ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ស្ថាប័ន អង្គការ ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​មួយចំនួន បានរៀបចំ​សិក្ខាសាលា​រយៈពេល ៥ ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៣ ​ដល់​ថ្ងៃទី​ ២៧ ខែសីហា ស្ដីពី «​កិច្ចការពារ​កុមារ​លើ​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​» ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ហានិភ័យ​នៃ​ប្រព័ន្ធ​អនឡាញ​ចំពោះ​កុមារ ជាពិសេស​កុមារ​តូច​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​នៅ​ថ្ងៃ​ ១៦ ​សីហា​ថា សិក្ខាសាលា​រយៈពេល​ ៥ ​ថ្ងៃនេះ​នឹង​ចាប់ធ្វើ​ពីថ្ងៃ​ទី​ ២៣ ​ដល់​ថ្ងៃទី​ ២៧ សីហា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៩ ដល់​ម៉ោង​ ១០:៣០ ​នាទី​ព្រឹក​តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom និង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ​។ លោក​ថ្លែងថា​៖ «​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ហានិភ័យ​នៃ​ប្រព័ន្ធ​អនឡាញ​ចំពោះ​កុមារ ជាពិសេស​កុមារ​តូចៗ​ឱ្យ​ចៀសផុត​ពី​ការបៀតបៀន និង​ការរំលោភបំពាន​តាម​អនឡាញ​»​។

លោក សុវាចា បានឱ្យដឹងថា សិក្ខាសាលា​នេះ​មាន​ក្រុម​សិក្ខាកាម​គោលដៅ រួមមាន គណៈ​គ្រប់គ្រង​សាលារៀន គ្រូបង្រៀន មាតាបិតា​ ឬ​អ្នកអាណាព្យាបាល​សិស្ស​ចូលរួម សរុប​ប្រមាណ ៥០០ ​នាក់​។ ចំណែក​ក្រសួង​ស្ថាប័ន អង្គការ និង​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​ចូលរួម​មាន ក្រសួង​ប្រៃសណីយ៍ ក្រសួង​អប់រំ ក្រសួងមហាផ្ទៃ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​នីតិសម្បទា ក្រសួង កិច្ចការនារី ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ អង្គការ UNICEF អង្គការ APLE Cambodia ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Ezecom​។

បើតាម​លោក សុវាចា នៅ​ថ្ងៃទី​ ២៣ ខែសីហា សិក្ខាសាលា​នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ស្ថានភាព​នៃ​ហានិភ័យ​តាម​ប្រព័ន្ធ​អនឡាញ​ចំពោះ​កុមារ​នៅ​កម្ពុជា​»​។ ថ្ងៃទី​ ២៤ ខែសីហា ក្រោម​ប្រធានបទ​ «​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប លើ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​ចំពោះ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​»​។

ថ្ងៃទី​ ២៥ ខែសីហា ក្រោម​ប្រធានបទ «​កិច្ចការពារ​កុមារ​លើ​ប្រព័ន្ធ​អនឡាញ​ក្នុង​វិស័យ​អប់រំ​»​។ ថ្ងៃទី​ ២៦ ខែសីហា ក្រោម​ប្រធានបទ «​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​ការពារ​កុមារ​លើ​ប្រព័ន្ធ​អនឡាញ​»​។ ចំណែក​ថ្ងៃទី​ ២៧ ខែសីហា ជា​កម្មវិធី​បិទ​សិក្ខាសាលា​។

លោក ខឹម វ៉ាន់ដូរ អ្នកឯកទេស​កិច្ចការពារ​កុមារ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) (Vando Khoem, Child Protection Specialist) បាន​ថ្លែងថា សិក្ខាសាលា​នេះ គឺជា​យុទ្ធនាការ​មួយ​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​ដោយ​ដំណើរការ​វិវឌ្ឍន៍​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​មាន​ភាពទូលំទូលាយ​។ ប៉ុន្ដែ​ទន្ទឹមនឹង​ការប្រើប្រាស់​រីកចម្រើន បញ្ហា និង​ហានិភ័យ​មួយចំនួន​ក៏​អាច​កើតមានឡើង​ផងដែរ ពិសេស​ចំពោះ​កុមារ​។

