The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ឃួង ស្រេង ​សម្រេច​បិទខ្ទប់​ទីតាំង​ ២ ​បន្ទាប់ពី​រកឃើញ​មាន​អ្នក​ឆ្លង​កូវីដ​បំប្លែង​ថ្មី




លោក​ ឃួង ស្រេង ​សម្រេច​បិទខ្ទប់​ទីតាំង​ ២ ​បន្ទាប់ពី​រកឃើញ​មាន​អ្នក​ឆ្លង​កូវីដ​បំប្លែង​ថ្មី

Content image - Phnom Penh Post
​ផ្លូវ​បេតុង ទល់មុខ​ខ្លោងទ្វារវត្ត​កៀនស្វាយ ត្រូវបាន​បិទខ្ទប់​ បន្ទាប់ពី​រកឃើញ​មាន​អ្នក​ឆ្លង​កូវីដ​បំប្លែង​ថ្មី។ រូបថត ហ្វេសប៊ុក

លោក​ ឃួង ស្រេង ​សម្រេច​បិទខ្ទប់​ទីតាំង​ ២ ​បន្ទាប់ពី​រកឃើញ​មាន​អ្នក​ឆ្លង​កូវីដ​បំប្លែង​ថ្មី

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទខ្ទប់​ទីតាំង​ចំនួន​ ២ ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​រកឃើញ​មាន​ការឆ្លង មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ខណៈ​ដែល​ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​ជាង​ ៥០០ ​នាក់​ក្នុង​រាជធានី-ខេត្ត​ចំនួន​ ២២​។

លោក​​ ឃួង ស្រេង ​បានសម្រេច​បិទខ្ទប់​កំណាត់​ផ្លូវ​បេតុង ទល់មុខ​ខ្លោងទ្វារវត្ត​កៀនស្វាយ ដែល​ស្ថិតនៅ​ភូមិ​យក​បាត្រ និង​ភូមិ​យក​បាត្រ​ ១ ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ដែលមាន​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​។

លោក​ឱ្យដឹងថា​៖ «​ការបិទខ្ទប់​ភូមិ​យក​បាត្រ និង​ភូមិ​យក​បាត្រ​ ១ ក្នុង​សង្កាត់​ក្បាលកោះ​នេះ​ត្រូវធ្វើ​រយៈពេល​ ១៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២៨ ខែសីហា​ ដើម្បី​ទប់ស្កាត់​ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ បំប្លែង​ថ្មី ប្រភេទ​ដែលតា​ចូល​នៅក្នុង​សហគមន៍​»​។

ចំណែក​ការបិទច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z និង​ផ្លូវ​លេខ ៣៦២ ស្ថិត​ក្នុងភូមិ​ ៥ សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ក៏ដោយសារ​មាន​ការឆ្លង​រាលដាល​មេរោគ​បំប្លែង​ថ្មី​នេះដែរ​ដែល​ការបិទ​មិនឱ្យ​មានការ​ចេញចូល​នេះ​មាន​រយៈពេល​ ៧ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ២៣ សីហា​។

លោក​ ឃួង ស្រេង ​បន្ថែមថា៖ «​ត្រូវ​ហាមឃាត់​រាល់​ការចេញ-ចូល និង​រាល់​ការជួប​ជុំគ្នា​នៅ​ទីតាំង​ទាំងនេះ​លើកលែងតែ​ករណី​ចាំបាច់​ហើយ​ក្នុងអំឡុងពេល​បិទខ្ទប់​ការចេញ-ចូល​នេះដែរ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ ត្រូវបំពេញ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ឱ្យបាន​ត្រឹមត្រូវ​»​។

លោក​ព្រមាន​ថា បុគ្គល​ ឬ​នីតិបុគ្គល​ណា ដែល​មិន​អនុវត្តតាម​ការសម្រេច​នេះ​ទេ នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​តុលាការ ដើម្បី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ និង​ទោសពិន័យ​ជា​ប្រាក់ ស្របតាម​មាត្រា​ ១០ ​និង​ ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

