ភ្នំពេញ៖ អ្នក​យកព័ត៌មាន​នៃ​អង្គភាព​ BCP TV ​ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី ១៦ ​សីហា ​ក្នុង​បទ​ល្មើស​កាន់កាប់​អាវុធ​ខុស​ច្បាប់ ​ហើយ​សមត្ថកិច្ច​កំពុង​ដំណើការ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចាត់​វិធានការ​បន្ត​តាម​នីតិវីធី​ច្បាប់។

លោក ​ហ៊ាង ថេរ៉េត ​អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ ​បានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃនេះ​ថា ​បុរស​ជាប់​សង្ស័យ​ក្នុង​ករណី​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់​ខាង​លើ​នេះ ​ឈ្មោះ​ម៉ន តេវ ​អាយុ ​៤២ឆ្នាំ ​ជាបុគ្គលិក​ផ្នែក​យកព័ត៌មាន​ឱ្យ​អង្គភាព​សារព័ត៌មាន ​BCP TV ​មាន​ទីលំ​នៅ​ភូមិ ៤ ​សង្កាត់​ច្រាំង​ចំរេះ ​ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ។

ជននេះ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ឫស្សី​កែវ ​ឃាត់​ខ្លួន​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិលេខ​ ៥ ​ក្នុង​ភូមិសាស្ត្រ ​ក្រុម​ទី៣ ​ភូមិ៣ ​សង្កាត់​ច្រាំង​ចំរេះ​១ ​ដោយ​ល្មើស​ទៅនឹង​បម្រាម​គោចរ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែលបាន​ហាមឃាត់​ការធ្វើ​ដំណើរ ​ចាប់ពី​ចន្លោះ​ម៉ោង​១០​យប់​ ដល់​ម៉ោង​ ៥​ ទៀប​ភ្លឺ។

លោក​បញ្ជាក់ថា​៖«មុន​ដំបូង​កម្លាំង​របស់​យើង​ ដែលបាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ចំណុច​ទីតាំង​ខាងលើ​បាន​ស្នើឱ្យ​គាត់​ឈប់​ម៉ូតូ​ដើម្បី​ត្រួត​ពិនិត្យ។ បន្ទាប់​មក​កម្លាំង​របស់​យើង​ក៏បាន​ឆែកឆេរ​រកឃើញ​អាវុធ​ខ្លី​១ដើម​ ម៉ាក ​Lock 17​ គ្មាន​លេខ ​និង​អាយ​កូម​ ១ គ្រឿង​ ហើយ​ក៏បាន​សម្រេច​ឃាត់​ខ្លួន ​បន្ទាប់ពី​គាត់​គ្មាន​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​អាវុធ ​និង​លិខិត​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ពី​ក្រសួង​និង​ស្ថាប័ន​ជំនាញ»។

បើ​តាម​លោក​អធិការ ​នៅពេល​ឃាត់ខ្លួន ​ជនសង្ស័យ ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើ​តេស្តរក​ឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ទឹក​នោម​ផង​ដែរ។ នៅ​ពេលនេះ ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​សួរចម្លើយ ​ដើម្បី​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី។

ករណី​នេះ ​អគ្គនាយក​ BCP TV ​លោក​ ជា អេងឡុង ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃទី ១៧​ ខែសីហា ​ថា ​លោក​ ម៉ន តេវ ​ពិតជា​បុគ្គលិក​ផ្នែក​យកព័ត៌មាន ​សន្តិសុខ​សង្គម ​ដែល​ភាគច្រើន​ផ្ដោត​ទៅលើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​និង ​អំពើ​ចោរ​កម្ម ​របស់​អង្គភាព​ BCP TV ​ពិតប្រាកដ​មែន។ ទោះ​យ៉ាងណា ​អំពើ​ល្មើស​របស់​បុគ្គល ​មិនមែន​ជាការទទួល​ខុសត្រូវ​របស់​ម្ចាស់​ស្ថាប័ន ​ឬ​អង្គភាព​នោះ​ឡើយ។

លោក​ អេងឡុង ​បញ្ជាក់ថា​៖ «ខ្ញុំ​មិនដឹង​ថា​ ពី​មុន​គាត់​ធ្វើ​ការងារ​អ្វី ​ហើយ​គាត់​បាន​អាវុធ​នោះ​មក​ពី​ណា​នោះ​ទេ។ អំពើ​ល្មើស​របស់​គាត់ ​គឺ​គាត់​ត្រូវតែ​ទទួល​ខុសត្រូវ​ទៅតាម​ផ្លូវ​ច្បាប់។ ព្រោះ​អង្គភាព​យើង​មាន​ការណែនាំ​បុគ្គលិក​រួច​ហើយ ​ទាំង​នៅ​ក្នុង​កិច្ច​សន្យា​ការងារ ​និង ​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គភាព។ ដូច្នេះ​ករណី​របស់​លោក ​ម៉ន តេវ ​មិនមាន​អ្វី​ពាក់​ព័ន្ធ​នឹង​អង្គភាព​របស់​យើង​ខ្ញុំ​ឡើយ»៕