ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​លោក​ ម៉ម ប៊ុន​ហេង បាន​កំណត់​ឱ្យ​ប្រជា​ពល​រដ្ឋនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ​១៥ ​ត្រូវ​អនុវត្ត​នូវ​កាតព្វ​កិច្ច​ពាក់​ម៉ាស់​ និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ចាប់​ពីពេល​នេះ ​រហូត​មាន​ការ​ជូន​ដំណឹង​ជាថ្មី​។

លោក ម៉ម ប៊ុន​ហេង បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នៅថ្ងៃ​ទី​ ១៦​​ ខែសីហា​នេះ​ ស្តីពី​ភូមិ​សាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វ​កិច្ច​ពាក់​ម៉ាស់ ​និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិ​ភាព​ដោយ​កំណត់​ខេត្ត​ទាំង ១៥​នោះ ​ជា​ភូមិ​សាស្ត្រ​ដែល​មាន​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍ ​២០ កុម្ភៈ ត្រូវមាន​ការ​អនុវត្ត​កាតព្វ​កិច្ច​នេះ។

ភូមិ​សាស្ត្រ​ខេត្ត​ទាំង ​១៥​ នោះ ​រួមមាន ខេត្តពោ​ធិ៍​សាត់ បាត់ដំបង មណ្ឌល​គិរី រតនគិរី ក្រចេះ ​ស្ទឹង​ត្រែង កំពត កែប ​កំពង់ធំ ព្រះវិហារ ​ប៉ៃលិន កោះកុង កំពង់​ឆ្នាំង​ ត្បូង​ឃ្មុំ និង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ។

​គួរ​បញ្ជា​ក់ថា ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២២ ​ខែមីនា បាន​ចេញ​នូវ​ប្រកាស​មួយស្តីពី​កាតព្វ​កិច្ច​ពាក់​ម៉ាស់និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិ​ភាព​ក្នុង​អំឡុង​ពេល​នៃ​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ ១៩ ក្នុង​សហ​គមន៍​ ដែល​តម្រូវឱ្យ​មាន​ការ​អនុវត្ត​នូវ​កាតព្វ​កិច្ច​ឱ្យបាន​ត្រឹម​ត្រូវ​៕