ស្ទឹងត្រែងៈ អ្នកនេសាទ​ចំនួន ៩ នាក់ កាលពី​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ ត្រូវបាន​មន្ត្រី​ជល​ផល តម្រូវឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់ ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​បញ្ឈប់​ធ្វើ​នេសាទ ស្ថិតនៅ​តំបន់​អាងទឹក​វា​រី​អគ្គីសនី​សេសា​ន​ក្រោម ២ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន។

លោក ស្រី សម​វិចិត្រ នាយ​ខណ្ឌ​ស្ដីទី នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៧ ខែសីហាថា មន្ត្រីជល​ផល​ស្ទឹងត្រែង​ បាន​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក​សេ​សាន កាល​ពី​ថ្ងៃ​ទី​១៦​សីហា​ បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​ ហើយ​ក៏បាន​ប្រទះឃើញ​អ្នកនេសាទ​ទាំង ៩ នាក់ នេះ កំពុងតែ​នេសាទ ដោយ​ប្រើប្រាស់​មង ព្រោះ​រដូវ​នេះ ជា​រដូវ​បិទ​នេសាទ។

លោក​បន្តថា កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​សួរនាំ ពួកគាត់ និង​បាន​តម្រូវឱ្យ​ពួកគាត់​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជាបន្ទាន់ និង​ឧបករណ៍​នេសាទ​ត្រូវបាន​រឹបអូស​យកមក​បំផ្លាញចោល ។

អ្នកនេសាទ​ទាំង ៩ នាក់​នេះ គឺជា​អ្នក​ចំណាកស្រុក ដែល​មិន​បានដឹង​ពី​រដូវ​នៃ​ការហាមឃាត់​ ការធ្វើ​នេសាទ​នៅក្នុង​ខេត្តស្ទឹងត្រែង​នេះ​ទេ។

បើតាម លោកស្រី សម​វិចិត្រ ក្នុង​ការចុះ​ប​ង្រា​បបទល្មើស​​ជលផល​នេះ កង​កម្លាំង​ជល​ផល បាន​បំផ្លាញ​របាំង​ព្រួល​ស្បៃ​មុង និង​សាច់​អួន ៣ កន្លែង ប្រវែង​សរុប ៩០០ ម៉ែ​ត្រ​ បំផ្លាញ​លូ​ស្បៃ​មុង ចំនួន ១២ មាត់ និង​ដកហូត​មង​ប្រវែង ៥៥០ ម៉ែត្រ។

លោក​បន្តទៀតថា នៅ​ខេត្តផ្សេងៗ គេ​អាច​ប្រើប្រាស់​ឧបករណ៍​មង សម្រាប់ធ្វើ​នេសាទ​បាន ប៉ុន្តែ​ដោយឡែក សម្រាប់​ខេត្តស្ទឹង​ត្រែង ជា​ខេត្ត​ដែលមាន​មេ​ពូជ​ត្រី។ ដូច្នេះហើយ​បានជា​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ចេញ​សេចក្តីប្រកាស និង​ខេត្ត​ក៏បាន​ជូនដំណឹង​ ពី​ការហាម​មិនឱ្យ​ប្រើ​ឧបករណ៍​មង ក្នុង​រដូវ​បិទ​នេសាទ​នេះ​ផងដែរ។

លោក ថ្លែងថា៖ «អីចឹង យើង​យោង​លើ​ឯកសារ​ហ្នឹង យើង​ក៏​អប់រំ​ផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ កុំឱ្យ​មានការ​ប្រើប្រាស់​ឧបករណ៍​មង​នៅក្នុង​រដូវ​បិទ​នេសាទ។ យើង​ក៏បាន​ចុះទៅ​ល្បាត ​ក៏​ជួប​ពួកគាត់ ហើយក៏​ហៅ​មក​អប់រំ​ណែនាំ និង​ចុះកិច្ចសន្យា​ឱ្យ​ឈប់​ប្រព្រឹត្តិ​បែប​នេះ​​ត​​ទៅ​ទៀត»។

លោកពន្យល់ថា មន្ត្រីជលផល​កាលពីមុន ក៏​ធ្លាប់បាន​ឃាត់ខ្លួន និង​ញ្ជូ​ន​ទៅ​តុលាការ​ផងដែរ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ ឧបករណ៍​ឆក់​ជាដើម ដើម្បី​អនុវត្ត​ទៅតាម​និតិ​វិធី។

ដោយឡែក អ្នកនេសាទ​ទាំង ៩ រូប ដែល​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​នេះ​ គឺជា​អ្នកប្រើប្រាស់​ឧបករណ៍​មង មិនមាន​ចែង​ទោស​នៅក្នុង​ច្បាប់​ស្តីពី​ជលផល​នោះទេ។

លោក​បញ្ជាក់ថា ច្បាប់​ស្តីពី​ជលផល បាន​ចែក​ត្រង់ មាត្រា ៩១ ដល់ ៩៧ ថា ជា​ឆន្ទានុសិទ្ធិ​របស់​រដ្ឋបាល​ជលផល គឺមាន​ពិន័យ​អន្តរកាល អប់រំ​ណែនាំ និង​ចុះកិច្ចសន្យា​ជាដើម។

ដោយឡែក មាត្រា ៩៨ ដល់ ១០១ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​ពាក់​ព័​ន្ទ​នឹង​ការប្រើប្រាស់ គ្រឿង​ពុល ឧបករណ៍​ឆក់ និង​គ្រឿងផ្ទុះ ។

អ្នកស្រី យ៉ៅ សុង តំណាង​ប្រជា​សហគមន៍​ឃុំ​ក្បាល​រមាស បានឱ្យដឹង​ដែរ​ថា កាលពី​កន្លងមក មេភូមិ​មួយចំនួន ដែល​នៅក្បែរ តំបន់​អាងទឹក​វា​រី​អគ្គីសនី​សេ​សាន​ក្រោម ២ នៃ​ឃុំ​ក្បាល​រមាស បាន​ដើរ​ប្រាប់​ប្រជាពលរដ្ឋ​​ ដែល​បាន​ទៅធ្វើ​នេសាទ កុំឱ្យ​មានការ​ប្រើប្រាស់ ស្បៃ​មុង ឬដាក់​ដៃ ឬក៏​ឧបករណ៍​ខុសច្បាប់ ព្រោះ​មន្ត្រីជលផល​ចុះមក​ត្រួតពិនិត្យ។

អ្នកស្រី​បន្តថា នៅពេលដែល​មន្ត្រីជលផល​ចុះមក​ត្រួតពិនិត្យ គេ​នឹង​បង្ក្រាប និង​រឹបអូស​ឧបករណ៍​ទាំងអស់នេះ​យកទៅ​បំផ្លាញ​ចោល ហើយ​អាច​នឹងមាន​ទោសទណ្ឌ​ផ្សេងទៀត។

ម្យ៉ាងទៀត​អ្នកស្រី​យល់ឃើញថា ការធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ពី​សំណាក់​ប្រជា​នេសាទ​នេះ វា​នឹង​ធ្វើឱ្យ​បាត់បង់​ត្រី ព្រោះ​រដូវ​នេះ ជារ​ដូវ​បិទ​នេសាទ ដែល​អាជ្ញាធរ​បាន​ហាមឃាត់៕