ភ្នំពេញៈ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា (WHO) លោកស្រី លី អៃឡែន សង្ឃឹមថា ការធ្វើសកម្មភាព និងទទួលខុសត្រូវរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ នឹងទទួលបានជោគជ័យ ខណៈដែលស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា កំពុងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការចូលរួមពីគ្រប់ភាគីក្នុងការតស៊ូរួមគ្នាទប់ស្កាត់អស់ពេលជាច្រើនខែកន្លងទៅនេះ។
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលជោគជ័យបំផុតក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាពលរដ្ឋ ដែលជាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ លោកស្រី លី អៃឡែន ថ្លែងដូចនេះនៅក្នុងពិធីប្រកាសបើកដំណើរការយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩» ដែលជាវិធានការបន្ថែមដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ១៦ ខែសីហា នាទីស្តីការក្រសួងសុខាភិបាល។
លោកស្រីមានប្រសាសន៍ថា៖ «ការរៀបចំយុទ្ធនាការថ្នាក់ជាតិនេះ គឺពិតជាពេលវេលាមួយដ៏ត្រឹមត្រូវជាពិសេសនៅក្នុងបរិបទពេលនេះ ដែលយើងត្រូវគិតឡើងវិញនូវការឆ្លងរីករាលដាលនៃមេរោគបំប្លែងថ្មីប្រភេទដែលតា ដែលវីរុសនេះមានការចម្លងក្នុងល្បឿនលឿន។ ដូចនេះហើយ ការងារ និងសកម្មភាពរបស់យើងដែលដាក់ចេញនេះក៏ត្រូវតែមានល្បឿនលឿនផងដែរ ដើម្បីប្រឆាំងទប់ទល់នឹងការរីករាលដាលនេះ»។
លោកស្រីបន្ថែមថា សកម្មភាពធំៗ ២ ដែលត្រូវដាក់ចេញគឺការចូលរួមទទួលខុសត្រូវពេញលេញក្នុងការអនុវត្តទៅលើវិធានការអន្តរាគមន៍ដែលមិនមែនជាឱសថ និងការបង្កើនល្បឿនទៅនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេស។
លោកស្រី លី អៃឡែន បញ្ជាក់ថា៖ «បើយើងធ្វើការងារនេះរួមគ្នាហៅថាសមូហភាព នោះយើងនឹងមានឱកាសនៃការទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ ប៉ុន្តែប្រសិនបើយើងមិនធ្វើការងាររួមគ្នា ដោយស្រុះស្រួលគ្នាដោយសាមគ្គីភាពគ្នានោះទេ មេរោគនេះប្រាកដជាធ្វើដំណើរលឿនជាងយើងហើយវាអាចយកជ័យជម្នះមកលើយើងបាន»។
ទោះយ៉ាងណាលោកស្រីសង្ឃឹមយ៉ាងមុតមាំថា៖ «អ្វីដែលយើងធ្វើនៅថ្ងៃនេះនឹងមានប្រសិទ្ធភាពក្នុងការដាក់ចេញរួមគ្នាធ្វើរួមគ្នា និងទទួលខុសត្រូវរួមគ្នា ក្នុងការធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទទួលបានជោគជ័យ ហើយសកម្មភាពរបស់យើងនៅថ្ងៃនេះ នឹងកំណត់នូវភាពជោគជ័យនៅថ្ងៃស្អែក»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ក៏បានលើកឡើងនាពេលនោះផងដែរថា ការអនុវត្តនូវវិធានការសុខាភិបាល ត្រូវតែខិតខំធ្វើឱ្យបានគ្រប់ៗគ្នាស្របតាមប្រធានបទនៃយុទ្ធនាការជាតិនេះ។
លោកស្រីថា៖ «ប្រសិនបើយើងអនុវត្តបាននូវវិធានការសុខាភិបាល ឬវិធានការរដ្ឋបាល យើងទាំងអស់គ្នានឹងចៀសផុតនូវការប្រឈមនឹងវិធានការច្បាប់ ហើយការដាក់ចេញនូវវិធានការច្បាប់គឺជាយន្តការមួយក្នុងការជំរុញ ក្រើនរំឭក និងដាស់តឿនឱ្យបុគ្គលយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តវិធានសុខាភិបាល និងវិធានការរដ្ឋបាលរបស់យើង»។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា បុគ្គលិកទាំងអស់ត្រូវតែមានការទទួលខុសត្រូវដោយមិនត្រូវប្រកាន់ថា វាជាការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាលទេតែទាមទារឱ្យមានការចូលរួមបែបអន្តរវិស័យ ដោយមានការចូលរួមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍។ លោកស្រីថា៖ «នៅពេលដែលយើងរួមគ្នា ក្នុងរយៈពេល ១ ឬ ២ ខែខាងមុខនេះ យើងនឹងសង្ឃឹមថា ការរីករាលដាលនៃវីរុសកូវីដ ១៩ នឹងមានការធ្លាក់ចុះ»។
ទន្ទឹមនឹងនេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ផងដែរថា វិធានការច្បាប់ត្រូវតែអនុវត្តរហូត មិនមែនអនុវត្តតែក្នុងយុទ្ធនាការនោះទេ ហើយវិធានការនេះ គឺអនុវត្តទៅលើក្រុមអ្នកប្រហែស និងព្រហើននឹងច្បាប់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «យុទ្ធសាស្ត្រនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា យើងប្រកាន់យកនូវវិធានការចំនួន ៤ គឺវិធានការសុខាភិបាល វិធានការច្បាប់ វិធានការអប់រំ និងវិធានការរដ្ឋបាល ដែលទាំងនេះហើយដែលរដ្ឋាភិបាលប្រកាន់យក»។
លោក គឹម សន្តិភាពបន្ថែមថា នៅពេលដែលមានវិធានការច្បាប់ហើយ គឺត្រូវតែអនុវត្តហើយ មិនមែនមានន័យថាការអនុវត្តច្បាប់ធ្វើឡើងតែនៅក្នុងពេលដែលធ្វើយុទ្ធនាការទេ។
ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងនៅក្នុងពិធីប្រកាសបើកដំណើរការយុទ្ធនាការជាតិនេះថា អស់រយៈពេលជិត ២ ឆ្នាំហើយ ដែលគ្រប់គ្នារួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយមកដល់ពេលនេះ អង្គការសុខភាពពិភពលោកទទួលស្គាល់ថា ការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដអាចនៅវែងឆ្ងាយទៀត ជាមួយនឹងការចម្លងពីបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។
លោកមានប្រសាសន៍ថា៖ «ការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ និងចេះទទួលខុសត្រូវក្នុងការការពារខ្លួនឯង គ្រួសារ និងសហគមន៍ពិតជាមានសារៈសំខាន់ណាស់ ហើយយើងបានធ្វើការងារនេះកន្លងមកហើយ ដែលធ្វើឱ្យយើងអាចទប់ស្កាត់បាននូវការចម្លងចូលក្នុងសហគមន៍នាពេលកន្លងមក»។
លោក ម៉ម ប៊ុនហេង ក៏បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវយុទ្ធនាការអប់រំផ្សព្វផ្សាយនេះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយ។
អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩» ក្នុងគោលបំណង ដើម្បីក្រើនរំឭក ពញ្ញាក់ស្មារតី និងការបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ព្រមទាំងពលរដ្ឋ ស្ថាប័នក្រសួងពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នាអនុវត្តវិធានការចាំបាច់នានា ដែលបានដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