The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អភិបាល​ខេត្ត​ស្ទឹងត្រែង​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​បំប្លែង​ថ្មី​ចំនួន ៧ នាក់




អភិបាល​ខេត្ត​ស្ទឹងត្រែង​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​បំប្លែង​ថ្មី​ចំនួន ៧ នាក់

Content image - Phnom Penh Post
រដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើយុទ្ធនា​ការ​ជាតិ​ក្រោម​ប្រធាន​បទ ​«រួមគ្នា​ទទួល​ខុស​ត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ ១៩» កាលពីម្សិលមិញ។ រូបថត រដ្ឋបាលខេត្ត

អភិបាល​ខេត្ត​ស្ទឹងត្រែង​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​បំប្លែង​ថ្មី​ចំនួន ៧ នាក់

អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង នៃ​ខេត្ត​ស្ទឹងត្រែង ជា​បណ្តោះ​អាសន្ន​ក្នុង​រយៈពេល ៧ ថ្ងៃ ចាប់​ពី​វេលា​ម៉ោង ២៣:៥៩ នាទី ថ្ងៃទី ១៧ នេះ រហូត​ដល់​ថ្ងៃទី ២៤ ខែ​សីហា បន្ទាប់​ពី​មាន​ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូវីដ ១៩ ប្រភេទ​បំប្លែង​ថ្មី​ចំនួន ៧ នាក់។

លោក ម៉ុម សារឿន អភិបាល​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​សេចក្តី​ប្រកាស​បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង​នេះ ដើម្បី​សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូវីដ ១៩ ប្រភេទ​ដែលតា (Delta) ធានា​ការពារ​បាន​អាយុ​ជីវិត​ប្រជាជន សុខភាព​សាធារណៈ និង​សន្តិសុខ​សុវត្ថិភាព​សង្គម។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ អាច​ត្រូវ​បាន​បែងចែក​ជា តំបន់​ក្រហម, តំបន់​លឿងទុំ និង​តំប​​ន់​លឿង។ អាស្រ័យ​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​មូលដ្ឋាន​ជាក់ស្តែង»។

លោក ម៉ុម សារឿន បាន​បញ្ជាក់​ថា ចំពោះ​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ត្រូវ​អនុវត្ត​វិធានការ​ហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ និង​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ឆ្លង​កាត់​ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទខ្ទប់ ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​បម្រាម​គោចរ​អនុលោម​តាម​ច្បាប់ លិខិត បទដ្ឋានគតិយុត្ត និង​វិធានការ​នានា​នៅ​ជា​ធរមាន។

លោក​បាន​បញ្ជាក់​ថា អភិបា​ល​ក្រុងស្ទឹង​ត្រែង និង​អភិបាល​ស្រុកដែ​លមា​ន​ព្រំប្រទល់​ជាប់​នឹង​ក្រុង​ស្ទឹងត្រែង ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញ-ចូល ឆ្លង​កាត់​ព្រំប្រទល់​ក្រុង​ស្រុក សំដៅ​គ្រប់គ្រង​ភូមិសាស្ត្រ​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា។

ជាមួយ​គ្នានេះ​ដែរ រដ្ឋបាល​ខេត្ត​រតនគិរី ក៏​បាន​ប្រកាស​រក​ឃើញ​ករណី​មេរោគ​បំប្លែង​ថ្មី (Delta) ចំនួន ០១​ ករណី​ផង​ដែរ បន្ទាប់​ពី​ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​មន្ទីរសុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ស្រាវជ្រាវ ធ្វើ​តេស្ដ​រហ័ស (Rapid-Test) លើ​មនុស្ស​ចំនួន ៦២៣ នាក់ នៅ​ថ្ងៃទី ១៧ ខែ​សីហា​នេះ៕

អត្ថបទគួរចាប់អារម្មណ៍