
អ្នកល្មើសបម្រាមគោចរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងពិន័យនៅក្នុងខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី ១៤ ខែសីហា។ រូបថត រដ្ឋបាលខណ្ឌសែនសុខ
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅថ្ងៃនេះថា សមត្ថកិច្ច បានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ២ ២៩០ នាក់ បញ្ជូនទៅតុលាការ ៦ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ១៧ ខែសីហា។
យោងតាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ១៨ ខែសីហានេះ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់យានយន្តចំនួន ១ ១៣២ គ្រឿង ឃាត់ខ្លួនមនុស្សធ្វើការអប់រំពិន័យចំនួន ២ ២៩០នាក់ បញ្ជូនទៅតុលាការ៦នាក់ នៅថ្ងៃទី ១៧ ខែសីហា ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១ ១០៩ ករណី ទៅលើទីតាំងសរុបចំនួន ១ ១៩២ កន្លែង និងពិន័យជាប្រាក់បានចំនួន ៣៤ ៤០០ ០០០ រៀល៕