បាត់ដំបងៈ ក្រុមមន្ត្រី​អធិការកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ កំពុងដំណើរការ​នីតិវិធី​ចុះ​ស្រាវជ្រាវ​លើ​ករណី​ស្លាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត នៅ​ស្រុក​សង្កែ ជាថ្មី​ម្ដងទៀត បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការធ្វើ​ទារុណកម្ម​នៃ​ក្រសួងមហាផ្ទៃ​បាន​រកឃើញ​ថា ការស្លាប់​របស់​ជនសង្ស័យ​រូបនេះ «​ដោយ​ការធ្វើ​ទារុណកម្ម​» ​ដើម្បី​យក​ចម្លើយ​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​ក្រុមអធិការកិច្ច​នៃ​អគ្គស្នងការ​នគរបាលជាតិ កំពុង​បន្ត​នីតិវិធី ចុះ​ស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​ស្វែងរក​ការពិត មុនពេល​ចាត់វិធានការ​តាមច្បាប់​រដ្ឋបាល​ទៅលើ​មន្ត្រីនគរបាល ដែល​បាន​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​បណ្ដាលឱ្យ​ជនសង្ស័យ​ស្លាប់ មុនពេល​មានការ​ចោទប្រកាន់ និង​ជំនុំជម្រះ​ទោស​ដោយ​តុលាការ​។

លោក​បញ្ជាក់ថា ក្រុមមន្ត្រី​អធិការកិច្ច​របស់​អគ្គស្នងការ​នគរបាលជាតិ កំពុង​ចុះ​អនុវត្ត​ការស្រាវជ្រាវ​ជំហាន​ទី​ ២ ​ហើយ​លើ​សំណុំ​រឿងនេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៃ​ក្រសួងមហាផ្ទៃ​បាន​រកឃើញថា ករណីនេះ ពិតជា​បង្កឡើង​ដោយ​ករណី​ប្រើ​អំពើ​ទារុណកម្ម​លើ​ជនសង្ស័យ ដើម្បី​យក​ចម្លើយ​។

លោក​បន្ថែមថា​៖ «​បុគ្គល​ដែល​អនុវត្ត​ផ្ទុយ​ពី​ក្រម​វិជ្ជាជីវៈ​របស់​មន្ត្រីនគរបាល​ជាតិ ត្រូវតែ​ទទួលរង​នូវ​ការពិន័យ​តាម​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់​មន្ត្រី​នគរបាលជាតិ​។ ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការចុះ​អង្កេត​ជា​លើក​ទី​ ២ នៃ​ករណីនេះ​ទេ​»​។

លោក​ ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៦ ខែសីហា ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នោះទេ ប៉ុន្តែ​ក្នុងនាម​ជា​មេដឹកនាំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ លោក​ក៏ត្រូវ​ចូលរួម​ទទួល​ការពិន័យ​ទោស​តាមច្បាប់​រដ្ឋបាល និង​បទបញ្ជាផ្ទៃក្នុង​របស់​នគរបាល​ជាតិ​ផងដែរ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ក៏​អាចនឹង​ទទួល​ការពិន័យ​ទោស​ផងដែរ ប្រសិនបើ​ករណី​ស្លាប់​របស់​ជនសង្ស័យ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​របស់ខ្ញុំ​ពិតប្រាកដ​មែន​នោះ​»​។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​រសៀល​ថ្ងៃទី​ ៣ ខែមេសា ឆ្នាំ​ ២០២១ ជនសង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​ ៣១ ​ឆ្នាំ​មាន​លំនៅ​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង​ ១ ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​សង្កែ ចាប់​ឃាត់ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ប្រពន្ធ​របស់គាត់​បាន​ស្លាប់ ដោយ​ករណី​ឆក់​ខ្សែភ្លើង ដែល​អ្នកភូមិ​ និង​សាច់ញាតិ​របស់​ប្រពន្ធ​គាត់​បានដាក់​ការសង្ស័យ​ថា ជា​ទង្វើ​របស់គាត់​ដើម្បី​សម្លាប់​ប្រពន្ធ​ដោយសារ​តែ​ «​ប្រចណ្ឌ​»​។

ប៉ុន្មាន​ម៉ោង​ក្រោយមក ជនសង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត ក៏បាន​ស្លាប់ ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការស្លាប់​របស់​គាត់​បណ្ដាល​មកពី​ «​ជំងឺ​គាំងបេះដូង ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​»​។

ប៉ុន្តែ​សាច់ញាតិ​របស់​ជនសង្ស័យ​បាន​សន្និដ្ឋានថា ការស្លាប់​របស់​ជនសង្ស័យ​គឺ​បណ្ដាលមកពី​ «​ការធ្វើ​ទារុណកម្ម​» ក្រោយពី​ពួកគេ​បាន​ពិនិត្យឃើញ​សព​របស់​ជនសង្ស័យ​មាន​ស្នាមរបួស​បែក​ឈាម​ពេញ​ខ្លួន ខុសពី​សភាព​ដើម​ [​ពេល​ចាប់ខ្លួន​] ហើយក៏​បានដាក់​ពាក្យបណ្ដឹង​សុំឱ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ស្រាវជ្រាវ​ស្វែងរក​ការពិត​លើ​ករណីនេះ​។

