កំពង់ស្ពឺៈ ពលរដ្ឋ​ ១៣៧ ​គ្រួសារ នៅ​ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ទាមទារ​ឱ្យ​អាជ្ញាធរខេត្ត​ជួយ​​ពន្លឿន​ការបែងចែក​ដី​ចំនួន​ ៥៤ ​ហិកតា ​ក្នុងភូមិ​ឃុំ​នេះ បន្ទាប់ពី​មាន​អ្នកមាន​ប្រាក់​ និង​អ្នក​មាន​អំណាច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ លួច​ធ្វើ​ប្លង់​បំពាន​កម្មសិទ្ធិ​ដី​អាស្រ័យផល​របស់​ពួកគាត់​។

លោក ជា សាវឿន តំណាង​ពលរដ្ឋ​ចំនួន​ ១៣៧ ​គ្រួសារ​នៅ​ភូមិ​ដូនអាត់​បាន​និយាយ​ពី​ម្សិលមិញ​ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានសម្រេច​ឱ្យ​អភិបាលខេត្ត​កំពង់ស្ពឺ​បែងចែក​ដី​ ៥៤ ​ហិកតា​សម្រាប់​ពលរដ្ឋ​ ១៣៧ ​គ្រួសារ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ប៉ុន្តែ​មកទល់​ពេលនេះ​មិនទាន់​មាន​ការបែងចែក​ជូន​ពលរដ្ឋ​ទេ​។ ហេតុនេះ​ក្នុងនាម​លោក​ជា​តំណាង​ពលរដ្ឋ​ស្នើសុំឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការដោះស្រាយ​បញ្ហាដីធ្លី​នៅទីនេះ​បន្ទាន់​។

លោក សាវឿន បាន​បន្តថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​ឃុបឃិត​គ្នា​លក់​ដី​អាស្រ័យផល​របស់​ពលរដ្ឋ​​នៅ​ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង​ទៅឱ្យ​មន្ត្រី​មានអំណាច​ម្នាក់​ឈ្មោះ ប៉ាក់ ចាន់ផល នៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​បំពាន​យក​ដី​របស់​ពលរដ្ឋ​ និង​អ្នកមានអំណាច​ម្នាក់ទៀត​នៅ​ស្ថាប័ន​តុលាការ​។

លោក​ សាវឿន បញ្ជាក់ថា កាលពី​ថ្ងៃទី​ ១៥ ខែសីហា លោក​បាន​យក​ថ្ម​ដាក់​រាំងផ្លូវ និង​ទាមទារ​ឱ្យ​លោក ប៉ាក់ ចាន់ផល ចេញមក​សម្របសម្រួល​ជាមួយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​។ លោក​ថ្លែងថា​៖ «​គេ​មក​រក​រឿង​ខ្ញុំ​បិទផ្លូវ​ហ្នឹង គេ​សួរ​ខ្ញុំ​ថា ចង់​យ៉ាងម៉េច​ជាមួយ​គេ​។

ខ្ញុំ​ថា ខ្ញុំ​អត់​ចង់​ម៉េច​ទេ ខ្ញុំ​ចង់ឱ្យមាន​ដំណោះស្រាយ​ដីធ្លី​ហ្នឹង​ឱ្យបាន​ល្អ គេ​សួរ​ខ្ញុំ​ថា ឥឡូវ​បើក​ផ្លូវ​ឱ្យគេ​ ឬ​អត់​ទុក​ឱ្យគេ​ធ្វើ​វិញ​ឬ​យ៉ាងម៉េច​? ​ខ្ញុំ​ថា​ពលរដ្ឋ​អត់​មាន​​អី​ធ្វើ​យ៉ាងម៉េច​ទេ ហើយ​គេ​គំរាម​​ចង់យក​ខ្ញុំ​ដាក់គុក​ទៀត​» ។

លោក វ៉ី សំណាង អភិបាល​​ខេត្ត​កំពង់ស្ពឺ​ថ្លែង​ពី​ម្សិលមិញ​ថា​បញ្ហា​ដី​ដែល​ពលរដ្ឋ​មាន​ការស្នើសុំ​នេះ​គឺមាន​បញ្ហា​ស្មុគស្មាញ​​ខ្លាំង ព្រោះ​ជា​ដី​មានទំនាស់​។

លោក​ថា ក្រសួង​ដែនដី​ពិតជា​បាន​ផ្ញើលិខិត​ជូន​មក​គណៈអភិបាល​ខេត្ត ដើម្បី​សម្រេច​បែងចែក​ដី​ជូន​ពលរដ្ឋ​ពិតមែន ប៉ុន្តែ​លោក​នៅ​មិនទាន់​អាច​បែងចែក​​បាន ព្រោះ​កំពុង​ស្ថិត​នៅក្នុង​ការបន្ត​នីតិវិធី​។ ក៏ប៉ុន្តែ​លោក​មិនបាន​ទុក​ការងារ​ចោល​ឡើយ​ដោយ​លោក​កំពុង​រិះរក​វិធី​ដើម្បី​ដោះស្រាយ​ឱ្យបាន​លឿន​។

លោក​ថា​៖ «​ដី​ហ្នឹង​គឺជា​ដី​មាន​​ទំនាស់ អ៊ីចឹង​មានអី​ទៅ​ដោះស្រាយ​បាន​ស្រួល​។ យើង​មិន​អាចធ្វើ​អី​រំលង​ច្បាប់​បានទេ​រឿង​ហ្នឹង ហើយ​ការដែល​ពលរដ្ឋ​​គាត់​ទាមទារ​ឱ្យ​លឿន​អាហ្នឹង​យើង​​មិនដឹង​ធ្វើ​យ៉ាងម៉េច​ឱ្យ​លឿន​ទេ ប្រសិនបើ​ពន្លឿន​បាន​ស្រួល​នោះ​​យើង​ធ្វើឱ្យ​គាត់​ហើយ​» ។

