ភ្នំពេញ៖ ខណ្ឌ​ដង្កោ​ចាប់​ឃាត់​រថយន្ត ​ម៉ូតូរ៉ឺម៉ក ​ចំនួន​ ១៦ គ្រឿង ​ករណី​ដឹក​សំរាម ​សំណល់​រឹង​ យកមក​បោះចោល ​ដុត​ នៅតាម​ដង​ផ្លូវ ​ទី​សាធារ​ណៈ​ក្នុង​រយៈពេល​ ៧ ខែ​ឆ្នាំ ២០២១ ​ខណៈ​បរិមាណ​សំរាម​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ មាន​ប្រមាណ​ពី​ ២០០ តោន​ ទៅ ​២២០ តោន ​ក្នុង​ ១ ថ្ងៃ​ ឬ​ប្រហែល ​៧ ភាគ​រយ ​នៃ​ចំនួន​សំរាម​សរុប​ក្នុង​រាជធានី​ភ្នំពេញ។

យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទី១ ​ផ្តល់ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​នាថ្ងៃ​ទី ១៨ ​សីហា ​ដោយ​លោក​ហ៊ាង ញ៉ ​អនុប្រធាន​ការិយាល័យ​សា​ធារណការ ​ដឹកជញ្ជូន​ អនាម័យ​បរិស្ថាន​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ​នៃ​សាលា​ខណ្ឌ​ដង្កោ ​ក្នុង​រយៈពេល​ ៦ ខែ ​ឆ្នាំ ២០២១ ​រដ្ឋបាល​ខណ្ឌ​ដង្កោ​បានឃាត់​រថយន្ត ​ម៉ូតូ​រ៉ឺម៉ក​ចំនួន​ ១២​ គ្រឿង​ យកមក​ធ្វើ​កិច្ចសន្យា​រក្សាទុក​ និង​ធ្វើកិច្ចសន្យា ​ដោយសារ​ពួកគេ​បានដឹក​សំរាម ​សំណល់​រឹង ​មក​បោះចោល ​ឬ​ដុត ​នៅតាម​ដង​ផ្លូវ​សាធារណៈ។

តាម​របាយការណ៍​ប្រចាំខែ​កក្កដា ​របស់​ការិយាល័យ​សាធារណការ ​ដឹកជញ្ជូន ​អនា​ម័យ​​បរិស្ថាន ​និង​សណ្ដាប់​ធ្នាប់​សាធារ​ណៈ​ក្នុង​ខែកក្កដា ​រដ្ឋបាល​ខណ្ឌ​ដង្កោ​បានឃាត់​រថយន្ត ​ម៉ូតូ​រ៉ឺម៉ក​ចំនួន​ ៤ គ្រឿង​ទៀត​ ដែលតម្រូវ​ឱ្យ​ម្ចាស់​​យានយន្ត​ទាំង​នោះ​ធ្វើ​កិច្ចសន្យា។

លោក​ ហ៊ាង ញ៉ ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ​បច្ចុប្បន្ន​សាលា​ខណ្ឌ​បាន​ចាត់​វិធានការ​ជាជំហាន​ដំបូង​តាមរយៈ​ការឃាត់​យានយន្ត​ និង​ការធ្វើ​កិច្ច​សន្យា។

លោក​និយាយថា​៖ «ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ ​យើង​យកមក​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋបាល​ខណ្ឌ​ដង្កោ​ គឺ​យើង​ទុក​[យានយន្ត]​រយៈ​ពេល​១សប្តាហ៍ ​លើក​ទី១​ ដើម្បី​ឱ្យ​រាង​ចាល។ លើក​ទី២​ បើ​នៅតែ​យក​សំរាម​ចាក់​អ៊ីចឹង​ទៀត ​ចាក់​ពាស​វាល​ពាស​កាល​ទៀត​ អា​ហ្នឹង​ទុក​ ២ សប្តាហ៍ ​ដល់​កន្លះខែ ​អាច​ដល់ ​១ ខែ»។

លោក​បន្តថា​៖ «ហើយ​ករណី​ដែល​យើង​ចាប់​ម៉ូតូ​រ៉ឺម៉ក ​ឡាន​សំរាម​ យក​សំរាម​ចាក់​ចោល​ហ្នឹង​ទៀត​ មុន​នឹង​ឱ្យ​គាត់​ចេញ​ទៅ​វិញ​ យើង​ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​នៅមុខ​ជាមួយ​នឹង​គាត់​ជាលើក​ទី១​ អត់ឱ្យ​មាន​លើក​ទី២​ ទេ។ បើ​មាន​លើក​ទី២ ​យើង​នឹង​ផាក​ពិន័យ​ អនុវត្ត​តាម​អនុក្រឹត្យ​លេខ​ ១១៣»។

