ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​ (MOLIT) ​នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​វិទ្យាស្ថាន​​កូរ៉េ​សំណង់​ស៊ីវិល និង​បច្ចេកវិទ្យា​សាងសង់​នៃ​ “​គម្រោង​នវានុវត្តន៍​ប្រព័ន្ធ​​សាងសង់ និង​គ្រប់គ្រង​ផ្លូវថ្នល់​ក្នុង​​ប្រទេស​កម្ពុជា​” ​បានផ្តល់​ជំនួយ​សម្រាប់​​សាងសង់​អគារ​មន្ទីរពិសោធន៍​ ១ ​ដល់​វិទ្យាស្ថាន​តេជោ​សែន​សាធារណការ​​ និង​ដឹកជញ្ជូន​ដើម្បី​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ពិសោធន៍​វត្ថុធាតុដើម​ផ្លូវ​ថ្នល់ និង​ជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​វិស្វករ និង​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​នេះ​ផងដែរ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​តេជោ​សែន​សាធារណការ​ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា អគារ​មន្ទីរពិសោធន៍​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​ ១៦ ខែ​​សីហា ឆ្នាំ​ ២០២១ ​ដែលមាន​ទំហំ​ ១៨ ​ម៉ែត្រ​x ២៥ ​ម៉ែត្រ កម្ពស់​ ២ ​ជាន់​។ ក្នុង​​នោះ រួមមាន​បន្ទប់ Asphalt Test Lab,​បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង​បន្ទប់​ការិយាល័យ​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៥៨ ​ម៉ឺន​ដុល្លារ​អាមេរិក និង​ប្រើពេល​ ៧ ​ខែ​សម្រាប់​សាងសង់​ដែល​គ្រោង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២២ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹង​​ថា វិទ្យាស្ថាន​នេះ​បានទទួល​ជំនួយ​ឥតសំណង​ពី​សាធារណរដ្ឋ​កូរ៉េ​នូវ​ “​គម្រោង​នវានុវត្តន៍​ប្រព័ន្ធ​សាងសង់ និង​គ្រប់គ្រង​ផ្លូវថ្នល់​ក្នុង​ប្រទេស​កម្ពុជា​” ​មាន​ទឹកប្រាក់​​សរុប​ប្រមាណ​ជាង​ ៣,២ ​លាន​ដុល្លារ​​អាមេរិក ឬ​ ៣ ៩២០ ​លានវ៉ុន​សម្រាប់​​រយៈពេល​ ៣ ​ឆ្នាំ​ (២០២០-២០២៣) ។

ជំនួយ​នេះ​ផ្តោតលើ​ឧបករណ៍​ពិសោធន៍​សម្រាប់​វាយតម្លៃ​គុណភាព​ផ្លូវថ្នល់​ដោយ​ផ្តល់នូវ​អគារ​មន្ទីរពិសោធន៍​បច្ចេកវិទ្យា​សំណង់​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ពិសោធ​គុណភាព​វត្ថុធាតុ​ដើមផ្លូវ​ថ្នល់​,​រថយន្ត​អង្កេត​ផ្លូវថ្នល់​ស្វ័យប្រវត្តិ​សម្រាប់​ប្រមូល​ទិន្នន័យ​គុណភាព​ផ្លូវថ្នល់​,​កម្មវិធី​គ្រប់គ្រង​ផ្លូវថ្នល់ និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។

រីឯ​គម្រោង​មាន​គោលដៅ​ចម្បង​​ក្នុង​ការបង្កើត​ប្រសិទ្ធភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​​តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្លូវថ្នល់ ការបណ្តុះបណ្តាល​អ្នកជំនាញ​ជាន់ខ្ពស់ ការផ្តល់​សម្ភារ​បច្ចេកទេស និង​អគារ​មន្ទីរពិសោធន៍​បច្ចេកវិទ្យា​សំណង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ការសង់​អគារ​មន្ទីរពិសោធន៍​នេះ​នឹង​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ពិសោធ​វត្ថុធាតុដើម​ផ្លូវថ្នល់​ផង​ និង​ជួយ​ដល់​ការបណ្តុះបណ្តាល​ធនធាន​វិស្វករ និង​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​របស់​វិទ្យាស្ថាន​នេះ​ផង ខណៈ​​បច្ចុប្បន្ន​មាន​និស្សិត​ជំនាន់​ទី​១ ចំនួន​ ១៩១ ​នាក់ បាននិង​កំពុង​សិក្សា​​លើ​ជំនាញ​មួយចំនួន​ក្នុងនោះ​មាន​​ជំនាញ​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ស្ពាន ផ្លូវដែក កំពង់ផែ ប្រព័ន្ធ​ចម្រោះ​ទឹកកខ្វក់ សេដ្ឋកិច្ច គ្រប់គ្រង​ការដឹកជញ្ជូន​ផ្លូវគោក គ្រប់គ្រង​ភ័ស្តុភារកម្ម​ និង​នាវាចរណ៍ ជាដើម​។

លោក ហឿន សំនៀង នាយកវិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែមថា ការសង់​អគារ​មន្ទីរពិសោធន៍​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ពាក់ព័ន្ធ​នឹង​វិស័យនេះ​។

លោក​បាន​បន្តថា មន្ទីរពិសោធន៍​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការសិក្សា​ស្រាវជ្រាវ ចងក្រង​វត្ថុធាតុដើម​នៅ​ទូទាំង​ប្រទេស រួមមាន ទាំង​ថ្ម ទាំង​ខ្សាច់ និង​ទាំង​ក្រួស ដែល​ទាក់ទង​នឹង​​វិស័យ​សំណង់​ផ្លូវថ្នល់ ។

លោក​ថា​៖ «​យើង​អាច​និយាយបានថា ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​លើ​វត្ថុធាតុដើម​ពាក់ព័ន្ធ​នឹង​ការសាងសង់​ផ្លូវ​វា​យ៉ាងម៉េច​?

យើង​ត្រូវយក​វត្ថុធាតុដើម​មកពីណា​មាន​គុណភាព​យ៉ាងម៉េច ក្រួស​នៅ​កន្លែង​ណា ថ្ម​នៅទីណា នេះ​ជា​គោលដៅ​​ធំ និង​គោលដៅ​ធំ​មួយទៀត​របស់​យើង​​គឺជា​កន្លែង​ឱ្យ​សិស្ស​និស្សិត​របស់​យើង​​បាន​ស្រាវជ្រាវ និង​ពិសោធ​ផ្ទាល់ »​។

យ៉ាងណាក្តី លោក​បញ្ជាក់បន្ថែម​​ថា ការពិសោធ​ក្នុង​មន្ទីរពិសោធន៍​នេះ​មិន​ដូច​ការពិសោធ​នៅ​សហគ្រាស​សាធារណៈ​ទេ គឺ​ការពិសោធ​ស្រាវជ្រាវ​វត្ថុធាតុដើម​ក៏ដូចជា​ស្រាវជ្រាវ​ស្វែងរក​របកគំហើញ​ផ្សេងៗ​ទាក់ទង​វិស័យ​ផ្លូវថ្នល់​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​ការសាងសង់​មន្ទីរពិសោធន៍​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​បច្ចេកទេស និង​អ្នក​សាងសង់​ធ្វើឱ្យ​​មាន​គុណភាព​ខ្ពស់ ដើម្បី​ទុកជា​កន្លែង​សិក្សា​ស្រាវជ្រាវ និង​ពិសោធ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​៕