ភ្នំពេញៈ មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​រំពឹងថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​នឹង​ចប់​រួចរាល់​យ៉ាងយូរ​នៅ​ចុងខែ​សីហា​នេះ ខណៈ​បច្ចុប្បន្ន​កំពុង​ចាក់​វ៉ាក់សាំង​ជូន​អ្នក​នៅ​សេសសល់​ជិត​ ៥ ​ពាន់​នាក់​។ នេះ​បើតាម​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​។

លោក នុត សវនា បាន​ថ្លែងថា បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​កំពុង​អនុវត្ដ​ការចាក់​វ៉ាក់សាំង​ប្រភេទ Johnson & Johnson និង ​AstraZeneca ដល់​ជន​ជាប់ឃុំ​ដែល​នៅ​សេសសល់​នៅតាម​ពន្ធនាគារ​ក្នុង​ខេត្ដ​ចំនួន​ ៧​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ចាក់​ដេញ​ទៅហើយ​ស្អែក​នេះ​ចាក់​នៅ​ពន្ធនាគារ​ខេត្ដ​កំពង់ធំ​ខានស្អែក​ចាក់​នៅ​បន្ទាយមានជ័យ ហូរហែ​តៗ​គ្នា​។ យើង​មិនទាន់​បូកសរុប​ទេ គ្រាន់តែ​ថា​យើង​កំពុង​អនុវត្ដ​ការចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ដែល​នៅ​សេសសល់​ហើយ​អាច​យ៉ាងយូរ​ចុងខែ​សីហា​នេះ​អស់ហើយ​»​។

បើតាម​លោក នុត សវនា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដល់​ជនជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី-ខេត្ដ​បាន​ជាង​ ៧៣ ​ភាគរយ​នៃ​ជន​ជាប់ឃុំ​សរុប​ជាង ៣៧ ០០០ ​នាក់ ​ហើយក៏​កំពុង​បន្ដ​អនុវត្ដ​ការចាក់​ដល់​ជន​ជាប់ឃុំ តាម​ពន្ធនាគារ​ក្នុង​ខេត្ដ​ចំនួន ៧ ​ខេត្ដ ដែល​នៅ​សេសសល់​ក្នុង​នោះ​មាន​ជន​ជាប់ឃុំ​ប្រមាណ​ជិត​ ៥ ​ពាន់​នាក់​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​គ្រប់គ្រាន់ សម្រាប់​ចាក់​ដល់​ជនជាប់ឃុំ និង​មន្ដ្រី​ពន្ធនាគារ​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​យក​ចិត្ដ​ទុកដាក់​ខ្លាំងណាស់ ទោះបី​ជា​ជន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក៏ត្រូវ​ផ្ដល់​វ៉ាក់សាំង​ចាក់​ជូន​​ឱ្យបាន​មួយចំនួន​ហើយ​ដែរ​។

លោកស្រី​ថ្លែងថា​៖ «​ទោះបីជា​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ក៏ដោយ​គឺ​បាន​ផ្ដល់នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​ពួកគាត់​ឱ្យបាន​ចាក់​គ្រប់ៗ​គ្នា​»​។

លោក អំ សំអាត នាយករង​អង្គការ សិទ្ធិមនុស្ស (​លីកាដូ​) លើកឡើង​ពី​ម្សិលមិញ​ថា ក្នុងអំឡុង​ពេលដែល​កូវីដ​ ១៩ កំពុង​រីក​រាលដាល​ក្នុង​សហគមន៍​នេះ នៅតាម​បណ្តា​ពន្ធនាគារ​មួយចំនួន​ក៏​រីក​រាលដាល​កូវីដ​ ១៩ ​នេះដែរ ហើយ​មាន​អ្នក​ជាប់ឃុំ​ខ្លះ​ក៏បាន​ស្លាប់​ដោយ​ជំងឺ​នេះដែរ​។ ទោះបី​មាន​ការចាក់​វ៉ាក់សាំង​ដល់​​អ្នក​ជាប់ឃុំ​ក៏​ស្ថានភាព​ពន្ធនាគារ​ស្ថិតក្នុង​ការបារម្ភ​ខ្លាំង​។

លោក​ថា​៖ «​ពន្ធនាគារ​គឺមាន​ភាព​ចង្អៀត​ណែន​ខ្លាំង ដូច្នេះ​គឺ​​មាន​ហានិភ័យ​ខ្ពស់​ប្រសិនបើ​​មាន​ការឆ្លង​កូវីដ​ ១៩ ចូលទៅ​គឺ​​អាច​បង្កឱ្យមាន​ការឆ្លង​រីករាលដាល​លឿន ព្រោះ​បន្ទប់​នីមួយៗ​​ចង្អៀត​ខ្លាំង បច្ចុប្បន្ននេះ​កូវីដ ​១៩ បំប្លែង​ថ្មី Delta ក៏បាន​ឆ្លង​ចូល​សហគមន៍​ទៀត ដូច្នេះ​ចំពោះ​ពន្ធនាគារ​បើ​មាន​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ចូលដល់​ទៀត​នោះ​ភាព​ប្រឈម​គឺ​កាន់តែខ្លាំង​ឡើង​»​។

បើតាម​លោក សំអាត អង្គការ​លីកាដូ​នៅតែ​ទទូច​សុំឱ្យ​តុលាការ និង​ក្រសួងយុត្តិធម៌​ពន្លឿន​សេចក្តី​សម្រេច​របស់​ក្រសួងយុត្តិធម៌​ស្ពី​ពី​ការដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជិត​រួចផុត​ទោស​ដោយ​ភ្ជាប់​លក្ខខណ្ឌ និង​ពិនិត្យមើល​លើ​អ្នក​ឃុំ​ណា​ដែល​មិនមាន​តម្រូវការ​ចាំបាច់​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន អាច​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ និង​ពិនិត្យមើល​លើ​អ្នក​ជាប់ឃុំ​ដែល​ងាយ​ប្រឈម​ដូចជា អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ ជនពិការ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មានកូន​តាម​ម្តាយ ដែល​អាចឱ្យ​នៅក្រៅ​ឃុំ​បាន​។ កត្ដា​នេះ​ជាការ​កាត់បន្ថយ​ភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ និង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការរីករាល​កូវីដ​ ១៩ ក្នុង​ពន្ធនាគារ​។

បើតាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រោយ​មាន​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ចូលក្នុង​សហគមន៍ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២ ពន្ធនាគារ​រាជធានី​ភ្នំពេញ ពន្ធនាគារ​ខេត្ត​​កណ្តាល ពន្ធនាគារ​ខេត្តកំពង់ស្ពឺ និង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​គឺ​ត្រូវបាន​រកឃើញ​មាន​ការឆ្លង​ក្នុងចំណោម​ជន​ជាប់ឃុំ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​។ ​

ការឆ្លង​នៅ​កន្លែង​នីមួយៗ​មាន​ពី​ ១០ ​ទៅ ២០ ​ភាគរយ​នៃ​ចំនួន​ជន​ជាប់ឃុំ​ក្នុងនោះ​ក៏មាន​ជនជាប់ឃុំ​ចំនួន ៥ ​នាក់​បាន​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​។ ប៉ុន្ដែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​សហការ​ជាមួយ​មន្ដ្រី​សុខាភិបាល​អនុវត្ដ​វិធានការ គ្រប់គ្រង​សភាពការណ៍​បាន និង​ព្យាបាល​ជន​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​បាន​ជាសះស្បើយ​ជា​បន្តបន្ទាប់​៕