យោង​តាម​អនុក្រឹត្យ​លេខ ​១១៣ ​អនក្រ.​បក ​មាត្រា​៤២ ​បុគ្គល​ណា​ដែល​ចោល​សំរាម​ សំណល់​រឹង​ នៅលើ​ទី​សាធារណៈ ​តាម​ដង​ផ្លូវ​ ទីវាល​ដី​កម្មសិទ្ធិ ​ឬ​ទីកន្លែង​ដែល​រដ្ឋបាល​រាជធានី-​ក្រុង-​ស្រុក​ ខណ្ឌ​ហាមឃាត់​ការបោះ​ចោល​សំរាម ​សំណល់​រឹង​ទីប្រជុំ​ជន​ នឹង​ត្រូវ​ទទួល​ការ​ពិន័យ​អន្តរការណ៍​ជាប្រាក់​ពី​ ២០ ០០០​ រៀល ​ដល់​ ៤០០ ០០០​ រៀល ​និង​ទណ្ឌកម្ម​ផ្សេងៗ ​ដូចជា​ការប្រមូល​វេចខ្ចប់​សំរាម​ទាំង​នោះ​ទៅ​ដាក់​ទីតាំង​ដែល​អាជ្ញាធរ​បាន​កំណត់ ​ឬ​ទៅ​ទីលាន​ចាក់​សំរាម។

ក្នុង​ឆ្នាំ ២០២០ ​រដ្ឋបាល​ខណ្ឌ​ដង្កោ​បាន​ចុះ​ល្បាត​ឃាត់​រថយន្ត ​ម៉ូតូ​រ៉ឺម៉ក​ចំនួន​ ២៩ គ្រឿង ​ករណី​ដឹក​សំរាម ​សំណល់​រឹង​-រាវ​ សំណល់​អេត​ចាយ​សំពីង​សំពោង​យកមក​បោះចោល​ ដុត​ បង្ហូរ​សំណល់​រាវ​ បង្ក​ផល​ប៉ះពាល់​សោភណភាព ​សណ្តាប់​ធ្នាប់​ នៅតាម​ទីសាធារណៈ​ ដោយ​បាន​រក្សា​ទុក​យានយន្ត​ទាំង​នោះ​រយៈពេល​ ៧ ថ្ងៃ ​និង​ធ្វើ​កិច្ចសន្យា ​និង​ផាក​ពិន័យ​នៅ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ។

លោក​ ហ៊ាង ញ៉ ​បានបន្ត​ថា ​ជាទូទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម ​ដឹកជញ្ជូន​សំរាម​ប្រមាណ​ជា ២០០ ​ទៅ ​២២០ តោន ​ក្នុង ​១ ថ្ងៃ ​ដែល​ភាគ​ច្រើន​ជា​សំណល់​ផ្ទះ​បាយ។ សំណល់​របស់​អ្នកជំងឺ​កូ​វីដ ១៩ ​ត្រូវ​បាន​ប្រមូល​ និង​បំផ្លាញ​ដោយ​អង្គភាព​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ​ដាច់​ដោយ​ឡែក។ ខាង​ក្រុមហ៊ុន​ដឹក​សំរាម​ និង​ខណ្ឌ​ ទទួល​បន្ទុក​លើ​សំរាម​របស់​បុគ្គលិក​សុខាភិបាល ​និង​មន្ត្រី​រាជការ​ប្រចាំការ​នៅ​តាម​ទីតាំង​ព្យា​បាល​កូវីដ​ និង​ទីតាំង​ធ្វើ​ចត្តាឡីស័ក​ចំនួន​៥កន្លែង​ក្នុង​ខណ្ឌ​ដង្កោ។

បើ​តាម​លោក​ ហ៊ាង ញ៉ ​បច្ចុប្បន្ន​ការប្រមូល​សំរាម​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទាំង​ ១២ ​នៃ​ខណ្ឌ​ដង្កោ​ធ្វើឡើង​ដោយ​រថយន្ត​ក្រុមហ៊ុន​ Mizuda​ ចំនួន​ ១៣ គ្រឿង ​និង​ម៉ូតូ​រ៉ឺម៉ក​ឧបត្ថម្ភ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​ ១២ គ្រឿង។

