ភ្នំពេញៈ ក្នុង​ខែកក្កដា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប) បាន​រកឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព​មាន​សារធាតុគីមី​ហាមឃាត់​និង​ផុត​រយៈពេល​ប្រើប្រាស់​ទូទាំង​ប្រទេស​បាន​ជាង​ ៦ ​តោន​។

លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៦ ខែសីហា ថា បើ​គិត​ក្នុង​រយៈពេល ៧ ​ខែ នៃ​ឆ្នាំ​ ២០២១​នេះ​វិញ គឺ​អគ្គនាយកដ្ឋាន​បាន​ប្រមូល​ផលិតផល​ម្ហូបអាហារ ដែលមាន​ភាពមិន​អនុលោម​សរុប​ប្រមាណ​ជាង ៩ តោន ពី​តាម​បណ្តា​ទីផ្សារ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​នៅ​ទូទាំង​ប្រទេស​ដើម្បី​កម្ទេចចោល​។

លោក​បាន​បន្តថា​៖ «​កន្លងមក ទំនិញ​ដែល​រឹបអូស​បាន​ត្រូវបានធ្វើ​ពិធី​បំផ្លាញ​ចោល​នៅតាម​បណ្តា​សាខា ក.ប.ប រាជធានី ខេត្ត​ទៅតាម​ស្ថានភាព និង ពេលវេលា​ជាក់ស្តែង ដែល​កំណត់ដោយ​សាខា​នីមួយៗ​។ ក្នុង​ខែកក្កដា ឆ្នាំ​ ២០-២១ កន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប បាន​រកឃើញ និង​ដក​ដកហូត​ទំនិញ​ខូច​គុណភាព មាន​សារ​ធាតុគីមី​ហាមឃាត់ និង​ផុត​រយៈពេល​ប្រើប្រាស់​បាន​ប្រមាណ​ជាង​ ៦ ​តោន​»​។

បើតាម​លោក ផាន អូន ផ្អែកលើ​បរិមាណ​ទំនិញ​មិន​ប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​ពី​តាម​បណ្តា​ទីផ្សារ​នានា​រយៈពេល​កន្លងមក​អគ្គនាយកដ្ឋាន​សង្កេត​ឃើញថា ទំនិញ​ខូចគុណភាព​ទាំងអស់នេះ​នៅ​មិនទាន់មាន​ការថយចុះ​នៅឡើយ​នោះទេ​។ មូលហេតុ​សំខាន់​ដែល​ទំនិញ ពុំមាន​សុវត្ថិភាព​ទាំងនោះ​នៅតែ​បន្ត​មាន​វត្តមាន​ចរាចរណ៍​នៅលើ​ទីផ្សារ ដោយសារ​អាជីវករ​មួយចំនួន​តូច​នៅ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្ពស់ជាង​សុខភាព​របស់​អ្នកប្រើប្រាស់​។ ម្យ៉ាងទៀត​លោក មើលឃើញថា វិធានការ​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ អ្នកប្រើប្រាស់ ទើបត្រូវ​បានដាក់​ចេញ​ឱ្យ​អនុវត្ត​នៅ​ដើមខែ​កក្កដា ឆ្នាំ​ ២០២១ នេះ​តែប៉ុណ្ណោះ​។

ប៉ុន្តែ​យ៉ាងណា​សម្រាប់​ប្រជាពលរដ្ឋ​តាមរយៈ​សកម្មភាព​អប់រំ ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ ពិសេស​អំពី​របៀប​នៃ​ការជ្រើសរើស​ផលិតផល​ម្ហូបអាហារ ដែលមាន​សុវត្ថិភាព​មក​ប្រើប្រាស់ ដែល​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បានធ្វើ​នា​រយៈពេល​កន្លងមក គឺ​ឃើញ​មាន​ការយល់ដឹង​ច្រើន ពិសេស​អំពី​អនាម័យ​ និង​របៀប​នៃ​ការជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព​។

លោក​ថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត ពិសេស​វិធាន​ការពិន័យ​អន្តរការណ៍ ដែល​មន្ត្រី ក.ប.ប កំពុង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​កន្លងមកនេះ​អំពើ​ ឬ​សកម្មភាព​មិន​សុចរិត​ក្នុង​ធុរកិច្ច និង​ថយចុះ​ក្នុង​កម្រិត​ដែល​ទទួលយកបាន​»​។

កាលពី​ខែកក្កដា​កន្លងទៅ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​បាន​រកឃើញ​បទល្មើស​ចំនួន​ ៥៦ ករណី ហើយ​ភាគច្រើន​នៃ​បទល្មើស​ទាំងនោះ ជា​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​មិន​សុចរិត​ក្នុង​ការធ្វើ​អាជីវកម្ម​ប្រេង​ឥន្ធនៈ​ការធ្វើ​អាជីវកម្ម​ទំនិញ​ក្លែងបន្លំ​គុណភាព​ (​ដូចជា​) អាល់កុល ទំនិញ​ហួស​រយៈពេល​ប្រើប្រាស់ ទំនិញ​គ្មាន ឬ​មាន​ស្លាក​សញ្ញា​មិន​អនុលោម​។

សូមជម្រាបថា កាលពី​ថ្ងៃទី​ ១៣ សីហា មន្ត្រី​ជំនាញ​សាខា ក.ប.ប. ប្រចាំខេត្ត​ស្ទឹងត្រែង ក៏ដូចជា​ខេត្តបន្ទាយមានជ័យ បាន​បន្ត​ចុះ​ពិនិត្យ​តាម​បណ្ដា​ដេប៉ូ​ចែកចាយ​ទំនិញ និង​ផ្សារ ដែល​ស្ថិតនៅ​ទីប្រជុំជន​ក្នុង​ខេត្ត​ទាំង​ ២ ​នេះ ដោយបាន​រកឃើញ និង​ដកហូតយក​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ចំនួន ២៩៨, ៣៣ គីឡូក្រាម​។ ទំនិញ​ដែល​ត្រូវបាន​រកឃើញ​ភាគច្រើន​ជា​ទំនិញ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដែល​រួមមាន ទឹកសេរ៉ូ ទឹកត្រី ភេសជ្ជៈ​កំប៉ុង អំបិល​ទឹកដោះគោ ជាដើម​។

ក្រោយ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​ដកហូត​ទំនិញ​ទាំងនោះ​យកមក​រក្សាទុក​ដើម្បី​បំផ្លាញចោល​ និង​បាន​ពិន័យ​អន្តរការណ៍​ចំពោះ​ម្ចាស់​ទំនិញ​ទៅតាម​ប្រភេទ​បទល្មើស ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន ក.ប.ប៕