៅ​វែងឆ្ងាយ​ទៀត​ជាមួយ​នឹង​ការចម្លង​ពី​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភព​លោក​។

លោក​មាន​ប្រសាសន៍​ថា៖ «ការអប់រំ​ផ្សព្វ​ផ្សាយ​និង​បណ្តុះ​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​មានការ​យល់ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូ​វីដ​ និង​ចេះ​ទទួល​ខុស​ត្រូវ​ក្នុងការ​ការពារ​ខ្លួនឯង គ្រួសារ និង​សហ​គមន៍​ពិត​ជាមាន​សារៈសំ​ខាន់​ណាស់ ហើយ​យើង​បានធ្វើ​ការងារ​នេះ​កន្ល​មក​ហើយ ដែល​ធ្វើ​ឱ្យ​យើង​អាច​ទប់​ស្កាត់​បាន​នូវ​ការ​ចម្លង​ចូលក្នុង​សហ​គមន៍​នាពេល​កន្លង​មក»​។

លោក​ស្រី ឱ វណ្ណឌី​ន អ្នក​នាំពាក្យ​ក្រសួង​សុខាភិ​បាល បាន​អំពាវ​នាវ​ទៅដល់​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ ក្រសួង​ស្ថា​ប័ន​ពា​ក់​ព័ន្ធ ស្ថាប័ន​ឯកជន អង្គការ​នានា​ ឱ្យ​ចូលរួម​ធ្វើ​យុទ្ធ​នាការ​ជាតិ​ចាប់​ពីពេល​នេះ​ទៅ​ ដោយ​ចូលរួម​អនុវត្ត​នូវ​សកម្ម​ភាព​នៅ​គ្រប់​ទីតាំង​សំខាន់ៗ​ក្នុង​រា​ធានី​ ខេត្ត និង​ទីសា​ធារណៈ​ជា​ដើម​។

យុទ្ធនា​ការ​នេះ​មានការ​ចូលរួម​មកពី​សមាស​ភាព​គ្រប់​ក្រសួង​ស្ថាប័ន​ រាជធានី-ខេត្ត និង​ផ្នែក​ពាក់​ព័ន្ធ​នានា​ទៀត​ផង​ដែរ​៕

យុទ្ធនាការ «រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ ១៩» នៅខេត្តព្រះវិហារកាលពីថ្ងៃទី ១៣ សីហា ។ រូបថត ហ្វេសប៊ុក