លោ​កបន្ត​ថា​ បច្ចុប្បន្ន​ក្រុម​ការងារ​របស់​លោក​ក៏​កំពុងតែ​លុប​បំបាត់​ដេប៉ូ​សំរាម​នៅតាម​ដងផ្លូវ ​និង​សំរាម​របា​ត់​រប៉ាយ​នានា​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ដែល​ភាគច្រើន​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​អ្នកលក់​ដូរ​ចល័ត។

លោក​អះអាង​ថា ​កន្លងមក​មាន​អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​បាន​ចុះ​ផ្សព្វផ្សាយ​ពី​បញ្ហា​រឿង​បោះចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់ ​និង​ការ​ដាក់​ស្លាក​បម្រាម​នានា ​ការអប់រំ​ស្តីពី​ការទុកដាក់​សំរាម​ផ្សេងៗ ​ប៉ុន្តែ​នៅតែ​មាន​ការបោះ​សំរាម​រប៉ាត់​របាយ​តាម​ដង​ផ្លូវ​ក្នុង​តំបន់​នោះ។

តាម​របាយការណ៍​របស់​ការិយាល័យ​សាធារណការ ​ដឹកជញ្ជូន ​អនាម័យ​បរិស្ថាន ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ ខណ្ឌ​ដង្កោ​បាន​ធ្វើការ​ចូលរួម​លុប​បំបាត់​ដេប៉ូ​សំរាម ​បោស​កើប​ប្រមូល​សម្អាត​សំរាម​កក​ស្ទះ​រាយប៉ាយ ​នៅតាម​ដងផ្លូវ​សាធារណៈ​សម្រេច​បាន​ចំនួន​ ១២ លើក​ ក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំ ២០២១ ​និង​ ៦ លើក​ក្នុង​ខែ​កក្កដា។

កញ្ញា​ សួន ស្រីដែត ​ដែល​ជា​និស្សិត​ឆ្នាំទី៣​ និង​ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​សង្កាត់​ចម្ការ​ដូង ខណ្ឌ​ដង្កោ​បាន​និយាយ​ថា​ បច្ចុប្បន្ន​​មិន​មាន​បញ្ហា​ក្នុង​ការ​ប្រមូល​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ។ កញ្ញា​ថា ​ភាគច្រើន​មាន​ឡាន​សំរាម​មក​ប្រមូល​ជាប្រចាំ​នៅ​ពេល​យប់ ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​ប៉ុន្មាន​ខែមុន។

លោក ​នេត ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​ ក្នុង​ ១ ថ្ងៃ​ កម្ពុជា​ផលិត​សំរាម​ប្រមាណ​ជាង​ ១ ម៉ឺន​តោន​ ឬ​ជិត ​៤ លាន​តោន​ នៅ​រយៈពេល​ ១ ឆ្នាំ។

លោក​បាន​បន្ត​ថា​ នៅ​ក្នុង​នោះ​ ៦៨% ​គឺជា​ប្រភេទ​សំណល់​សរី​រាង្គ ​ជាង ​២០% ​គឺជា​សំណល់​ប្លាស្ទិក ​ហើយ​ប្រមាណ​ជាង ​១០% ​ទៀត ​ជា​សំណល់​រឹង​ និង​សំណល់​គ្រោះ​ថ្នាក់។ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​មាន​ការផលិត​សំរាម​ប្រមាណ​ពី ​២ ៧០០ តោន​ ទៅ​ ៣ ០០០ តោន​ ជា​រៀង​រាល់​ថ្ងៃ។

លោក​ នេត ភក្ត្រា ​ថ្លែងថា​៖ «ទី​១​ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង ​សំរាម​នេះ ​ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​ភារកិច្ច​នេះ​ទៅដល់ ​រដ្ឋបាល​ខេត្ត​រាជធានី។ ​តាម​អ្វី​ដែល​ក្រសួង​បរិស្ថាន​បាន​សង្កេត​ឃើញ ​គឺ​រដ្ឋបាល​រាជធានី​បាន​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការងារ​គ្រប់គ្រង​សំណល់​រឹង​ សំរាម។ ​ក្នុង​នោះ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កិច្ចការងារ​នេះ​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​លើ​ការ​ប្រមូល​សំរាម​នៅ​រាជ​ធានី​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​បាន​និង​កំពុងតែ​ដំណើរការ​ប្រមូល​សំរាម​នៅ​តាម​ទី​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ»៕

រ៉ូ គឹមឡុង