លោក​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​លើកឡើងថា បញ្ហាដីធ្លី​ខ្លះ​ដោះស្រាយ​បាន​ទាន់ពេល​​ ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​មិន​ងាយ​នោះទេ ព្រោះ​មាន​បញ្ហា​ពាក់ព័ន្ធ​​ច្រើន​។ រឿង​បញ្ហាដីធ្លី​ខ្លះ​ត្រូវការ​ពេលវេលា​ស៊ើបអង្កេត​យូរអង្វែង ។

លោក​បាន​បញ្ជាក់ថា​៖ «​រឿង​វា​ស្មុគស្មាញ​ណាស់ វា​មិនមែន​​ជា​រឿង​ដូច​យើង​មើល​ពី​ចម្ងាយ ដែល​មិនមែន​ជា​អ្នក​កាន់​រឿង​ចេះតែ​ថា គ្រាន់តែ​ចៅហ្វាយខេត្ត​ស៊ីញ៉េ​ទៅបាន​នោះទេ ស៊ីញ៉េ​​ទៅ​វា​អត់​បាន បើ​ស៊ីញ៉េ​បាន​ហើយ​ចប់​រឿង​ហ្នឹង យើង​ទៅ​ទុក​ធ្វើ​ស្អី​»​។

លោក កេត សុខុម មេឃុំ​ស្គុះ ថ្លែង​ពី​ម្សិលមិញ​ថា អាជ្ញាធរ​ឃុំ​មិនបាន​លក់​ដី​របស់​ពលរដ្ឋ​នោះទេ​។ ដី​នោះ​ពលរដ្ឋ​បាន​លក់ដូរ​ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ​ ២០១០ មក​ម្ល៉េះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពលរដ្ឋ គាត់​លក់​ត្រង់នេះ​បន្តិច​ត្រង់នោះ​បន្តិច អ៊ីចឹងទៅ​។ ​ដល់​ក្រោយមក​អ្នកទិញ​គាត់​បង្រួម​ក្បាលដី គេ​ធ្វើ​ប្លង់​ធ្វើ​អី​បាន​តាំងពី​ឆ្នាំ​ ២០១៥ ហើយ​កាលនោះ​ក៏​អត់​មាន​អ្នក​មក​ជំទាស់​​អី​ដែរ​» ។

លោក​មេឃុំ​ស្គុះ បញ្ជាក់ថា ទើបតែ​នៅ​ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋ​បាននាំគ្នា​មក​តវ៉ា​ឡើង​​វិញ ក្រោយ​មាន​ឧកញ៉ា​ម្នាក់​បាន​អភិវឌ្ឍ​ដី​នៅ​តំបន់​ក្បែរ​នោះ​។ ពលរដ្ឋ​ដែល​ទាមទារ​នោះ​ក៏មាន​អ្នក​ដែល​ធ្លាប់​លក់​ដី ហើយ​មក​តវ៉ា​ដើម្បី​បាន​ដី​វិញ​ផងដែរ​។

លោក​ថ្លែងថា​៖ «​អ្នកខ្លះ​មាន​​ឈ្មោះ​លក់​ឱ្យគេ​ហើយ​បែរជា​​មក​តវ៉ា​ដែរ ប៉ុន្តែ​ពី​ដើម​ដីព្រៃ​មិនមាន​តម្លៃ​ទេ ដល់​ឥឡូវ​ឧកញ៉ា​គាត់​អភិវឌ្ឍ​ក្បែរៗ​ហ្នឹង​អ៊ីចឹងទៅ​ប្រជាពលរដ្ឋ​ក៏​បះបោរ​​អ៊ីចឹង​ទៅណា​ក្មួយ​»​។

លោក​ ប៉ាក់ ចាន់ផល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី​ថ្លែង​ពី​ម្សិលមិញ​ថា ដី​នៅ​ភូមិ​ឃុំ​នោះ លោក​បាន​ទិញ​ពី​ឯកជន​តាំងពី​ឆ្នាំ​ ២០០៨ និង​បាន​​ធ្វើ​ប្លង់​កម្មសិទ្ធិ​រួចរាល់​ព្រមទាំង​បាន​ដាំដុះ​ដំណាំ​ផ្សេងៗ​លើដី​នោះ​ដោយ​គ្មាន​ការតវ៉ា​កើតឡើង​នោះទេ​។ ​ក្រោយមក​ទើប​មាន​ពលរដ្ឋ​ដែល​មិនដឹង​មកពីណា​​នាំគ្នា​តវ៉ា​នាំឱ្យមាន​បញ្ហា​ក្នុងសង្គម​។

លោក​ថ្លែងថា៖ «​បើ​និយាយ​ទៅ​បំពុល បរិយាកាស​សង្គម​តែម្តង​ធ្វើឱ្យ​ចលាចល ហើយ​ទី​ ២ ​ទៀត គឺ​បរិហារកេរ្តិ៍​យើង ចំណែក​ទី​ ៣ ទៀត​គឺ​ពួកគាត់​ច្រណែន​និន្ទាឈ្នានីស​យើង​ហើយ​ចុងក្រោយ​គឺ​ពួកគាត់​មាន​មហិច្ឆតា​ដោយ​គ្មាន​ការពិចារណា ចង់​បំភាន់​ភ្នែក​រាជរដ្ឋាភិបាល និង​មហាជន​ដើម្បីឱ្យ​យល់ច្រឡំ​»៕