The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​អតីត CNRP ២ ​នាក់​ទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​បក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ ៥ ​ចង់ឱ្យ​មាន​ការរួបរួម




មន្ត្រី​អតីត CNRP ២ ​នាក់​ទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​បក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ ៥ ​ចង់ឱ្យ​មាន​ការរួបរួម

Content image - Phnom Penh Post
មន្ត្រី​អតីត CNRP ២ ​នាក់​ ដែលទើប​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយឡើងវិញ​។ រូបថត សហការី

មន្ត្រី​អតីត CNRP ២ ​នាក់​ទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​បក្ស​ទើប​បង្កើត​ថ្មី​ចំនួន​ ៥ ​ចង់ឱ្យ​មាន​ការរួបរួម

ភ្នំពេញៈ ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ឡាយព្រះហស្តលេខា ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា នយោបាយ​ឡើងវិញ ដល់​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២ ​រូប​បន្ថែមទៀត ខណៈ​អតីត​សមាជិក​គណបក្ស​នេះ​ដែល​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​បាន​ទៅ​បង្កើត​គណបក្ស​​នយោបាយ​ចំនួន​ ៥ ​រួច អំពាវនាវ​ឱ្យ​មានការ​រួបរួមគ្នា​ជា​បក្ស​តែមួយ​។

យោងតាម​ព្រះរាជក្រឹត្យ​ចំនួន​ ២ កាល​ថ្ងៃទី​ ១៤ ខែសីហា ឆ្នាំ​ ២០២១ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ឱ្យ លោក ឃឹម ឡាគី អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​លោក ម៉ៅ សុផល អតីត​ប្រធាន​ប្រតិបត្តិ គណបក្ស​សង្គ្រោះជាតិ​ខេត្តតាកែវ​។ មន្ត្រីជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ២ រូបនេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥ ​ឆ្នាំ តាម​អំណាច​សាលដីកា ចុះ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៧ របស់​តុលាការ​កំពូល​។ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង មន្ត្រីជាន់ខ្ពស់​ទាំង ២ ​រូបនេះ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​។

ទោះជា​យ៉ាងណា​លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​នៃ​គណបក្ស​កែទម្រង់​កម្ពុជា ដែល​ក៏​ជា​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ដែរនោះ ថ្លែង​នៅ​ថ្ងៃទី​ ១៥ ខែសីហា ថា លោក​បាន​មើលឃើញ​មុន​រួចហើយ​ថា នឹងមាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ច្រើន​ទៀត បន្ត​ស្នើសុំ​និតិសម្បទា​នយោបាយ​ឡើងវិញ ព្រោះ​គ្មាន​យន្តការ​ណា​ផ្សេង​ក្រៅពីនេះ​នោះទេ​។

លោក​ថ្លែងថា​៖ «​អ្នកនយោបាយ​ទាល់តែ​យើង​យល់​ពី​ស្ថានភាព​អន្តរជាតិ​ហ្នឹង​ច្បាស់ និង​ពី​កម្លាំង​ផ្ទៃក្នុង​របស់​ប្រទេស​ឱ្យ​ច្បាស់ វា​មាន​ចរន្ត​របៀប​ម៉េច​។ ខ្ញុំ​បាន​ប្រាប់​គាត់​រួចហើយ វា​អត់​មានលទ្ធភាព​អី​ទេ បន្ទាប់ពី EBA គេ​ផ្តាច់​ហើយ និង​យន្តការ​អន្តរជាតិ​មិន​អាចមក​ដាក់​សម្ពាធ​បានទេ​»​។

លោក ច័ន្ធរ័ត្ន បាន​សន្និដ្ឋានថា មន្ត្រី​អតីត​ CNRP ទាំង​ ២ ​រូប​ដែល​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ អាច​នឹងចូលរួម​អាជីព​នយោបាយ​ជាមួយ​នឹង​គណបក្ស​បេះដូង​ជាតិ ដែល​ដឹកនាំ​ដោយ លោក សៀម ភ្លុក ព្រោះ​ពួកគាត់​យល់ថា គណបក្ស​នេះ ត្រូវបាន​គេ​សង្ស័យថា លោក សម រង្ស៊ី នៅ​ពីក្រោយ​។

លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​បាន​ថ្លែងថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ពី​ការចង់​ចូលរួម​របស់​អ្នក​ទាំង​ ២ ជាមួយនឹង​លោក​នោះទេ ខណៈ​លោក​កំពុងតែ​មមាញឹក​ក្នុង​ការរៀបចំ​ឯកសារ​បន្ថែម ដាក់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ​។ ទោះជា​យ៉ាងណា​លោក​ស្វាគមន៍​រាល់​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចង់​ចូលរួម​ជាមួយ​គណបក្ស​បេះដូង​ជាតិ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​យល់ឃើញថា នេះ​ជា​ពេលវេលា​ដ៏សមរម្យ​មួយ​សម្រាប់​មន្ត្រីជាន់ខ្ពស់​នៃ​អតីតបក្ស​សង្គ្រោះជាតិ​ស្នើសុំ​និតិសម្បទា​នយោបាយ​ឡើងវិញ ដើម្បី​ចូលរួម​បោះឆ្នោត​នាពេល​ដ៏ខ្លី​ខាងមុខ​។

គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ​ ២០២១ ​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៦ ​នាក់​ហើយ ដែល​ត្រូវបាន​ព្រះមហាក្សត្រ ផ្តល់​និតិសម្បទា​នយោបាយ​ឡើងវិញ​តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ពាក់ព័ន្ធ​នឹង​រឿង​គណបក្សនយោបាយ​នេះដែរ គណបក្ស​ខ្មែរ​តែមួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​លោក កែម រិទ្ធីសិត ប្អូនប្រុស​សព​លោក កែម ឡី នៅ​ថ្ងៃទី​ ១៦ សីហា​បានចេញ​ប្រកាស​ព័ត៌មាន​មួយ​ភ្លាមៗ ក្រោយពី​មានការ​អំពាវនាវ​របស់​អតីត​តំណាងរាស្ត្រ CNRP ដែល​បាន​បង្កើត​គណបក្ស​ថ្មី មានបំណង​ចង់​រួបរួម​ «​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ឡើងវិញ​» ថា​ជា​អន្ទាក់​ថ្មី បន្ត​អាជីវកម្ម​នយោបាយ​លើ​សន្លឹកឆ្នោត​របស់​ម្ចាស់ឆ្នោត​នៅ​រដូវកាល​ឆ្នាំ​ ២០២២-២០២៣​។

សេចក្តីប្រកាស​នេះ​បន្តថា សមាជិក​គណបក្ស​ខ្មែរ​តែមួយ ជា​អតីត​អ្នកបោះឆ្នោត​ឱ្យ​អតីត CNRP ឆ្នាំ​ ២០១៣ ដោយ​យល់ឃើញថា​ «​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ជា​មនុស្ស​ស្អាតស្អំ គ្មាន​បក្ខពួកនិយម​ក្នុង​បក្ស​»​។

តាមពិតទៅ «​លោក សម រង្ស៊ី ជា​ថៅកែ​ម៉ៅការ​ផ្តាច់មុខ ខាង​អាជីវកម្ម​នយោបាយ​កម្ពុជា និង​លោក កឹម សុខា ជា​ប្រធាន​ក្រុម​ម៉ៅការ​នយោបាយ​បន្ត ក្រោមរូបភាព​ពាក្យស្លោក​ផ្លែ​ល្វា​ “​លោក សម រង្ស៊ី-លោក កឹម សុខា ជា​មនុស្ស​តែមួយ​” ​ដើម្បី​តែ​ផលប្រយោជន៍​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ ទោះបី​កូនចៅ​របស់ខ្លួន បាន​ទៅ​បង្កើត​បក្ស​ថ្មី​ក៏ដោយ ក៏​លោក សម រង្ស៊ី និង​លោក កឹម សុខា “​នៅតែ​មិន​ហ៊ាន​ប្រកាស​បែក​គា្ន​ទេ​”»​។

យោងតាម​ការអំពាវនាវ​របស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​បក្ស​កែទម្រង់​កម្ពុជា ក្នុង​គោលបំណង​ប្រមូល​ខ្មែរ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ដែលជា​អតីត​តំណាងរាស្ត្រ CNRP បាន​ចេញទៅ​បង្កើត​បក្ស​ថ្មី​ចំនួន​ ៥ ​បក្ស (​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បក្ស​កែទម្រង់​កម្ពុជា បក្ស​កម្ពុជា​និយម បក្ស​បេះដូង​ជាតិ និង​បក្ស​ខ្មែរ​អភិរក្ស​) បានបង្ហាញ​ពី​បំណង​ចង់​រួបរួមគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មី​តែមួយ​ឡើងវិញ ឱ្យបាន​មុន​ឆ្នាំ​ ២០២២-២០២៣ ខាងមុខ​។

ប៉ុន្តែ​គណបក្ស​ខ្មែរ​តែមួយ​ចំអក​ថា​៖ «​បើសិន​អតីត​តំណាងរាស្ត្រ CNRP បាន​ចេញទៅ​បង្កើត​បក្ស​ថ្មី​ចំនួន​ ៥ ​បក្ស​ខាងលើ អាច​រួមគ្នា​ទៅ​បង្កើត​បក្ស​ថ្មី​មួយ​បាន​ពិតមែន គណបក្ស​ខ្មែរ​តែមួយ នឹង​បិទទ្វារ​ដើម្បី​បញ្ចប់​សកម្មភាព​នយោបាយ​របស់ខ្លួន​ភ្លាម​»៕

អត្ថបទគួរចាប់អារម្មណ៍