ឧត្តរមានជ័យៈ នគរបាល​បាន​បញ្ជូន​បុរស​ជនសង្ស័យ​ ២ ​នាក់ ​ទៅកាន់​តុលាការ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា រឿង​ក្លែងបន្លំ​ជា​មន្ត្រី​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជំរិត​ប្រាក់​ពី​ក្រុម​គោលដៅ​អ្នករកស៊ី​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង និង​ត្រពាំង​ប្រាសាទ​។

លោក ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ជនសង្ស័យ ឈ្មោះ លុន តុនឡេង ភេទ​ប្រុស អាយុ​ ៤៣ ​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ-ស្រុក​អន្លង់វែង មុខរបរ​កសិករ និង​ឈ្មោះ អៀម ប៊ុនធឿន ភេទ​ប្រុស អាយុ​ ៣៧ ​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ-ស្រុក​អន្លង់វែង មុខរបរ​កសិករ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ ខែសីហា និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ១៥ ខែ សីហា ឆ្នាំ​ ២០២១​។

លោក​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ ២ ​នាក់ ​ត្រូវបាន​ចាប់ខ្លួន​ ក្រោយពី​មាន​ការស៊ើបអង្កេត​ពី​ក្រុមនគរបាល​ជំនាញ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​មន្ត្រី​តុលាការ​ខេត្ត​។

លោក សុធី ថ្លែងថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​រូបនេះ​ បាន​សារភាព​រួចហើយថា ​ពួកគេ​បាន​ក្លែង​ជា​មន្ត្រី​តុលាការខេត្ត​ដើរ​ទារលុយ​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​បើទោះជា​មន្ត្រី​តុលាការ​ក៏​មិនអាច​ដើរទា​លុយ​គេ​បែបនេះ​ដែរ​»​។

លោក​ថ្លែងថា​៖ «​សម្រាប់​ទោសទណ្ឌ ឬ​ចោទប្រកាន់​បែបណា​នោះ ខ្ញុំ​មិនទាន់​ហ៊ាន​សន្និដ្ឋាន​បែបណា​នោះទេ ព្រោះ​វា​ជា​សិទ្ធិ​របស់​តុលាការ​ក្នុង​ការសម្រេច​ចោទប្រកាន់​ទៅតាម​នីតិវិធី​»​។

លោក ហ៊ែល ឆេងហុង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ ថា​៖ «​ជនសង្ស័យ​ទាំង​ ២ រូបនេះ ​អាច​នឹងមាន​ទោសទណ្ឌ​ផ្នែក​ព្រហ្មទណ្ឌ​ទៅ​តាម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ណាមួយ ព្រោះ​ពួកគេ​បាន​ក្លែងបន្លំ និង​ជំរិត​ប្រាក់​ពី​ប្រជាពលរដ្ឋ​»​។

តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​ឱ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​រូបនេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន រថយន្ត ១ ​គ្រឿង និង​ទូរស័ព្ទ ៣ ​គ្រឿង​៕