ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ ពិនិត្យ​ស្រាវជ្រាវ​លើ​អង្គហេតុ និង​អង្គច្បាប់ និង​ភ័ស្តុតាង​នៃ​បណ្តឹង​នានា​ទាក់ទង​នឹង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​ ៨៧ ​ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ចប់​ករណី​ទាំងនោះ តាម​នីតិវិធី​ច្បាប់​។

លោក អ៊ិត សំហេង បានស្នើ​បែបនេះ​ក្នុង​នាម​ជា​ប្រធាន​នៃ​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ក្នុង​ពេល​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​លើ​ការអនុវត្ត​អនុសញ្ញា​នេះ​ស្តីពី​សេរីភាព​នៃ​សមាគម និង​ការការពារ​សិទ្ធិ​នៃ​ការបង្កើត​សមាគម​ជាមួយ​តំណាង​មកពី​ក្រសួង​យុត្តិធម៌ និង​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​ ១៦ ​សីហា តាម​ប្រព័ន្ធ Zoom​។

បើតាម​លទ្ធផល​កិច្ចប្រជុំ​នេះ​ចេញ​ដោយ​ក្រសួង​ការងារ​នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​ក្រសួងយុត្តិធម៌ និង​ក្រសួងមហាផ្ទៃ​បាន​ផ្តល់នូវ​វឌ្ឍនភាព​នៃ​បណ្តឹង​នានា​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​អន្តរជាតិ​លេខ​ ៨៧ នាពេល​កន្លងមក​។

ក្រសួង​បញ្ជាក់ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​សុំឱ្យ​តំណាង​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​របាយការណ៍​បច្ចុប្បន្នភាព និង​ពិនិត្យ​ស្រាវជ្រាវ​លើ​អង្គហេតុ និង​អង្គច្បាប់​ប្រមូល​ព័ត៌មាន និង​ភ័ស្តុតាង​នៃ​ករណី​បណ្តឹង​នានា​នៃ​អនុសញ្ញា​អន្តរជាតិ​លេខ​ ៨៧ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ឯទៀត ដើម្បី​ដោះស្រាយ​បញ្ចប់​ករណី​ទាំងនោះ​តាម​នីតិវិធី​ច្បាប់​»​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជា លើកឡើង​ពី​ម្សិលមិញ​ថា ក្រោយពេល​ច្បាប់​សហជីព​បានអនុម័ត​មក ដំណើរការ​ក្នុង​ចលនា​សហជីព​ដែលជា​សិទ្ធិ​របស់​សហជីព​ដែលមាន​នៅក្នុង​ច្បាប់​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​ ៨៧ គឺ​ធ្វើឱ្យមាន​ភាពរាំងស្ទះ​មិនអាច​អនុវត្ដ​ទៅបាន​។

ច្បាប់​សហជីព​បាន​កាត់បន្ថយ​សិទ្ធិ​របស់​សហជីព​នៅក្នុង​ការចងក្រង​កាត់បន្ថយ​សិទ្ធិ​រវាង​សហជីព​មូលដ្ឋាន និង​សហព័ន្ធ​សហជីព ដោយ​មិនអាច​ឱ្យធ្វើជា​តំណាង​ក្នុង​ការចរចា​ទាមទារ​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​របស់​សមាជិក​ដែល​រងគ្រោះ​បាន​។ «​ពួកយើង​មិន​ចង់​ធ្វើ​កូដកម្ម បាតុកម្ម​អ្វី​ទេ ក៏ប៉ុន្ដែ​មាន​ក្រុមហ៊ុន និង​និយោជក​មួយចំនួន​នៅតែ​រំលោភច្បាប់​។ វិវាទ​ការងារ​មួយចំនួន ទោះបីជា​ចប់​នីតិវិធី​ហើយ​ក៏​ក្រុមហ៊ុន​និយោជក​មួយចំនួន​មិន​អនុវត្ដ​តាម​សេចក្ដី​បង្គាប់​ ឬ​សាលក្រម​របស់​តុលាការ​ដែរ​»​។

ប៉ុន្តែ​លោក អ៊ិត សំហេង បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​ពី​ម្សិលមិញ​ថា ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​ ៨៧ ត្រូវបាន​មើលឃើញថា​មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​តាមរយៈ​ការចូលរួម​ពី​អង្គការ​វិជ្ជាជីវៈ​និយោជក និង​កម្មករនិយោជិត​ដើម្បី​ធានា និង​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​បងប្អូន​កម្មករនិយោជិត​៕