ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​ ១៦-១៧ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ដ​ចំនួន​ ២ អំពី​ការកំណត់​ទីតាំង ដើម្បី​រៀបចំ​ទីលាន​ចាក់សំរាម ខណៈ​ក្រសួងបរិស្ថាន​កំពុង​បន្ត​គាំទ្រ និង​ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឈានឆ្ពោះ​ទៅរក​ការគ្រប់គ្រង​សំរាម​សំណល់រឹង​ទីប្រជុំជន​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។

លោក​ ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ១៦-១៧ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​រដ្ឋបាលខេត្ត កណ្ដាល និង​ខេត្ដ​សៀមរាប អំពី​ការកំណត់​ទីតាំង ដើម្បី​រៀបចំ​ទីលាន​ចាក់សំរាម សម្រាប់​ការអនុវត្ត​គម្រោង​កែលម្អ​ការគ្រប់គ្រង​សំណល់​រឹង និង​សំណល់​ប្លាស្ទិក​របស់​ធនាគារ​ពិភពលោក​តាម​ប្រព័ន្ធ​វីដេអូ Zoom​។

កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​តំណាង​រដ្ឋបាល​ក្រុង ស្រុក​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំង​ ២ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រុមការងារ​បច្ចេកទេស​នៃ​ធនាគារពិភពលោក (World Bank) ផងដែរ​។

លោក​ ប្រាក់ សំអឿន ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​៖ «​គម្រោង​នេះ មិនទាន់​អនុម័ត​យល់ព្រម​ពី​ធនាគារ​ពិភពលោក​ទេ និង​មិនទាន់​អនុវត្ត​។ គ្រាន់តែ​យើង​ត្រៀមលក្ខណៈ​ការងារ​មួយចំនួន​មុន​»​។

ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម សំណល់​ប្លាស្ទិក ក្រសួងបរិស្ថាន កំពុង​បន្ត​គាំទ្រ និង​ពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការបំពាក់​សម្ភារ និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម ដើម្បី​ឈានឆ្ពោះ​ទៅរក​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​នៃ​ការគ្រប់គ្រង​សំណល់​រឹង សំរាម នៅតាម​រាជធានី ខេត្ដ និង​ថ្នាក់មូលដ្ឋាន​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឱ្យដឹងថា ក្រសួងបរិស្ថាន បានផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី​មូលដ្ឋាន​ដោយ​ផ្តល់​លទ្ធភាព​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើជា​ម្ចាស់​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង នៅតាម​មូលដ្ឋាន​សាមី​។ ពង្រឹងសមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​គ្រប់គ្រង​សំរាម​សំណល់​រឹង​នៅតាម​មូលដ្ឋាន​សាមី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ លើកកម្ពស់​គុណភាព​បរិស្ថាន ដើម្បី​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ប្រកបដោយ​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​ក្រោយ​មាន​កិច្ចអន្តរាគមន៍​ពី​ក្រសួងបរិស្ថាន​យើង​សង្កេតឃើញថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចំនួន​ ៤ បាននិងកំពុង​អនុវត្ត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់រឹង​ទីប្រជុំជន​បាន​យ៉ាង​ល្អប្រសើរ រួមមាន​៖ ស្រុក​បន្ទាយស្រី (​ខេត្តសៀមរាប​) ​ក្រុង​ព្រៃវែង និង​ស្រុក​ស្វាយអន្ទរ (​ខេត្តព្រៃវែង​) និង​ស្រុក​អូររាំងឪ​ (​ខេត្ត​ត្បូងឃ្មុំ​)»​។

ចំណែក​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់​ក្នុង​ខេត្ត​ព្រះសីហនុ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី កំពុង​ឈានឆ្ពោះ​ទៅរក​ការគ្រប់គ្រង​សំរាម​សំណល់រឹង ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ពេល​អនាគត​ខាងមុខ​។

លោក​ ភក្ត្រា បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​វេចខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ និង​ញែក​សំរាម​តាម​ប្រភេទ ចៀសវាង​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​ផាសុកភាព​សង្គម​៕