លោក​ ឃី សុង ​ចៅសង្កាត់​ក្បាលកោះ​ក្នុង​ខណ្ឌ​ច្បារអំពៅ ថ្លែង​ពីថ្ងៃ​ទី​ ១៦ សីហា​ថា ការសម្រេច​បិទ​ការចេញចូល​នេះ ដោយសារ​ការរកឃើញ​អ្នក​កើត​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ដែលតា​ចំនួន​ ១៣ ​នាក់ និង​ ២ ​នាក់​ទៀត និង​កំពុង​បន្ត​តាមដាន​សុខភាព​។ «​មកដល់ពេលនេះ​មិនទាន់មាន​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​ទៀត​ទេ ហើយ​ស្ថានភាព​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​នីមួយៗ​មានការ​ស្ងប់ស្ងាត់​ល្អ​»​។ បើតាម​លោក សុង ការឆ្លង​នេះ​មិនទាន់​ដឹង​ពី​ប្រភព​នៃ​ការឆ្លង​នោះទេ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៦ ខែសីហា​ថា ទូទៅ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាននិងកំពុង​វាយលុក​ជាង​ ១៣០ ​ប្រទេស​លើ​សកលលោក​ក្នុងនោះ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ដែលមាន​លក្ខណៈ​ធូរស្បើយ​នាពេល​កន្លងមក តែ​ក៏​មានការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ ដោយសារតែ​ការធ្វើ​ចរាចរណ៍​យ៉ាង​ទូលំទូលាយ​នៃ​វីរុស​បំប្លែង​ថ្មី ដែលតា B.1. 617-2 (Delta)​។

ក្រសួង​បាន​បន្តថា វីរុស​បំប្លែង​ថ្មី​ដែលតា ឆ្លង​រាលដាល​ក្នុង​ល្បឿន​មួយ​លឿន​ជាង​វីរុស​កូវីដ ១៩ ​ប្រភេទ​ផ្សេងៗ​ទៀត ហើយក៏​ជា​ប្រភេទ​វីរុស​កូវីដ ដែល​សកលលោក​ទាំងមូល​ទទួល​ស្គាល់​ថា​ងាយ​ឆ្លង​បំផុត​នាពេល​បច្ចុប្បន្ននេះ គួបផ្សំ​ទៅនឹង​ការខ្វះចន្លោះ​នៃ​ការអនុវត្ត​វិធានការ​មិន​ប្រើ​ឱសថ​ (Non-Phar-maceutical Interventions (NPIs) ​ផងដែរ​។

ប្រភព​ដដែល​បញ្ជាក់ថា៖ «​ទោះបីជា​ប្រទេស​កម្ពុជា​យើង​មាន​សញ្ញា​នៃ​ការថយចុះ​នូវ​ការចម្លង និង​ការស្លាប់​នៅតាម​ខេត្ត​ខ្លះ​ក្តី ក៏​ហានិភ័យ​នៃ​ការកើនឡើង​នៃ​ករណី​ជំងឺ​កូវីដ-១៩ ដោយសារតែ​វីរុស​កូវីដ​ប្រភេទ​ដែលតា គឺមាន​ខ្ពស់​ណាស់​។ នេះ​មានន័យថា ជំងឺ​រាតត្បាត​កូវីដ-១៩ នៅ​ឆ្ងាយ​ពី​ទីបញ្ចប់​»​។

គិត​ចាប់ពី​ថ្ងៃទី​ ៣១ ខែមីនា ដល់​ថ្ងៃទី​ ១៣ ខែសីហា កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូវីដ​បំប្លែង​ថ្មី​ដែលតា លើ​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នកដំណើរ​មក​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍ សរុប​ទាំងអស់​ចំនួន ៤៩៤ ​នាក់ និង​បាន​ប៉ះពាល់​ដល់​បណ្តា ២២ រាជធានី-ខេត្ត​រួចទៅហើយ លើកលែងតែ​ខេត្ត​ចំនួន​ ៣ ប៉ុណ្ណោះ គឺ ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តក្រចេះ ដែល​នៅ​មិនទាន់មាន​របាយការណ៍​ពី​ករណី ដែលតា ​នេះ​នៅឡើយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