ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​ឆ្នាំ​ ២០២១ ​នៅ​ថ្ងៃទី​ ២០ ខែសីហា​ខាងមុខនេះ ខណៈ​ដែល​គ្រប់​វត្តអារាម និង​ព្រះវិហារ​នៃ​គ្រប់​សាសនា​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ត្រូវ​បន្លឺសំឡេង​ស្គរ​ជួង​កងរំពង​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ ដើម្បី​បួងសួង​ឱ្យ​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រជាជន​លើ​ពិភពលោក​ទទួលបាន​សេចក្តីសុខ ចៀស​ផុតពី​ការរំលោភបំពាន និង​អំពើ​ជួញដូរ​មនុស្ស​ដែលជា​ទាសភាព​សម័យ​ទំនើប​។

លោក ឈិត សុខុន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែសីហា​ថា ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៧ ​មក គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គ.ជ.ប.ជ.) តែង​បាន​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា មេដឹកនាំ​សាសនា​ធំៗ​ក្នុងប្រទេស​កម្ពុជា​ រៀបចំ​កម្មវិធី​អន្តរសាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​ក្នុង​គោលបំណង​បួងសួង​ឱ្យ​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រជាជន​លើ​ពិភពលោក​ទទួលបាន​សេចក្តីសុខ​ចៀស​ផុតពី​ការរំលោភបំពាន​ និង​អំពើ​ជួញដូរ​មនុស្ស​។

លោក​បាន​ថ្លែងថា​៖ «​កម្មវិធី​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស​ឆ្នាំ​ ២០២១ ​នេះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​អាន​សុន្ទរកថា​បើក​កម្មវិធី​ក្រោម​ប្រធានបទ​សូម​ពិភពលោក​រួច​ផុតពី​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​អំពើ​ជួញដូរ​មនុស្ស និង​មានការ​បន្លឺសំឡេង​ស្គរ​ជួង​កងរំពង​នៅវេលា​ម៉ោង​ ៦:០០ ​នាទី​ល្ងាច ថ្ងៃទី​ ២០ ខែសីហា​នោះ​ផងដែរ​»​។

ទន្ទឹមនឹង​នេះដែរ ដើម្បី​ឱ្យ​កម្មវិធី​នេះ​បាន​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​មហាជន​ទាំង​ក្នុងប្រទេស​ និង​ក្រៅប្រទេស ក្រសួង​ធម្មការ​ និង​សាសនា​ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​គ្រប់​វត្ត​អារាម និង​ព្រះវិហារ​នៃ​គ្រប់​សាសនា​ត្រូវ​បន្លឺសំឡេង​ស្គរ​ជួង​កងរំពង​នា​ថ្ងៃនោះ​ផងដែរ​ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាពិសេស​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ​៣កុំ​ ៣ការពារ​។

យោងតាម​របាយការណ៍ ដែល​បានបង្ហាញ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ចុងខែ​កក្កដា កន្លងមក​បានឱ្យដឹង​ថា ក្នុង​រយៈពេល​ ៦ ​ខែ ដើមឆ្នាំ​ ២០២១ គឺ​ចាប់ពី​ខែមករា ដល់​ខែមិថុនា អាជ្ញាធរ​បាន​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​កើនឡើង​ជាង​ ១០០ ​ករណី បើ​ប្រៀបធៀប​នឹង​ ៦ ​ខែ ក្នុង​ឆ្នាំ​ ២០២០ ​ដែល​បង្ក្រាបបាន​មានតែ​ ៦៣ ​ករណី​។

លោក ស ខេង បាន​លើកឡើង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ​មនុស្ស​រយៈពេល​ ៦ ​ខែ​មកនេះ អាជ្ញាធរ​បាន​បង្ក្រាប និង​ទប់ស្កាត់​ករណី​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ចំនួន​ ១៩៨ ​ករណី ដោយ​ឃាត់ខ្លួន​ជនល្មើស​ចំនួន​ ២៩១ ​នាក់ និង​បាន​រំដោះ​ជនរងគ្រោះ​ចំនួន​ ៧២១ ​នាក់​។

លោក​ថា​៖ «​តួលេខ​ ៦ ​ខែ ឆ្នាំនេះ គឺ​កើនឡើង​ជាង​ពាក់កណ្តាល បើ​ប្រៀបធៀប​តួលេខ​ ៦ ​ខែ​ឆ្នាំមុន គឺមាន​ត្រឹមតែ​ ៦៣ ​ករណី ឃាត់ខ្លួន​ ២៩១ ​នាក់ និង​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៧២១ ​នាក់​»​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការឈាន​ដល់​មាន​សកម្មភាព​ជួញដូរ​មនុស្ស​នេះ គឺ​កើតឡើង​តាមរយៈ​អាពាហ៍ពិពាហ៍​មិន​ស្របច្បាប់​ទៅ​ក្រៅប្រទេស ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ការប្រើ​ឧបាយកល​ទុច្ចរិត​អូសទាញ ឃោសនា ក្រោមរូបភាព​ផ្សេងទៀត​របស់​ជនល្មើស​។

