ភ្នំពេញៈ នគរបាល​ចរាចរណ៍​រាជធានី-ភ្នំពេញ​បាន​បញ្ជូន​មន្ត្រី​យោធា​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៧ ​សីហា ពាក់ព័ន្ធ​ករណី​បើកបរ​រថយន្ត​ក្នុងពេល​កំពុង​ស្រវឹង បុក​យុវជន​ប្រុស-ស្រី​ ៣ ​នាក់​ស្លាប់ នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល កាលពី​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១៦ ខែសីហា​។

លោក ហេង សារិម នាយផ្នែក​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៧ សីហា​ថា ជនសង្ស័យ​ឈ្មោះ យ៉ុន រិទ្ធី ជា​មន្ត្រី​យោធា​។ ចំពោះ​សំណុំរឿង​របស់គាត់ ត្រូវបាន​លោក​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​។ រីឯ​មនុស្សលោក​បញ្ជូន​ទៅតាម​ក្រោយ​នៅ​ថ្ងៃទី​ ១៧ សីហា​។ «​ករណីនេះ​សមត្ថកិច្ច​ខ្ញុំ​កំពុងដំណើរការ​នីតិវិធី​តាមផ្លូវ​ច្បាប់​»​។

លោក​ឱ្យដឹង​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទី១- ​ឈ្មោះ ស្រី ឆយ ភេទ​ស្រី អាយុ​ ១៧ ​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ហាង​អាហារ ស្លាប់​នៅ​កន្លែងកើតហេតុ​។ ទី​២- ​ឈ្មោះ​ ស្រីនីត ភេទ​ស្រី អាយុ​ ១៧ ​ឆ្នាំ និង​ឈ្មោះ បញ្ញា ភេទ​ប្រុស​ ១៨ ​ឆ្នាំ ពួកគេ​ទាំង​ ២ ​នាក់​​ បាន​ស្លាប់​ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ ពួកគេ​ទាំង​ ៣ ​រស់នៅ​តំបន់ភ្នំ​ប្រសិទ្ធិ៍​ក្នុងស្រុក​ពញាឮ​ខេត្តកណ្តាល​។

លោក សារិម បញ្ជាក់ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ ដែល​នគរបាល​មូលដ្ឋាន​ខណ្ឌ​កំបូល​សរសេរ​ក្នុង​របាយការណ៍​ថា មុន​កើតហេតុ នៅវេលា​ម៉ោងជាង​ ១ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៦ សីហា គេ​បានឃើញ​ជនរងគ្រោះ​ទាំង​ ៣ ​នាក់ ជិះ​ម៉ូតូ​ ១ ​គ្រឿង​ឌុប​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ យុវជន​ម្នាក់​ជា​អ្នក​ឌុប ចំណែក​នារី​ ២ ​នាក់​ទៀត ជិះ​ពីក្រោយ​ក្នុង​ល្បឿន​មធ្យម​ស្របតាម​គន្លង​ផ្លូវ​របស់​ជនរងគ្រោះ​។

លោក​បន្តថា នៅពេលនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក​កូរ៉ូណា​ពណ៌​ខ្មៅ​ ១ ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2A4705 បើកបរ​ដោយ​បុរស​ម្នាក់​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច បាន​បើកបរ​ចូល​គន្លង​ផ្លូវ​ម៉ូតូ​ដែល​មក​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បុក​ម៉ូតូ​របស់​ជនរងគ្រោះ​ពេញទំហឹង​បណ្តាល​ឱ្យឈ្មោះ ស្រី ឆយ ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ចំណែក​យុវជន​ប្រុស​ស្រី​ ២ ​នាក់​ទៀត បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ បើតាម​លោក សារិម ​ថា​៖ «​ជនសង្ស័យ​បាន​បើករថយន្ត​ចូល​ចំណែក​ផ្លូវ​របស់​ជនរងគ្រោះ​។ ពេលនោះ​គាត់​មាន​ផ្ទុក​ជាតិ​អាល់កុល ព្រោះ​គាត់​ផឹកស្រា​»​។ សមត្ថកិច្ច​បាន​ដឹក​វត្ថុតាង​ម៉ូតូ និង​រថយន្ត​ទាំង​ ២ ​ភាគី ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំង​ ២ ​ដោះស្រាយ​គ្នា​។

ពាក់ព័ន្ធ​តុលាការ​ចោទប្រកាន់​លើ​ជនសង្ស័យ​យ៉ាងណា​នោះ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទាក់ទង​ទៅ​លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​សារ​តេឡេក្រាម តែ​លោក​មិនទាន់​ឆ្លើយតប​នៅឡើយ​៕