សៀមរាបៈ ​រដ្ឋបាលខេត្ត​សៀមរាប​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ​ករណី​​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​វ៉ារិន​ខេត្តសៀមរាប​​ជាង​ ២០០ ​គ្រួសារ​ ដែល​មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត​​ ដែល​មាន​គ្នា​ ៨ ​នាក់​ លើ​ផ្ទៃដី​ប្រមាណ​ជាង ៤ ០០០ ​ហិកតា​ ខណៈ​មន្ត្រី​បាន​ណែនាំ​ឱ្យ​ភាគី​ជម្លោះ​ទាំង​ ២ ​ចូលរួម​នីតិវិធី​តាម​​ការកំណត់​របស់​តុលាការ​។

ការចាត់វិធានការ​ស្រាវជ្រាវ​លើ​​វិវាទ​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ពលរដ្ឋ​ជាង​ ៦០ ​នាក់​តំណាង​​ឱ្យ​ពលករដ្ឋ​ជាង​ ២០០ ​គ្រួសារ​បាន​លើកគ្នា​មក​សាលា​ខេត្តសៀមរាប​ពីថ្ងៃ​ទី​ ១២ ខែសីហា ដើម្បី​ស្នើឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ករណី​មនុស្ស​ ៨ ​នាក់ ​ប្តឹង​យក​ដី​ និង​ផ្ទះ​ពួកគាត់ ហើយ​ត្រូវ​តុលាការ​ចេញ​ដីកាកោះ​ពលរដ្ឋ​ចំនួន​ ១១ ​នាក់​ក្នុង​នោះ​មាន​មេភូមិ មេឃុំ​ផង​ឱ្យចូល​ខ្លួន​នៅ​ថ្ងៃទី​ ១៧ សីហា ឆ្នាំនេះ​។

លោក លី សំរិទ្ធិ អភិបាលរង​​ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៦ សីហាថា ​ករណី​នេះ​អាជ្ញាធរ​បានទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​រួចហើយ​ក្នុង​នោះ​រដ្ឋបាលខេត្ត​ក៏​កំពុង​ស្រាវជ្រាវ​ និង​ប្រមូល​ឯកសារ​ពី​អ្នកពាក់ព័ន្ធ​ជុំវិញ​ការកាន់កាប់​ដី​នេះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ករណី​​នេះ​យើង​កំពុង​រៀបចំ​ពិនិត្យមើល​។

គ្រាន់តែ​ពេលនេះ​វិវាទ​វា​កំពុង​ស្ថិតក្នុង​ដៃ​តុលាការ ដូច្នេះ​ខាង​ខេត្ត​មាន​ករណីយកិច្ច​មួយទៀត​​ក្នុងការ​ពិនិត្យមើល​ដំណើររឿង​របស់គាត់ ព្រោះ​កន្លងមក​ពួកគាត់​មិនដែល​បាន​ប្តឹង​មក​យើង​ទេ ហើយ​រឿងនេះ​បាន​ប្តឹងប្ដល់​ចូលទៅ​តុលាការ​រួចហើយ​»​។

បើតាម​លោក លី សំរិទ្ធិ ភាគី​ទាំង​ ២ គឺ​សុទ្ធតែ​មាន​ឯកសារ​សំអាង ប៉ុន្តែ​ជាក់ស្តែង​យ៉ាងណា​គឺ​ត្រូវ​ស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​សិន ខណៈ​ក្នុង​ដំណាក់កាល​នេះ​ភាគី​ទាំង​ ២ ​គឺ​ត្រូវ​ចូលរួម​តាម​នីតិវិធី​របស់​តុលាការ​។

លោក ធិននី វិធូរ អភិបាលស្រុក​វ៉ារិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា ករណី​វិវាទ​របស់​ពលរដ្ឋ​ទាំង​ ២ ​នេះ គឺ​រដ្ឋបាល​ស្រុក​បានរៀបចំ​របាយការណ៍​បញ្ជូនទៅ​ថ្នាក់​ខេត្តហើយ​។

លោក​ថា​៖ «​ខ្ញុំ​មិនអាច​បកស្រាយ​នៅពេលនេះ​បានទេ ពីព្រោះ​កំពុង​រៀបចំ​ឯកសារ និង​របាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត ចាំ​គាត់​មាន​ចំណាត់ការ​យ៉ាងម៉េចៗ​បាន​ខ្ញុំ​អាច​បកស្រាយ​បាន​តាម​ក្រោយ​»​។

អ្នកស្រី កែវ ម៉ាឡៃ ជា​ពលរដ្ឋ​រស់នៅ​លើដី​នេះ​តាំងពី​ឆ្នាំ ២០០៤ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពីថ្ងៃ​ទី​ ១៦ សីហា​ថា គ្រួសារ​អ្នកស្រី និង​ពលរដ្ឋ​ជាង​ ២០០ ​គ្រួសារ​ទៀត​បានរស់នៅ​ និង​អាស្រ័យផល​លើ​ផ្ទៃដី​ ២ ០០០ ​ហិកតា ​ក្នុងភូមិ​ដៃ​អាវ ឃុំ​ស្រែណូយ ស្រុក​វ៉ាវិន យូរ​ឆ្នាំ​ហើយ​។

