ព្រះសីហនុ៖ តំណាង​អយ្យការ​នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ នៅ​រសៀល​ថ្ងៃទី ១៨ ​ខែសីហានេះ ​កំពុង​ពិនិត្យ​សំណុំ​រឿង​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ជាអាទិ៍ ​និង​បទ​បរិហាកេរ្តិ៍ ​ថ្នាក់ដឹកនាំ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម TikTok។​

លោក ហួត វិចិត្រ ​ព្រះរាជអាជ្ញារង​ និង​ជាអ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​ថ្លែង​នៅរសៀល​ថ្ងៃទី ១៨​ ខែសីហា​ថា ​សំណុំ​រឿង ​ឈ្មោះ​ វ៉ាន់ ចាន់ឌី ​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍ ​និង​បទបរិហាកេរ្តិ៍​ថ្នាក់​ដឹកនាំ​ជាសាធារណៈ​នោះ ​កម្លាំង​មន្រ្តី​យុត្តិធម៌​ទើប​បញ្ជូន​មកដល់​តំណាង​អយ្យការ ​និង​មិនទាន់​មាន​ការសម្រេច​យ៉ាង​ណា​ទេ។

លោក​ថ្លែងថា​៖ «សំណុំរឿង​ទើបតែ​បញ្ជូន​មកដល់​ការិយាល័យ​កិច្ចការ​អយ្យការ។ ចំពោះ​ចំណាត់ការ​ នៃ​នីតិវិធី ​គឺ​តំណាង​អយ្យការ​កំពុងតែ​ពិនិត្យ»​។

លោក ​ញា ពិសិដ្ឋ​ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​ នៃ​ទីបញ្ជាការ​ដ្ឋានកង​រាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ​ថ្លែង​នៅ​ថ្ងៃទី ១៨ ​សីហា​ថា ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះសីហនុ ​បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​បន្ទាប់ពី​រូបគេ​បានបង្ហោះ​វីដេអូ ​Tik Tok​ បរិហារកេរ្តិ៍​ថ្នាក់​ដឹកនាំ​ជា​សាធារ​ណៈ។

លោក​ ពិសិដ្ឋ ​បន្តថា ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ​នៅវេលា​ម៉ោង ៨ ​និង ៣០​ នាទី ​យប់ថ្ងៃទី ​១៦ ​ខែ សីហា ​ឆ្នាំ​ ២០២១។ ជននេះ​មាន​ឈ្មោះ ​វ៉ាន់ ចាន់​ឌី ​អាយុ ៣១ ​ឆ្នាំ ជា​កម្មករ ​មាន​ទីលំនៅ​ ក្រុម​ ២​ ភូមិ​៣ ​សង្កាត់​លេខ​ ១ ក្រុង-​ខេត្ត​ព្រះសីហនុ។

លោក​ថ្លែងថា​៖ «យើង​បញ្ជូន​ជននោះ​ទៅ​តុលាកា​ហើយ ​ក្រោយពី​បានបន្ត​នីតិវិធី​រួចរាល់​នៅ​រសៀល​ថ្ងៃទី ១៨ ​សីហា​នេះ»។

ទោះ​យ៉ាងណា ​ភ្នំពេញ​ ប៉ុស្តិ៍ ​មិនទាន់​ស្វែងរក​បានប្រភព ​ដើម្បី​បញ្ជាក់​លម្អិត​ អំពី​អត្ថន័យ​នៃ​ពាក្យ​ញុះញង់ ​និងបរិហារកេរ្តិ៍ ​យ៉ាងម៉េច​ទៅលើ​ថ្នាក់​ដឹកនាំ​ និង​ពេលវេលា​ដែល​បុរស​នោះ​បង្ហោះ​វីដេអូ​បរិហារកេរ្តិ៍​នោះ​ទេ។

លោក ​ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​ថ្លែង​នៅ​ថ្ងៃទី ១៨ ​ខែសីហានេះថា ​រដ្ឋាភិបាល​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការបញ្ចេញ​សារ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ ដែល​នាំឱ្យ​មាន​ការបិទ​អាខោន​ហ្វេសប៊ុក ​និង​ចាប់​ខ្លួន​អ្នក​ប្រើប្រាស់ ​Tik Tok​ មួយ​ចំនួន​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​មើល​ឃើញ​ថា ​មាន​និន្នាការ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល។​

លោក​ថ្លែងថា​៖ «ការចាប់​ខ្លួន​និង​ការចោទ​ប្រកាន់​ពី​បទ​ញុះញង់​អី​ហ្នឹង​ បើ​មើល​ក្នុង​មូលដ្ឋាន​ច្បាប់​ គឺ​ទូលាយ​ពេក។ ក្នុង​ការបកស្រាយ ​ឬ​ចោទ​ប្រកាន់​ថា ​ការសម្តែង​មតិ ​ឬក៏​បង្ហោះ​សារណា​មួយ​ហ្នឹង​ជាបទ ​ដែល​អាច​ឈាន​ទៅ​ដល់​នាំឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​ សន្តិសុខ​សុវត្ថិភាព​សង្គម​អី​ហ្នឹង ​គឺ​អត់​មាន​ព្យសនកម្ម​ជាក់ស្តែង​ក្នុង​ការចោទ​ប្រកាន់​ដល់​បទឧក្រិដ្ឋ​ហ្នឹង»។

លោក ​ប៉ា ចន្ទរឿន ​ស្នើឱ្យ​អាជ្ញាធរ​គួរតែ​ធ្វើ​ការអប់រំ​ណែនាំ ​ឱ្យ​បុគ្គល​ដែល​ខុស​សារភាព​ហើយ​កែតម្រូវ ​ល្អ​ជាង​ការបិទ​សិទ្ធ​សេរីភាព ​ធ្វើ​ទុក្ខ ​បុក​ម្នេញ ​រហូត​ដល់​ការដាក់​បទចោទ​ដែល​ឈាន​ដល់​ការឃុំ​ឃាំង​ក្នុង​ពន្ធនា​គារ៕