លោក​ថ្លែងថា​៖ «​ការអប់រំ​ផ្សព្វផ្សាយ​នេះ គឺមាន​គោលដៅ​ដើម្បី​លើកកម្ពស់ ការយល់ដឹង និង​អំពាវនាវ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​ឪពុកម្ដាយ​របស់​កុមារ និង​សាធារណជន ដើម្បី​កុំឱ្យ​ពួកគាត់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​ណា​នៅលើ​អនឡាញ ដែល​មាន​ហានិភ័យ​សម្រាប់​ខ្លួន​គាត់ និង​កុមារ​ និង​អ្នកប្រើប្រាស់​ដទៃទៀត​ក្នុងនោះ​មានដូចជា​ការចុច Like, Share ព័ត៌មាន​ ឬ​មាតិកា​ការផ្សព្វផ្សាយ​ណាមួយ​»​។

លោក វ៉ាន់ដូរ បានឱ្យដឹងថា ក្រោយ​សាលារៀន​ផ្អាក​ការសិក្សា​នៅក្នុង​ថ្នាក់រៀន​បណ្ដោះអាសន្ន សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស​បាន​បែរ​សិក្សា​តាម​អនឡាញ​វិញ កត្ដា​នេះ​ធ្វើឱ្យ​កំណើន​ជនល្មើស​ឆ្លៀតឱកាស​ក្នុង​ការលួងលោម បោក​បញ្ឆោត​កុមារ ដើម្បី​បៀតបៀន​ ឬ​រំលោភបំពាន​មាន​ច្រើនជាង​មុន​។

បើតាម​លោក វ៉ាន់ដូរ តាមរយៈ​របាយការណ៍​ដែល​អង្គការ​របស់លោក​បាន​រកឃើញ ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២១ ​នេះ​មាន​ករណី​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ទាំង​តាម​ប្រព័ន្ធ​អនឡាញ និង​ដោយផ្ទាល់​មាន​ជាង ១១៦ ​ករណី ខណៈ​កាលពី​ឆ្នាំ​ ២០២០ មាន​ចំនួន ៥០ ​ករណី​។

ក្រសួង​មហាផ្ទៃ និង​អង្គការ​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​ ១៤ កក្កដា ឆ្នាំ​ ២០២១ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ «​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​»​។

លោកស្រី ញ៉ោប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ត្រូវ​បាន​រកឃើញថា បាន​កើនឡើង​ជា​លំដាប់​មិន​ថា​បរិបទ​ក្នុងប្រទេស​កម្ពុជា ឬ​ពិភពលោក​នោះទេ​។

លោកស្រី​បង្ហាញ​តាម​ការស្រាវជ្រាវ​ថ្មី​ថា​ក្នុង​រៀងរាល់ ៥ នាទី​ម្តង អំពើ​ជួញដូរ​រូប​អាសអាភាស​របស់​កុមារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវបាន​កើតឡើង​ក្នុង​បរិបទ​ជា​សកល​ស្របពេល​កម្ពុជា​ក៏មាន​សម្ទុះ​កើនឡើង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​របស់​កុមារ​ក្នុងពេល​បច្ចុប្បន្ន​។

លោក យី គីមថាន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា លើកឡើង​ថា ពាក់ព័ន្ធ​នឹង​កិច្ចការពារ​កុមារ​ពី​ការបៀតបៀន ឬ​រំលោភបំពាន​តាម​ប្រព័ន្ធ​អនឡាញ​នេះ គឺមាន​សារៈសំខាន់​ណាស់ ដោយសារ​ក្នុង​បរិបទ​បច្ចុប្បន្ន​កុមារ​ភាគច្រើន​គឺ​រៀនសូត្រ និង​ប្រើប្រាស់​ពេលវេលា​ច្រើន​នៅលើ​ប្រព័ន្ធ​នេះ​។

លោក​ថ្លែងថា​៖ «​ហានិភ័យ​នៃ​ការរំលោភបំពាន​ដល់​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ក៏មាន​កម្រិត​ខ្ពស់​ដែរ​បើ​យើង​មើល​ទៅតាម​បណ្ដាញ​ព័ត៌មាន និង​កិច្ចពិភាក្សា​ផ្សេងៗ គឺ​យើង​ឃើញថា រូបភាព​នៃ​ការរំលោភបំពាន​ដល់​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​នេះ គឺ​មាន​ការកើនឡើង​»​។

លោក គីមថាន សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួមចំណែក​នៅក្នុង​ការអនុវត្ដ​នូវ​ផែនការ​សកម្មភាព​ដើម្បី​បង្ការ​ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ចូលរួម​ទប់ស្កាត់​លើ​បញ្ហា​នេះ​៕