កំពង់ឆ្នាំង បុរសដែលប្រើកាំភ្លើងកែច្នៃប៉ុនប៉ងបាញ់គូទំនាស់ម្នាក់ ដែលកំពុងដេក កាលពីថ្ងៃទី ១៣ សីហា នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្ត។

លោក ប៉ុល វុទ្ធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រាប់នៅថ្ងៃទី ១៦ សីហា ថា បុរសឈ្មោះផាន់ ផេង អាយុ ៤២ ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត កាលពីថ្ងៃទី ១៥ សីហា។

លោកបញ្ជាក់ខ្លីថា៖ «ឃុំខ្លួននេះបន្ទាប់ពីតំណាងអយ្យការចោទពីបទប្រើប្រាស់អាវុធខុសច្បាប់»។

ចំណែក លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យឱ្យដឹងនៅរសៀលថ្ងៃទី ១៦ សីហាថា រវាងជនរងគ្រោះឈ្មោះ ញាញ់ វី មានមុខរបរជាអ្នកសារព័ត៌មានអនឡាញរស់នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកថ្លែងថា៖ «រឿងនេះជាករណីគំនុំទាស់ពាក្យសម្តីគ្នា។ តែបុរសនោះមិនត្រូវរបួសអីទេ»។

លោកប្រាប់តាមសម្តីជនរងគ្រោះថាកាលពីប៉ុន្មានថ្ងៃ មុនកើតហេត បុរសឈ្មោះ ញាញ់ វី បានទៅស្រែដើម្បីដាក់ទ្រូយកត្រី។ ពេលនោះបានទាស់សម្តីជាមួយជនសង្ស័យឈ្មោះ ផាន់ ផេង។ លុះរំលងបានប៉ុន្មានថ្ងៃស្រាប់តែជនសង្ស័យ ឈ្មោះ ផាន់ ផេង និងបក្ខពួកប្រដាប់ដោយដាវសាំមូរ៉ៃ កាំភ្លើងកែច្នៃ និងដែកឆាបបានទៅជេរ ឈ្មោះ ញាញ់ វី ម្តងទៀត។

លោកបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី ១៣ សីហា គឺជនសង្ស័យបានចូលក្នុងបរិវេណផ្ទះរបស់ជនរងគ្រោះដោយមានដែកឆាបចុងស្រួច ១ ដាវសាមូរ៉ៃ ១ ដើម និងកាំភ្លើងច្នៃ ១ ដើម បម្រុងធ្វើសកម្មភាពលើជនរងគ្រោះកំពុងដេកលក់ក្នុងផ្ទះ។ តែក៏ត្រូវបានបងប្អូនរបស់ជនរងគ្រោះឃើញទាន់ក៏ឃាត់និងរាយការណ៍ទៅមេភូមិ និងប្រជាការពារចុះអន្តរាគមន៍ទាន់ពេល។

បន្ទាប់មកនៅថ្ងៃទី ១៤ សីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានឡើង។ ភ្លាមៗក្រោយទទួលបណ្តឹងប៉ុន្មាននាទី សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យតែម្តង។ បើតាមលោកអធិការចិន្តា ប្រាប់តាមសម្តីជនរងគ្រោះថា គាត់ធ្លាប់មានទំនាស់ ជាមួយជនសង្ស័យរឿងដាក់ទ្រូ និងទំនាស់ផ្លូវចេញចូលទៅផ្ទះរបស់គាត់៕