អ្នកស្រី​បាន​បន្តថា ស្រាប់តែ​នៅ​ឆ្នាំ​ ២០២០ ក៏មាន​ជំទាវ​ម្នាក់​​ដែល​ស្គាល់​ឈ្មោះថា កុល សុខុម ជា​ប្រធាន​អង្គការ​សមាគម​សង្គ្រោះ យុទ្ធជន​ពិការ ស្ត្រី​មេម៉ាយ កុមារកំព្រា និង​រាស្ត្រទាល់ក្រ រួមទាំង​មនុស្ស​ ៧ ​នាក់​ទៀត​បាន​ប្តឹង​មេភូមិ និង​ពលរដ្ឋ​ ១០ ​នាក់​ ពី​បទ​ក្លែងបន្លំ​ឯកសារ និង​លួច​លក់​អចលនវត្ថុ​អ្នកដទៃ​។

អ្នកស្រី​ថ្លែងថា​៖ «​គេ​ប្តឹងផ្ដល់​មេភូមិ​ខ្ញុំ​ថា រំលោភ​យក​ដី​សមាគម​ដែល​បាន​កាន់កាប់​ក្នុង​ឆ្នាំ​ ២០១៩ ដែលមាន​ផ្ទៃដី​ជាង​ ៤ ​ពាន់​ហិកតា តែ​ដី​ភូមិ​របស់​ពួកខ្ញុំ​សព្វថ្ងៃ​មាន​តែ​ប្រមាណ​ ២ ​ពាន់​ហិកតា​ប៉ុណ្ណោះ​។ ​ខ្ញុំ​មិន​​ដឹង​គេ​មកពីណា​ដែរ​ហើយ​យើង​​ក៏​មិន​ធ្លាប់​ឮឈ្មោះ​សមាគម​នេះ ពីមុនមក​ដែរ​នៅក្នុង​ភូមិ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ ដើម្បី​ទាក់ទង​ឈ្មោះ កុល សុខុម រួមទាំង​មនុស្ស​ ៧ ​នាក់​ទៀត ដែល​ត្រូវជា​ដើមបណ្តឹង​ប្តឹងទៅ​តុលាការ​ក្នុង​វិវាទ​ដីធ្លី​នេះ​ទេ កាលពី​ថ្ងៃទី​ ១៦ សីហា​។

លោក គ្រួច សុវណ្ណារ៉ា មេភូមិ​ដៃអាវ​ដែល​រង​បណ្តឹង​នៅ​តុលាការ ហើយ​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១៧ សីហា បាន​ថ្លែងថា នេះ​​គឺជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​ភាគី​ ៨ ​នាក់​បាន​ប្តឹង​លោក​ពី​​បទ​ក្លែងបន្លំ​ឯកសារ និង​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ​។

លោក​បន្តថា ការឈាន​ដល់​ការប្តឹងផ្ដល់​នេះ បន្ទាប់ពី​ភាគី​ឈ្មោះ កុល សុខុម បានមក​ស្នើសុំ​លោក​ឱ្យ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​ទាំងនេះ តាមរយៈ​លិខិត​កាន់កាប់​របស់​មេឃុំ និង​មេភូមិ​មុន​។

បើតាម​លោក សុវណ្ណារិទ្ធ កាលដែល​លោក​បាន​បដិសេធ ដោយសារ​តែ​ដី​ទាំងនេះ​គឺជា​​ដី​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យផល​តាំងពី​ឆ្នាំ​ ២០០៣ និង​ឆ្នាំ​ ២០០៤ ​មក ហើយ​ប្រវត្តិ​ដី​នេះ​គឺជា​ដី​របស់​រដ្ឋ ខណៈ​លិខិត​ដែល​ភាគី​ឈ្មោះ កុល សុខុម បាន​សំអាង​នោះ គឺ​បានចេញ​ដោយ​មេឃុំ មេភូមិ ក្នុងអំឡុង​ឆ្នាំ​ ២០០៥ និង​ ២០០៦​។

លោក​ថា​៖ «​ដល់​ឆ្នាំ​ ២០២០ ​មាន​អ្នក​ដែល​ប្តឹង​ខ្ញុំ​ហ្នឹង​បាន​មកឱ្យ​ខ្ញុំ​ចុះ​សាលាកបត្រ​ដី​ហ្នឹង​ទៅ​។ ​ខ្ញុំ​ក៏​សួរថា​ដី​កន្លែង​ណា​? គាត់​ក៏​ឆ្លើយថា​ដី​គាត់​ទាំងអស់​។

ខ្ញុំ​ក៏​និយាយថា ដី​ទាំងនេះ​បាន​ចុះ​ឱ្យ​អ្នកស្រុក ហើយ​បាន​កើតកូន​កើត​ចៅ​អស់ហើយ ​ខ្ញុំ​ចុះ​សាលាកបត្រ​ឱ្យ​គាត់​ម៉េច​ទៀត​។ ខ្ញុំ​ឆ្ងល់​ថា បើ​គាត់​មាន​លិខិត​កាន់កាប់​ដី​ទាំងនេះ​ចុះ​ពី​យូរ​ពី​ណា​ពី​ណី​មក​គាត់​មិន​មក​ទាមទារ​?»៕

វីដេអូ៖