អ្នកស្រី ពេជ្រ លីណា ដែលជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ​ឈ្មោះ ពេជ្រ ធារ៉េត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​គេ​ចាប់​វាយខ្នោះ​ប្អូនប្រុស​អ្នកស្រី​យក​ទៅ​សួរចម្លើយ​នោះ​ថា គឺ​ប្អូនប្រុស​របស់​អ្នកស្រី​ស្លៀកខោ​ពណ៌​ខ្មៅ ជើងវែង​ និង​អាវដៃវែង និង​គ្មាន​ស្លាកស្នាម​របួស​អ្វី​ទាំងអស់​។

ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ប្រាប់ថា ប្អូនប្រុស​របស់​អ្នកស្រី​ស្លាប់ ហើយ​បញ្ជូន​សព​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​សាកសព​មាន​ស្នាមរបួស​ធ្ងន់ធ្ងរ ដែល​ធ្វើឱ្យ​អ្នកស្រី​សន្និដ្ឋាន​ថា បណ្ដាលមកពី​ការធ្វើ​ទារុណកម្ម មិនមែន​បណ្ដាលមកពី​គាំងបេះដូង ដោយសារ​ការប្រើប្រាស់​គ្រឿងញៀន​ហួសប្រមាណ​ដូច​ការអះអាង​របស់​សមត្ថកិច្ច​ឡើយ​។

នៅ​ថ្ងៃទី​ ១៦ មិថុនា ឆ្នាំ​ ២០២១ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ក៏​បានចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ស៊ើបអង្កេត ដោយ​បាន​បង្ហាញថា ជនសង្ស័យ​ «​អាចមាន​ការធ្វើ​ទារុណកម្ម​ស្រាល​ ឬ​ធ្ងន់​ទៅលើ​ជនសង្ស័យ អំឡុងពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​។

គណៈកម្មាធិការ​នេះ​ក៏បាន​ស្នើ​ជាពិសេស​ដល់​អគ្គស្នងការ​នគរបាលជាតិ​សូមឱ្យ​បើក​ការស៊ើបអង្កេត​បន្ថែម​លើ​ករណីនេះ​។

លោក​ នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​លើ​ករណី​ខាងលើ​នេះ​រួចរាល់​ហើយ​។

ក្រុមការងារ​អធិការកិច្ច​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​បាន​ជួបពិភាក្សា និង​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​ប្រភព​ចំនួន​ ៨ ​គោលដៅ រួមមាន មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មន្ត្រី​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរដំបង​ ១ សាច់ញាតិ​ និង​សាក្សី​នៅក្បែរ​ផ្ទះពេជ្រ ធារ៉េត​ (​អ្នកស្លាប់​) អនុប្រធាន​ភូមិ​បោះពោធិ៍ គណៈកម្មការ​កោសល្យ​វិច័យ តំណាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ក៏បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការស៊ើបអង្កេត​លើ​ករណីនេះ តាមរយៈ​ការចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​សាធារណៈ​រួចហើយ​ដែរ គឺ​ករណី​នោះ ជនសង្ស័យ​ពិតជា​ស្លាប់​ដោយ​ការប្រើ​ទារុណកម្ម​ពិតប្រាកដ​មែន ប៉ុន្តែ​យើង​មិន​ចោទប្រកាន់​នរណា​ម្នាក់​ទេ​។ យើង​ចង់ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ស្រាវជ្រាវ​បន្ថែម ហើយ​សម្រេចចិត្ត​តាម​អ្វីដែល​ខ្លួន​បាន​រកឃើញ​ទៅ​ចុះ​»​។

តាមរយៈ​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នេះ​អ្នកស្រី ពេជ្រ លីណា បានបញ្ជាក់​​ថា​៖ «​ប្អូនប្រុស​ខ្ញុំ​គ្រាន់តែ​ជា​ជន​ជាប់សង្ស័យ​ប៉ុណ្ណោះ មិនមែន​ជា​ពិរុទ្ធជន​នោះទេ ការធ្វើ​ទារុណកម្ម ដើម្បី​យក​ចម្លើយ គឺជា​អំពើ​ខុសច្បាប់​។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​តាម​នីតិវិធី ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ប្អូនប្រុស​របស់ខ្ញុំ​វិញ​»​។

លោក​ យិន ម៉េងលី អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​បើតាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ទារុណកម្ម មុខសញ្ញា​អ្នកពាក់ព័ន្ធ​គឺ​មាន​អស់ហើយ អ៊ីចឹង​ទេ វា​គ្មាន​ហេតុផល​អី​ត្រូវ​ទុក​រាប់​ខែ​ថែមទៀត​នោះទេ​»៕