
សកម្មភាពប្រមូលផ្ដុំជួបជុំគ្នារៀនវគ្គសិក្សាអាហារបំប៉ននៅតាកែវ កាលពីថ្ងៃទី ១៦ សីហា ។ រូបថត ប៉ូលិស
តាកែវៈមេខ្យល់ចំនួន ៧ នាក់ ដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំមនុស្សជិត ៤០០ នាក់ ឱ្យជួបជុំគ្នាចូលរៀនវគ្គសិក្សាអាហារបំប៉ននៅក្នុងបុរីរស្មីនៅភូមិខ្សឹងសង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីអាជ្ញាធរខេត្តរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់ ក្នុងចំណោមនោះ ហើយបានដាក់ឱ្យសម្រាកព្យាបាលនៅពេទ្យបង្អែកខេត្ត ។
លោក ខាន់ សុខា អភិបាលរងខេត្តតាកែវថ្លែងនៅថ្ងៃទី ១៧ សីហាថា អាជ្ញាធរខេត្តតាកែវបានរកឃើញមនុស្ស ៧ នាក់ ដែលជាមេខ្យល់ក្នុងការប្រមូលផ្តុំមនុស្សបើកវគ្គសិក្សាអាហារបំប៉នល្មើសវិធានការរដ្ឋបាល នៅក្នុងបុរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកា ក្នុង ក្រុងដូនកែវ កាលពីថ្ងៃទី ១៦ ខែសីហា។ អ្នកទាំងនោះត្រូវបានបញ្ជូនឱ្យសមត្ថកិច្ចនគរបាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី ១៧ ខែសីហា ។
លោក ខាន់ សុខា បញ្ជាក់ថា ដោយឡែកអ្នកផ្សេងទៀតដែលត្រូវមេខ្យល់ប្រមូលផ្តុំឱ្យជិះរថយន្តមកពីខេត្តផ្សេងៗដើម្បីជួបជុំក្នុងវគ្គសិក្សានោះត្រូវបានអាជ្ញាធរខេត្តចាត់ទុកថា ជាជនរងគ្រោះ ហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមខេត្តរៀងៗខ្លួនវិញក្រោយធ្វើតេស្តយកសំណាកឃើញលទ្ធផលបឋមអវិជ្ជមានកូវីដ ១៩។
លោកថ្លែងថា៖ «មនុស្សទាំងអស់មានចំនួន ៣៨៥ នាក់ យើងបានធ្វើតេស្តបឋមត្រួតពិនិត្យមើលមេរោគកូវីដបានរកឃើញថា មាន ២ នាក់វិជ្ជមានកូវីដ ១៩ ហើយ ២ នាក់នោះយើងបានយកទៅកន្លែងព្យាបាលហើយ។ ដោយឡែកអ្នកផ្សេងទៀតដែលមិនមានកូវីដ ១៩ យើងបានបញ្ជូនទៅតាមខេត្តរៀងៗខ្លួន ដើម្បីធ្វើចត្តាឡីស័ក» ។
លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ ថ្លែងនៅថ្ងៃទី ១៦ ខែសីហាថា អភិបាលខេត្តបានចុះទៅត្រួតពិនិត្យផ្ទាល់នៅទីតាំងល្មើស ក្រោយពីពួកគេបានលួចជួបជុំគ្នាបំពាននឹងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តតាកែវ កាលពីរសៀលថ្ងៃទី ១៥ ខែសីហា ។
លោកថ្លែងថា៖ «ឯកឧត្តមអភិបាលបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្អាកជាបណ្ដោះអាសន្ននូវទីតាំងល្មើសនោះ»។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវថ្លែងថា ក្រោយសមត្ថកិច្ចបានឡោមព័ទ្ធនៅយប់ថ្ងៃទី ១៥ មន្ត្រីសុខាភិបាលបានចុះធ្វើតេស្តយកសំណាកភ្លាមៗបាន៥០នាក់ទាំងយប់តែលទ្ធផលអវិជ្ជមាន។លុះដល់ព្រឹកថ្ងៃទី ១៦ ខែសីហា បន្តយកសំណាកបានគ្រប់មនុស្សទាំងអស់ ៣៨៥ នាក់ ក៏រកឃើញមានវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់។
លោកថ្លែងថា៖ «ក្រោយធ្វើតេស្តយកសំណាកគ្រប់គ្នាហើយ យើងរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់ ដែលអ្នកទាំង ២ នោះមិនមែនជាអ្នកនៅក្នុងខេត្តតាកែវទេ គឺមកពីខេត្តកំពត និងខេត្តសីហនុ ឥឡូវយើងដាក់ឱ្យសម្រាកព្យាបាលហើយ» ។
លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវមិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីមេខ្យល់ទាំង៧នាក់នោះទេនៅថ្ងៃទី១៧សីហា ដោយសារលោកជាប់រវល់។ ក៏ប៉ុន្តែបើតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តតាកែវកាលពីថ្ងៃទី ១៦ ខែសីហា បានឱ្យដឹងថា សមត្ថកិច្ចនគរបាលខេត្តតាកែវ បានចុះត្រួតពិនិត្យឆែកឆេរ រកឃើញពលរដ្ឋចំនួន ៣៨៥ នាក់ មកពីខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀតកាលពីយប់ថ្ងៃទី ១៥ ខែសីហា។
ក្នុងហ្វេសប៊ុកដដែលបានសរសេរថា៖ «បន្ទាប់ពីបានសាកសួររួច កម្លាំងជំនាញបានឃាត់ខ្លួនមេខ្យល់បានចំនួន ៧ នាក់ ស្រី ២ នាក់ ដែលពួកគេបានអះអាងថាពួកគេជាតំណាងចែកចាយផលិតផលឯករាជ្យជាផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន
(UNICITY)»។
តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវត្រូវបន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន រយៈពេល ៧ ថ្ងៃទៀត ចាប់ពីម៉ោង ២៣ និង ៥៩ នាទី ថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែសីហា ដោយហាមឃាត់ការជួបជុំ ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៣ ទៀបភ្លឺផងដែរ៕