ភ្នំពេញៈ អាជ្ញាធរ​ដែនដី​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​បាន​ទុកពេល​ ៣ ​ថ្ងៃ​ឱ្យ​ពលរដ្ឋ​ជាង​ ៦០ ​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ ១៤ សង្កាត់​បឹងកក់​ទី​១ ​រុះរើ​របង និង​ផលដំណាំ​ចេញពី​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែល​​នឹងត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​ ១៩ ​សីហា ខណៈ​ពលរដ្ឋ​ប្រកាន់​ជំហរ​តវ៉ា​មិន​ព្រម​អនុវត្តតាម​ការណែនាំ​នេះ​។

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ១៦ ​ខែសីហា​របស់​សាលាសង្កាត់​បឹងកក់​ទី​១ នៃ​សាលាខណ្ឌ​ទួលគោក​បានឱ្យ​ដឹងថា ពលរដ្ឋ​ដែល​រស់នៅ​អាង​ស្តុក​ទឹក​ទួលគោក​ទី​២ ​តាម​បណ្តោយ​ផ្លូវដែក​ក្នុងភូមិ​ ១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ដែល​បាន​ដាំ​ដំណាំ​ដើម​ចេក និង​ធ្វើ​របង​នៅ​តំបន់​អាង​ស្តុក​ទឹកស្អុយ​ទួលគោក​ទី​២ ​នាពេល​ថ្មីៗ​នេះ គឺ​ត្រូវ​រុះ​រើចេញ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​ ១៦ ដល់ទី​ ១៩ សីហា​។

សេចក្តី​ជូនដំណឹង​នេះ​បាន​បញ្ជាក់ថា ការឱ្យ​ពលរដ្ឋ​រុះរើ​ដោយ​ខ្លួនឯង​នេះ​ក៏​ព្រោះ​ទីតាំង​នោះ​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​នៅនឹងកន្លែង និង​រៀបចំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ដែលមាន​ទំហំ​ដី​ ៤ ​ម៉ែត្រ​ x១០ ​ម៉ែត្រ​របស់​រាជរដ្ឋាភិបាល​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា «​ដើម្បីឱ្យ​ដំណើរការ​អភិវឌ្ឍន៍​ខាងលើ​ទទួល​បាន​លទ្ធផល​ល្អ​ ​និង​តាម​ផែនការ​ដែល​បាន​គ្រោងទុក សូម​លោក-លោកស្រី​រុះរើ​របង និង​ដំណាំ​ចេញពី​ទីតាំង​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូតដល់​ថ្ងៃទី​ ១៩ ខែ​​ សីហា ឆ្នាំ​ ២០២១ ជា​កំហិត​»​។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខណ្ឌ​​ទួលគោក​ក៏បាន​ព្រមាន​ដែរ​ថា​ក្នុងករណី​ពលរដ្ឋ​ដែល​មាន​ការប៉ះពាល់​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ-សង្កាត់​នឹង​ចុះ​អនុវត្តតាម​ផ្លូវច្បាប់​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​​ ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​។

លោក ធន់ សារ៉េត ជា​ពលរដ្ឋ​ដែល​រស់នៅ​លើដី​នេះ​ប្រមាណ​ ៤០ ​ឆ្នាំ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​នឹងមិន​ព្រម​រុះរើ​តាម​សេចក្តី​ជូនដំណឹង​នោះ​​ទេ​។ ការដែល​ពលរដ្ឋ​បដិសេធ​យ៉ាង​​ដូច្នេះ ក៏​ព្រោះតែ​ពួកគាត់​បានរស់នៅ​លើ​ទីតាំង​ដី​ជា​យូរ​ឆ្នាំ​មកហើយ​។

លោក​បានឱ្យដឹង​ដែរ​ថា កាលពី​ឆ្នាំ​ ២០១៧ កន្លងទៅ ពលរដ្ឋ​ក៏បាន​យល់ព្រម​ផ្ដល់​ដី​ប្រវែង​ ២៥ ​ម៉ែត្រ​កន្លះ​ សម្រាប់​ការពង្រីក​ប្រឡាយទឹក និង​ផ្លូវ​អម​ប្រឡាយ​ ៦ ​ម៉ែត្រ​ទៀត ជូន​សាលា​រាជធានីភ្នំពេញ ដើម្បី​ស្ដារ និង​រំដោះ​ទឹក​កុំឱ្យ​​លិចលង់​ក្នុង​ទីក្រុង​ផងដែរ​។

