
អ្នកល្មើសនឹងបម្រាមគោចរ ដែលត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួនធ្វើការអប់រំនិងពិន័យកាលពីយប់ថ្ងៃទី ១៤ សីហា។ រូបថត រដ្ឋបាលខណ្ឌសែនសុខ
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅថ្ងៃនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ ពិន័យចំនួន ២ ៥៤០ នាក់ បញ្ជូនទៅតុលាការ ៨ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីថ្ងៃទី ១៦ ខែសីហា។
យោងតាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់យានយន្តចំនួន ១ ១៦៦ គ្រឿង ឃាត់ខ្លួនមនុស្សធ្វើការអប់រំពិន័យចំនួន ២ ៥៤០នាក់ បញ្ជូនទៅតុលាការ៨នាក់ នៅថ្ងៃទី ១៦ ខែសីហា ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១ ១៩៦ ករណី ទៅលើទីតាំងសរុបចំនួន ៨៥១ និងពិន័យជាប្រាក់បានចំនួន ១៤ ២០០ ០០០ រៀល៕