កណ្តាលៈ មន្ត្រីនគរបាល​ម្នាក់​ដែល​ដក​កាំភ្លើង​បាញ់​សត្វ​ឆ្កែ និង​អួតអាង​ថា ក្នុង​ ១ ​សប្ដាហ៍​ធ្វើការ​តែ ១ ​ថ្ងៃ គឺ​លោក អ៊ុន សំអាត នាយរង​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ប្រកាស​ដកហូត​តំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ បន្ទាប់ពី​ក្រុមអធិការកិច្ច​បាន​រកឃើញថា បុគ្គល​រូបនេះ​បាន​ប្រព្រឹត្តល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។

យោង​ប្រការ​ ១ ប្រការ​ ២ និង​ប្រការ​ ៣ នៃ​ប្រកាស​ស្ដីពី​ «​ការបណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​» ចុះ​ថ្ងៃទី​ ៤ ខែសីហា ឆ្នាំ​ ២០២១ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១៧ សីហា​ឆ្នាំ​ ២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ ​នាយរង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្រោមរូបភាព​ «​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​។ មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។ ប្រាក់បៀវត្សរ៍ និង​របបឧបត្ថម្ភ​ផ្សេងៗ​ត្រូវ​កាត់ផ្ដាច់ និង​លុប​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំ​ ២០២១ ​តទៅ ហើយ​បទប្បញ្ញតិ ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ​ត្រូវ​ចាត់ទុកជា​និរាករណ៍​»​។

ទន្ទឹម​នឹងនេះ លោក ស ខេង ក៏បាន​ជំរុញ​ឱ្យ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ប្រធាន​នាយកដ្ឋាន​បុគ្គលិក ប្រធាន​នាយកដ្ឋាន​អង្គភាព​ពាក់ព័ន្ធ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ត្រូវអនុវត្ត​តាម​សេចក្ដី​សម្រេច​នៃ​ប្រកាស​នេះ​ឱ្យ​បាន​សម្រេច​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។

លោក​ ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល​ថ្លែង​នៅ​ថ្ងៃទី ១៧ ខែសីហា​ថា ឈ្មោះ អ៊ុន សំអាត ​នោះ​ត្រូវបាន​បណ្ដេញ​ចេញពី​ការងារ​ហើយ​គឺ​ចាប់ពី​ថ្ងៃទី​ ៤ ខែសីហា ឆ្នាំ​ ២០២១ ​មក​។

លោក​ថ្លែងថា​៖ «​យើង​បាន​អនុវត្តតាម​ប្រកាស​នោះ ដោយបាន​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​អតីត​មន្ត្រីនគរបាល​រូបនោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ប៉ុន្មាន​ម៉ោង​ក្រោយពី​សម្ដេច​ក្រឡាហោម​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​ប្រកាស​នោះ​»​។

ទោះយ៉ាងណា​លោក សុចិត្រ មិនបាន​អធិប្បាយ​បន្ថែម​ចំពោះ​ការឈាន​ទៅដល់​មាន​ការដកហូត​តំណែង ឋានន្តរស័ក្តិ និង បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​បែបនេះ​នោះឡើយ​។

យោងតាម​របាយការណ៍​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នាពេល​កន្លងមក លោក អ៊ុន សំអាត កាលពី​ព្រលប់​ថ្ងៃទី​ ១៦ ខែ ឧសភា ឆ្នាំ​ ២០២១ ព្រោះតែ​ខឹង​ក្រោធ​នឹង​សត្វ​ឆ្កែ​របស់​អ្នកភូមិ ដេញ​ខាំ​គាត់​ម្ដង​ហើយ​ម្ដងទៀត គាត់​ក៏បាន​ដក​កាំភ្លើង​បាញ់​សត្វ​ឆ្កែ​ទាំងនោះ ចំនួន​ ៣ ​គ្រាប់​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​សមត្ថកិច្ច​មូលដ្ឋាន​។ បន្ទាប់មក គាត់​ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​កោះហៅ​ទៅ​សួរនាំ និង​ដាក់ពិន័យ​តាមច្បាប់​រដ្ឋបាល និង​បទបញ្ជាផ្ទៃក្នុង​របស់​កម្លាំង​នគរបាលជាតិ​។

ប៉ុន្តែ​គាត់​នៅ​មិនបាន​ពិចារណា​ពី​កំហុសឆ្គង ដែល​គាត់​បាន​ប្រព្រឹត្ត​នោះទេ ថែមទាំង​បាន​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម ដោយ​ប្រើពាក្យ​អួតអាង​ថា​៖ «​ខ្ញុំ​ជា​មន្ត្រី​នគរបាលជាតិ​ពិតប្រាកដ​មែន ប៉ុន្តែ​ក្នុង​ ១ ​សប្តាហ៍ ខ្ញុំ​មក​ធ្វើការ​តែ​ ១ ​ថ្ងៃ​ប៉ុណ្ណោះ​»៕

វីដេអូ៖