កំពតៈ ជនសង្ស័យ​ប្រុស-ស្រី​ ៥ ​នាក់ ​ត្រូវបាន​នគរបាល​ខេត្ត​កំពត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ពី​ម្សិលមិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការដើរ​បោក និង​លួច​លុយ នៅតាម​ទូ​វីង​ផ្ញើ​លុយ ទូទាំង​ប្រទេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្រោយពី​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​ ១៤ សីហា​។

ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត លោក លក ញ៉ាវ ឱ្យដឹងពី​ម្សិលមិញ​ថា មុន​សមត្ថកិច្ច​របស់​លោក​ចាប់​ក្រុម​ជនសង្ស័យ​ទាំង​ ៥ ​នេះ​លោក​បានទទួល​ពាក្យបណ្តឹង​មួយចំនួន​ពី​ជនរងគ្រោះ​ដែលជា​ម្ចាស់​ទូ​ផ្ទេរ​លុយ​វីង​នៅ​ខេត្តកំពត​។

បន្ទាប់ពី​ពិនិត្យ​លើ​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ និង​ដោយ​ទទួលបញ្ជា​ពី​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត កម្លាំង​ជំនាញ​របស់​លោក​បានធ្វើការ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ទីតាំង​ទូវីង​របស់​ជនរងគ្រោះ​។

បើតាម​លោក​ស្នងការរង ក្រោយពី​បាន​ពិនិត្យ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​រួច​ក៏​កំណត់​បាន​អត្តសញ្ញាណ​របស់​ក្រុម​ជនសង្ស័យ​។ បន្ទាប់មក សមត្ថកិច្ច​របស់លោក​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​គរបាល​រាជធានី​ភ្នំពេញ​តាម​ចាប់​ក្រុម​ជនសង្ស័យ​តែម្តង​។

លោក​ថ្លែងថា​៖ «​ករណី​ក្រុមជនសង្ស័យ​សារភាព​ហើយ​។ ក្រុម​ជនល្មើស​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​»​។

លោក លក ញ៉ាវ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ ថា​ក្រុម​ជនសង្ស័យ​រួមមាន ទី​១- ​ឈ្មោះ ផាន់ រ័ត្ន ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ​រស់នៅ​ភូមិ​កណ្ដោល ឃុំ​ព្រះធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ទី​២- ​ឈ្មោះ​ តុង សំណាង ភេទ​ប្រុស​អាយុ​ ៣០ ​ឆ្នាំ រស់នៅ ភូមិ​រស្មីរំដោះ ឃុំ​សូយោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ទី​៣- ​ឈ្មោះ​ សេង សំអាត ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ​នៅ​ភូមិ​បាយ៉ាប ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ទី​៤- ​ឈ្មោះ​ ឈុំ ស្រី ភេទ​ស្រី អាយុ​ ៦០ ​ឆ្នាំ រស់នៅ ភូមិ​ថ្មីលើ ឃុំ​ព្រះធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ទី​៥- ​ឈ្មោះ​ ជេត ឃុន ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ រស់នៅ​ភូមិ​ថ្មីលើ ឃុំ​ព្រះធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។

លោក​បន្តថា ជាក់ស្តែង​កាលពី​ថ្ងៃទី​ ១៤ សីហា កម្លាំង​របស់លោក​បាន​ស្ទាក់ចាប់​ក្រុម​ជនសង្ស័យ​បាន​នៅ​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ខណៈ​កំពុង​ធ្វើ​ដំណើរ​។

លោក​ថា ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​មាន​បក្ខពួក​ ១១ ​នាក់ ហើយ​ដើរ​បោក និង​លួច​លុយ​តាម​ទូ​វីង​ជាច្រើន​ឆ្នាំ​មកហើយ​។ នៅ​ខេត្តកំពត​ពួកគេ​ធ្វើ​សកម្មភាព​បាន​ចំនួន​ ៥ ​លើក​នៅ​ខេត្តព្រៃវែង​បាន​ ១ ​លើក នៅ​ខេត្តកំពង់ចាម​បាន​ ២ ​លើក​។ ប៉ុន្តែ​ពួកគេ​មិន​ចាំ​ចំនួន​ទឹក​លុយ​ដែល​លួចបាន​នោះទេ​។ ជាទូទៅ ពួកគេ​ដើរ​លួច​តាម​ទូ​វីង​នៅ​ ២៥ ​ខេត្ត-រាជធានី​តែម្តង​។

លោក លក ញ៉ាវ ប្រាប់​តាម​សម្តី​ក្រុម​ជនសង្ស័យ​ថា ពេលធ្វើ​សកម្មភាព​ម្តងៗ​ពួកគេ​ជិះ​រថយន្ត​ដើរ​មើល​កន្លែង​ទូ​វីង​ណា​មាន​ម្ចាស់​ម្នាក់ឯង​។ ពេលនោះ​ពួកគេ​ឱ្យ​បក្ខពួក​ម្នាក់​ទិញ​កាត​ទូរស័ព្ទ និង​បញ្ឆោត​ឱ្យ​ម្ចាស់​វីង​ដើរ​យក​កាត​ទៅឱ្យ​ពួកគេ​នៅ​ខាងក្រៅ​ទូ​វីង​។ ពេល​ម្ចាស់​វីង​ដើរចេញ​ពី​ទូ គឺ​គ្នា​គេ​ចូលទៅ​លួច​លុយ​ក្នុង​ទូ​វីង និង​រត់ឡើង​រថយន្ត​តែម្តង​។

លោក​បន្ថែមថា ចំពោះ​វត្ថុតាង​ដកហូត​ពី​ក្រុម​ជនសង្ស័យ​មាន​រថយន្ត​កាមរីឆ្លាម​ចំនួន ២ ​គ្រឿង ដែលជា​មធ្យោបាយ​របស់​ជនសង្ស័យ​។ ពាក់ព័ន្ធ​នឹង​តុលាការ​ចោទប្រកាន់​លើ​ក្រុម​ជនសង្ស័យ​យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ជាច្រើន​លើក​ទាក់ទង​លោក ខា ដែនណា អ្នកនាំពាក្យ​តុលាការ​ខេត្តកំពត ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ឡើយ​៕

វីដេអូ៖