កំពង់ឆ្នាំងៈ ក្មេងប្រុស-ស្រី ២ នាក់​បងប្អូន​ បាន​ឆេះ​ស្លាប់ស្ទើរ​ក្លាយជា​ដុំ​ធ្យូង ក្នុង​គ្រោះ​អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ​ កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ នៅ​ចំណុច​ភូមិសាស្ត្រ​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មានជ័យ។ សមត្ថ​កិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា គ្រោះ​អគ្គិភ័យ​នេះ​កើត​ឡើង​ដោយ​សារ​ផ្ទុះ​សេខ្សែភ្លើង​។

លោក វន ស៊ីផា អភិបាលស្រុក សាមគ្គី​មានជ័យ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កុមារា​ឈ្មោះ នឿន ចិ​ត្រា អាយុ ១០ ឆ្នាំ​ និង​ប្អូនស្រី​របស់គាត់ ឈ្មោះ នឿន ចន្ថា អាយុ ៧ ឆ្នាំ​ បាន​ឆេះ​ស្លាប់​ក្រោម​គំនរ​ភ្នក់ភ្លើង ស្ទើរ​ក្លាយជា​ដុំ​ធ្យូង បន្ទាប់ពី​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ នៅ​​ព្រឹក​ថ្ងៃទី ១៦ ខែសីហា​។

លោក​ថ្លែងថា៖ «តាម​ការបញ្ជាក់​ពី​អ្នកភូមិ កុមារា-កុមារី ទាំង ២ នាក់​បងប្អូន​នោះ នៅផ្ទះ​ជាមួយ​យាយតារបស់​ពួកគេ ព្រោះ​ម្ដាយ​ឪ​ពុក​របស់​ពួកគេ​ ទៅធ្វើ​ការ​នៅ​រោងចក្រ។ លុះដល់​វេលា​ម៉ោង ៩ ព្រឹក​ យាយ​តា​របស់​ពួកគេ បាន​ចេញទៅ​ផ្សារ​ ដើម្បី​ទិញ​ម្ហូបអាហារ ដោយបាន​ចាក់សោរ​ផ្ទះ ដោយ​ពួកគេ​នៅក្នុង​ផ្ទះ​នោះ​តែ ២ នាក់។ មួយសន្ទុះ​ក្រោយមក​ក៏មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​កើតឡើង បណ្ដាល​ឲ្យ​ពួកគេ​ស្លាប់​តែម្ដង»។

ជុំវិញ​ករណីនេះ លោក ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា តាមរយៈ​ការពិនិត្យ​អង្កេត​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ​ មិនបាន​រកឃើញ​វត្ថុតាង​អ្វី ដែល​គួរ​ឲ្យ​សង្ស័យថា ​ជា​អំពើ​ឃាតកម្ម​នោះទេ។

តែ​តាមរយៈ​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុបាន​និយាយថា មុនពេល​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ គេ​បានឮ​​សំឡេង​​ផ្ទុះ​សេ​ខ្សែភ្លើង និង​អណ្ដាតភ្លើង ចេញពីផ្ទះ​កើតហេតុ។

លោក​បាន​បញ្ជាក់ថា៖ «តាម​ការពិនិត្យ​អង្កេត និង ការបំភ្លឺ​របស់​សាក្សី​នៅ​កន្លែងកើតហេតុ ករណី​គ្រោះ​អគ្គិភ័យ​នេះ បង្កឡើង​ដោយ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី»។

លោក​បាន​បន្ថែមថា៖ «កុមារ​រងគ្រោះ​ទាំង២នាក់​បងប្អូន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ​យើង​រកឃើញ​នៅក្រោម​គំនរ ភួយ មុង ក្នុង​បន្ទប់ដេក​របស់​ពួក​គេ​។ យ៉ាងណាក៏ដោយ​ករណីនេះ សមត្ថកិច្ច​យើង​នឹង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត»។

លោក​បាន​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​គ្រោះ​អគ្គិភ័យ​នោះ អ្នកភូមិ​បាននាំគ្នា​ជួយ​អន្តរាគមន៍​ យក​ទឹក​មក​ពន្លត់​ផងដែរ មុនពេល​ក្រុម​មន្ត្រីនគរបាល​ជំនាញ​ពន្លត់​អគ្គិភ័យ​ទៅដល់។ ក្នុងការ​ពន្លត់​អគ្គិភ័យ​នោះ ក្រុម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ២ គ្រឿង និង​ប្រើប្រាស់​ទឹក​អស់ ១០ ម៉ែត្រគូប៕

វីដេអូ៖