ត្បូងឃ្មុំៈ យុវជន​ម្នាក់​ត្រូវបាន​ចាប់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃ​ម្សិលមិញ ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់ នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក កាលពី​យប់​ថ្ងៃទី​ ១៥ សីហា​។

លោក​ ថាញ់ សុខវ៉ាត អធិការ​នគរបាល​ស្រុក​ពញាក្រែក ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៥ សីហា ថា យុវជន​សង្ស័យ ឈ្មោះ ​ហាន សុផែន អាយុ​ ២០ ​ឆ្នាំ​។ រីឯ​នារី​រងគ្រោះ​ឈ្មោះ ស.ម. អាយុ​ ១៩ ​ឆ្នាំ ពួកគេ​រស់នៅក្នុង​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​ជាមួយគ្នា​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ ខ្ញុំ​សាកសួរ​នៅ​អធិការដ្ឋាន​ចប់​ហើយ​។ ល្ងាច​នេះ​ [​ថ្ងៃទី​ ១៥ សីហា​] ខ្ញុំ​បញ្ជូន​គាត់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ​»​។

ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​ការប្រព្រឹត្ត​របស់​ជនសង្ស័យ​មិនត្រូវ​បាន​លោក​អធិការ​ប្រាប់​ឡើយ​។ លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ស្ថិតក្នុង​ដំណាក់កាល​នីតិវិធី​សាកសួរ​បន្ត​របស់​មន្ត្រីជំនាញ​ខេត្ត​ទៀត​។ ដូច្នេះ​ខ្ញុំ​សុំ​មិន​ប្រាប់​លម្អិត​ទេ​»​។

លោក​អធិការ​គ្រាន់តែ​បង្ហើប​ថា មុន​កើតហេតុ នារី​រងគ្រោះ​បាន​មក​ហូប​សាច់​អាំង​មួយកន្លែង​នៅ​ឃុំ​ក្រែក​។ ហូប​រួច​បាន​ពឹង​ជនល្មើស​ដឹក​ជូនទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ​ទៅដល់​ចំណុច​ព្រៃ​ស្ងាត់ នៅ​ឃុំ​ត្រពាំងផ្លុង ជនជាប់ចោទ​បាន​ឈប់​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ:​ទៅលើ​នារី​រងគ្រោះ​ខាងលើ រហូត​បានសម្រេច​។

នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំងផ្លុង លោក​ ហ៊ិន ឆែម ប្រាប់ថា ការងារ​នេះ​លោក​មិន​បានធ្វើ​ទេ ព្រោះ​លោក​ជាប់​ធ្វើ​ចត្តាឡីស័ក​។ ទោះយ៉ាងណា​លោក​ ឃួន សារ៉ី ជា​មេភូមិ​ដែល​នារី​រងគ្រោះ​រស់នៅ និង​ជា​ភូមិ​កើតហេតុ​បាន​រៀបរាប់​នៅ​ថ្ងៃទី​ ១៥ សីហាថា នារី​រងគ្រោះ​មាន​បងប្អូន​ ៤ ​នាក់​ (​ស្រី​ ២ ប្រុស ​២) ​ហើយ​នាង​ជា​កូន​ទី​២​។ ប៉ុន្តែ​ជនរងគ្រោះ​មាន​ប្តី និង​មានកូន​ប្រុស​តូច​ម្នាក់​ទៀតផង ប៉ុន្តែ​ប្តី​របស់​នាង​ចេញពី​ភូមិ​ទៅ​ធ្វើការ​ឆ្ងាយ​មិនសូវ​បានមក​ផ្ទះ​ទេ​។

លោក​បន្តថា រវាង​នារី​រងគ្រោះ និង​ជនសង្ស័យ ជា​មនុស្ស​រាប់អាន​គ្នា ដោយ​ប្អូនប្រុស​របស់​នាង​ជា​មិត្តភក្តិ​ជាមួយ​ប្អូនប្រុស​របស់​ជនសង្ស័យ​។ លោក​រៀបរាប់​តាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​ថា ដោយសារ​ប្អូនៗ​របស់ ពួកគេ​ស្គាល់គ្នា​ធ្វើឱ្យ​ជនសង្ស័យ ឧស្សាហ៍​ទៅលេង​ផ្ទះ​របស់​ជនរងគ្រោះ​ញឹកញាប់​ដែរ​។

លោក​បន្ថែមថា នៅ​ថ្ងៃទី​ ១៣ សីហា ជនសង្ស័យ​បាន​ទៅ​ស៊ីផឹក​នៅផ្ទះ​នារី​រងគ្រោះ​។ បន្ទាប់មក​ជនសង្ស័យ​បាន​បបួល និង​ឌុប​ជនរងគ្រោះ​ទៅ​ហូប​នំចំណី​រហូតដល់​យប់​។ ប៉ុន្តែ​ពេល​ត្រឡប់មកវិញ ជនសង្ស័យ​មិនបាន​ឌុប​នារី​រងគ្រោះ​មក​ផ្ទះ​ទេ តែ​បែរជា​ឌុប​ចូល​ព្រៃ​ក្បែរផ្លូវ​ហើយ​រំលោភ​តែម្តង​។

លោក​ ឃួន សារ៉ី និយាយថា​៖ «​ចំពោះ​ថា រំលោភ​បាន​ប៉ុន្មាន​ដង​អី​នោះ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ​។ ខ្ញុំ​មិនបាន​សួរ​ជនរងគ្រោះ​ទេ​»​។

លោក​បន្ថែមថា លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ១៤ សីហា ទើប​នារី​រងគ្រោះ​មកប្តឹង​លោក ហើយ​លោក​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រពាំងផ្លុង​ទៅ​។ ក្រោយពីលោក​រាយការណ៍​បាន​ប្រហែល​ ១០ ​នាទី ស្រាប់តែ​លោក​ឃើញ​កម្លាំង​នគរបាល​ស្រុក​ពញាក្រែក​ចុះ​ដល់​ភូមិ​របស់លោក​។ ពេលនោះ​សមត្ថកិច្ច​បានឱ្យ​ជនរងគ្រោះ​នាំទៅ​ចង្អុលបង្ហាញ​កន្លែង​ដែល​ជនសង្ស័យ​ចាប់​នាង​រំលោភ​កាលពី​យប់​៕