នៅ​ព្រឹក​ថ្ងៃទី​ ១៧ ខែសីហា​ដដែល​នោះដែរ ក្រសួងសុខាភិបាល​បានរៀបចំ​នូវ​សិក្ខាសាលា​តម្រង់ទិស​មួយ​ស្តីពី​ការពង្រឹង​ការចូលរួម​សហគមន៍​ក្នុង​ការទប់ស្កាត់​ការចម្លង​កូវីដ​ ១៩ នៅ​ខេត្ត​ចំនួន ៩ ដែលមាន​រយៈពេល​ ២ ​ថ្ងៃ​គឺ​ថ្ងៃទី​ ១៧ និង​ ១៨ ខែសីហា​នេះ​។ ខេត្ត​ចំនួន​ ៩ ​នោះ​រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និង​កែប​។

លោកស្រី ឈា ឆដាភា ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់ សុខភាព​នៃ​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅក្នុង​ពិធី​នេះ​ថា ការចូលរួម​របស់​សហគមន៍​គឺជា​ការបង្កើត និង​ពង្រឹង​ទំនាក់ទំនង​ដែល​ជំរុញ​ឱ្យ​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ជាមួយគ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​សុខភាព​។

លោកស្រី​បាន​ថ្លែងថា​៖ «​នៅក្នុង​បរិបទ​មាន​ការរីករាលដាល​នៃ​ជំងឺឆ្លង និង​បញ្ហា​សុខភាព​បន្ទាន់​ផ្សេងៗ សហគមន៍​គឺជា​អ្នកដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ និង​ការបាត់បង់​នានា​»​។

លោកស្រី ឈា ឆដាភា បាន​បន្ថែមថា យន្តការ​សហគមន៍​បាន​ដើរតួនាទី​សំខាន់ ប៉ុន្តែ​បណ្តាញ​សហគមន៍​នៅមាន​ការជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា បុគ្គល និង​គ្រួសារ​មិនទាន់មាន​ការយល់ដឹង​ត្រឹមត្រូវ និង​ចូលរួម​ពេញលេញ​ក្នុង​ការផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​រស់នៅក្នុង​គន្លង​ប្រក្រតីភាព​ថ្មី និង​ការប្រឈម​ផ្សេងៗ​ទៀត​។

លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ក៏បាន​លើកឡើង​នូវ​ការងារ​អាទិភាព​ ៣ ​ចំណុច​សម្រាប់​ជំរុញ​ការចូលរួម​របស់​សហគមន៍​ក្នុងនោះ​មាន ទី​ ១ ការពង្រឹង​ភាពជា​ដៃគូ​ដែលមាន​ស្រាប់ និង​បង្កើត​ភាពជា​ដៃគូ​ថ្មី ដើម្បី​ឈានទៅដល់​ក៏​ដូចជា​ចូលរួម​ជាមួយនឹង​បណ្តាញ​សហគមន៍​កាន់តែ​ទូលំទូលាយ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​តំណាង​សហគមន៍ សហគមន៍ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។

លោកស្រី​បាន​បន្តថា ចំណុច​ទី​ ២ ​គឺ​ការពង្រឹង​រចនាសម្ព័ន្ធ​អភិបាលកិច្ច​សហគមន៍ ដែលមាន​ស្រាប់ ដើម្បី​ប្រើប្រាស់​យន្តការ​ប្រកបដោយ​ភាពច្នៃ​ប្រឌិត ដែលមាន​ស្រាប់ និង​កសាង​សមត្ថភាព​ភាគី​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ជំរុញ​ការចូលរួម​ផ្តល់​អំណាច និង​គាំទ្រ​សហគមន៍​នៅក្នុង​ការងារ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

លោកស្រី​ដែល​ជា​តំណាង អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បាន​ថ្លែងថា​៖ «​ចំណុច​ទី​ ៣ គឺ​ការបង្កើន​តួនាទី​ដ៏សំខាន់​របស់​បុគ្គលិក​ថែទាំ​សហគមន៍​នៅក្នុង​ការងារ ជំរុញ​ការចូលរួម​របស់​សហគមន៍ ដូចជា​នៅក្នុង​ការងារ​តាមដាន​ជំងឺ និង​ការប្រមូល​ទិន្នន័យ ការត្រៀមខ្លួន និង​ការងារ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ដូចជា​ការធ្វើ​ចត្តាឡីស័ក​ជាដើម ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្អែកលើ​ការចូលរួម​របស់​សហគមន៍​»៕