លោក​បាន​រៀបរាប់ថា​៖ «​វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួកខ្ញុំ​។ ​ខ្ញុំ​បាន​ផ្តល់ជូន​ដី​រដ្ឋ​កន្លងទៅ​ជាច្រើន​ហើយ ហើយ​ពួកយើង​សល់​តែ​ប៉ុន្មាន​នេះ​ទេ ហើយ​គាត់​ចង់បាន​ដី​របស់​យើង​ពាក់កណ្តាល​ទៀត​ទៅធ្វើ​ការបែងចែក​ឱ្យ​អ្នកផ្សេង​។ ​ខ្ញុំ​សួរថា ចុះ​កូនចៅ​ខ្ញុំ​បាន​អី ពួកយើង​មានតែ​ដី​ប៉ុណ្ណឹង​ហើយ​សង្ឃឹមថា ទទួលបាន​សិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​»​។

ជាមួយ​នឹង​ការប្រកាន់​ជំហរ​តវ៉ា​បែបនេះ លោក ធន់ សារ៉េត បាន​អះអាង​ថា នៅ​ថ្ងៃទី​ ១៩ ដែលជា​ថ្ងៃ​កំណត់​នោះមក​ដល់ ពលរដ្ឋ​ទាំងអស់​នឹង​ប្រមូល​ផ្តុំគ្នា​​ដើម្បី​ប្រឆាំងនឹង​ការចុះ​រុះរើ​ទ្រព្យសម្បត្តិ​របស់ខ្លួន​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​ដល់​ថ្ងៃ​គេ​មក​រុះរើ គឺ​ខ្ញុំ​មានតែ​ប្រើ​កម្លាំង​ទប់ទល់​​ពលរដ្ឋ​ទាំង​ជាង​ ៦០ ​គ្រួសារ​នេះ ​ប្តេជ្ញា​តវ៉ា​​ដាក់​កង់ឡាន​បិទ​មិនឱ្យ​ចូល​ទេ​។ ​ពួកយើង​​បារម្ភ​វា​បារម្ភ​ហើយ ប៉ុន្តែ​ពួកយើង​គ្មាន​ជម្រើស​នោះទេ យើង​ការពារ​ដី​របស់​ពួកយើង​ដែល​បានរស់នៅ​ ៤០ ​ឆ្នាំនេះ​»​។

លោក ឯក ឃុនដឿន អភិបាលខណ្ឌ​ទួលគោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ក្នុងករណី​ពលរដ្ឋ​មិន​ពេញចិត្ត​នឹង​សេចក្តី​ជូនដំណឹង​នេះ​គឺអាច​ទៅ​តវ៉ា​នៅ​សាលាសង្កាត់ ឬ​សាលាខណ្ឌ​បាន​។ លោក​បន្តថា ការដែល​រដ្ឋបាល​ខណ្ឌ​សម្រេច​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​ពលរដ្ឋ​កំពុង​រស់នៅ​លើ​តំបន់​មិន​រៀបរយ​ហើយ​ជា​ដី​ចំណីផ្លូវ​សាធារណៈ​របស់​រដ្ឋ​។

ដូច្នេះ​ដើម្បី​ទទួលបាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់ អាជ្ញាធរ​ត្រូវ​បែងចែក​ដល់​ពលរដ្ឋ​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលនយោបាយ​អភិវឌ្ឍន៍​នៅនឹងកន្លែង ហើយ​ដី​មួយផ្នែក​ទៀត ដែល​ពលរដ្ឋ​កាន់កាប់ គឺ​ត្រូវ​បែង​ចែង​ដល់​ពលរដ្ឋ​ដទៃទៀត​។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា​៖ «​បើ​ពួកគាត់ មិន​ពេញចិត្ត​ឱ្យ​គាត់​មក​សង្កាត់ មក​ខណ្ឌ ព្រោះ​ដី​នេះ​គឺជា​ដី​ចំណី​ប្រឡាយ និង​ដី​ចំណីផ្លូវ​រថភ្លើង​។ យើង​នឹង​សម្របសម្រួល​ជាមួយ​គាត់​ឱ្យ​ទទួល​យក​គោលនយោបាយ​អភិវឌ្ឍន៍​នៅនឹងកន្លែង​ទៅតាម​ការបែងចែង​របស់​សាលារាជធានី​»៕