ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​ដែល​ចាញ់បោក​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដាក់ពាក្យ​​បណ្តឹង​​ ឬ​រាយការណ៍​មក​អគ្គនាយកដ្ឋាន​​ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។

លោក ឌឹម ថេង អគ្គនាយករង​​ ក.ប.ប. ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ​ខែសីហា​ថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ [​អ៊ីនធឺណិត​] ​នៅ​​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ តែ​ក៏​កើតមាន​ករណី​ឆបោក​ផងដែរ​។

លោក​បាន​បន្តថា ពលរដ្ឋ​បាន​បញ្ជា​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ធ្វើឱ្យ​ការឆបោក​នៅតែ​បន្ត​កើតមាន​ក្នុង​រូបភាព តាម​ទូរស័ព្ទ តាម​អ៊ីមែល និង​តាមរយៈ​ការផ្សព្វផ្សាយ​បោកប្រាស់​ពី​ផលិតផល​ជាដើម​។

លោក​បាន​បញ្ជាក់ទៀតថា ទោះជា​បញ្ហា​នេះ​បាន​កើតឡើង​ក៏ដោយ ក៏​កម្ពុជា​​មិនទាន់​បង្កើតឱ្យមាន​យន្តការ​ណាមួយ​សមស្រប​ក្នុង​ការទទួល​ខុសត្រូវ​ឱ្យបាន​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​​អ្នក​ដែល​ត្រូវបាន​គេ​ឆបោក ទទួលរង​នូវ​ការខាតបង់​ច្រើន ហើយ​មិន​ដឹងថា ត្រូវ​ទៅប្តឹង​នៅ​ទីកន្លែង​ណា​។

លោក ឌឹម ថេង បាន​ថ្លែងថា​៖ «​កន្លងមកនេះ អត់​ទាន់​មាន​សេចក្តី​ណែនាំ​ ឬ​​សេចក្តី​ជូនដំណឹង​ឱ្យ​បងប្អូន​ដែល​មាន​បញ្ហា អាច​ទៅ​ពិគ្រោះ​យោបល់​ ឬ​​ជួប​ខាង​ណា​ ដើម្បី​ដោះស្រាយ​ទេ​។ យើង​មិនទាន់មាន​ការបង្កើត​យន្តការ​បែបនេះ នៅឡើយ​ទេ ប៉ុន្តែ​មាន​ខាង នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ព័ត៌មាន​បច្ចេកវិទ្យា​របស់​ក្រសួងមហាផ្ទៃ ក៏​​មាន​ការដោះស្រាយ​លើ​បញ្ហា​នេះ​រួចហើយ​ដែរ​»​។

ទោះជា​យ៉ាងណា លោក ឌឹម ថេង បាន​ប្រាប់​ឱ្យ​ពលរដ្ឋ ចាប់ពី​ពេល​នេះ​តទៅ​អាចមក​ដាក់ពាក្យ​បណ្តឹង​ ឬ​រាយការណ៍​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ ឬ​វេបសាយ​ ឬ​មួយ​ក៏​អាចមក​ប្តឹង​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ ក.ប.ប. ដែល​ស្ថិតនៅក្រោម​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ឱ្យជួយ​ដោះស្រាយ​តាមច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ និង​ច្បាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក ប្រសិនបើ​មាន​​ករណី​ឆបោក តាម​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កើតឡើង​។

លោក កែវ វលក្ខ អ្នកជំនាញ​ព័ត៌មាន​បច្ចេកវិទ្យា​បាន​បង្ហាញ​ការយល់​ឃើញ​ថា ការឆបោក​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​មិនទាន់​ជា​មាន​ករណី​​កើតឡើង​ច្រើន​នោះទេ ប៉ុន្តែ​វា​កំពុងតែ​ប្រឈម​ហានិភ័យ​មួយចំនួន​ដោយ​អ្នកបញ្ជា​ទិញ​ខ្លះ​ឃើញ​មាន​ការផ្សព្វផ្សាយ​នូវ​ផលិតផល​ស្អាត និង​ល្អ​ក៏បាន​​បញ្ជា​ទិញ ប៉ុន្តែ​ពេល​ទទួល​ទំនិញ​នោះ បែរជា​មិនមាន​គុណភាព​ល្អ​ទៅវិញ​។

លោក​បន្ត​ទៀ​ថា​៖ «​មួយវិញទៀត​ទំនិញ​មួយចំនួន​ដែល​បាន​ផ្សព្វផ្សាយ​នៅ​បណ្តាញ​សង្គម ដូចជា ប្រភេទ​ឡេ ថ្នាំ​សម្រាប់​ថែរក្សា​សុខភាព និង​អាហារ​បំប៉ន​ជាដើម គឺ​មិនមាន​ប្រភព​ច្បាស់លាស់​ដែល​អ្នកទិញ​យក​មក​ប្រើប្រាស់​វា​បាន​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ថែមទៀត​។ ​បន្ថែម​ពីនេះ​ក៏មាន​រូបភាព​ឆបោក​តាមរយៈ​អ្នកលក់​ខ្លះ​បាន​ឱ្យគេ​ទម្លាក់​លេខ និង​ទីតាំង​ និង​បាញ់​លុយ​ឱ្យ​ ប៉ុន្តែ​មិន​ដឹកទំនិញ​ឱ្យ​ក៏មានដែរ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក កែវ វលក្ខ បាន​ថ្លែងថា អ្នកបញ្ជា​ទិញ​ខ្លះ​ក៏​មិនបាន​តវ៉ា​ ឬ​ប្តឹង​ទេ ដោយសារ​គេ​គិតថា ការចំណាយលុយ​បន្តិចបន្តួច និង​​រករឿង​តាម​ឆាត ហើយ​គាត់​ក៏​មិនដឹង​​ថា ត្រូវ​ទៅ​ដាក់ពាក្យ​បណ្តឹង​ ឬ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ណា​ដែរ​។ ​ប៉ុន្តែ​​បើ​ខាង​ (​កបប​) ​ប្រកាស​ទទួល​ពាក្យបណ្តឹង​ និង​ពិគ្រោះ​យោបល់​លើ​បញ្ហា​នេះ​​គឺជា​ការល្អ​ក្នុង​ការចូលរួម​ដោះស្រាយ​​ករណី​ឆបោក​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

ទោះជា​យ៉ាងណា លោក​ស្នើឱ្យ​ស្ថាប័ន​នេះ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ​ ដើម្បី​បញ្ជ្រាប​ព័ត៌មាន​នេះ​ដល់​ពលរដ្ឋ​គ្រប់រូប ជាពិសេស​ត្រូវ​ផ្សព្វផ្សាយ​ពី​ទោសទណ្ឌ​ចំពោះ​ការឆបោក និង​អប់រំ​ឱ្យ​ពលរដ្ឋ​ចេះ​ការពារ​ខ្លួន​កុំឱ្យ​ចាញ់បោក​​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​៕

វីដេអូ៖