ភ្នំពេញៈ ​រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ការគាំទ្រ​ថវិកា​ប្រមាណ​ ៦៥​ លាន​ដុល្លារ​ ដល់​កម្ពុជា​សម្រាប់​ដំណើរ​ការ​កម្មវិធី​អភិវឌ្ឍន៍​រយៈពេល ​៥ ឆ្នាំ​នៅ​កម្ពុជា​។

ការ​ប្រកាស​គាំទ្រ​បែបនេះ​ធ្វើឡើ​ង​ក្នុងជំនួប​រវាង​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​លោក​ PabloKang​ ឯក​អគ្គរា​ជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​វីដេ​អូ​កាល​ពី​ថ្ងៃទី​ ១៨​ ខែសីហា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃទី ១៨​ ខែសីហា​ បញ្ជាក់ថា ​លោក ​អូន ​ព័ន្ធ​មុនីរ័ត្ន​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​តែង​តែ​បន្ត​ផ្តល់​ការ​គាំទ្រ​ទាំង​ប​ច្ចេ​ទេស​និង​ហិរញ្ញវត្ថុ​សម្រាប់​កិច្ច​អភិវឌ្ឍ​ន៍​នៅ​កម្ពុជា​ស្ទើរ​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​កសិកម្ម​តាមរយៈ​កម្មវិធី​ខ្សែច​ង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​ជំហាន​ទី១ និងទី២ (CambodiaAgriculturalValueChainProgram) ដែល​ផ្តោតលើ​ស្តារ​និង​កសាង​ប្រព័ន្ធ​ធារាសា​ស្ត្រ​កសិកម្ម,ការលើ​កក​ម្ពស់​ពាណិជ្ជនី​យកម្ម​កសិកម្ម​និង​ភាព​ធន់​កសិកម្ម​ជាដើម។

ក្នុងជំនួប​នោះ លោក ​Pablo Kang ថ្លែងប្រាប់​លោក ​អូន ​ព័ន្ធ​មុនីរ័ត្ន​ នូវ​វឌ្ឍនភាព​នៃ​គម្រោង​នានា​ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ដូចជា​គំនិត​ផ្តួចផ្ដើម​ភាពជា​ដៃគូ​មេគង្គ-អូស្ត្រាលី (Mekong-AustraliaPartnership),មជ្ឈមណ្ឌល​មេគង្គ-អូស្ត្រាលី​ សម្រាប់​ទឹក​ និង​ប្រព័ន្ធធារាសាស្ត្រ (Mekong-Australia Centre for WaterandIrrigation),ភាពជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង​ការវិនិ​យោគ​ក​សិ-ចំណី​អាហារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល។

សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា លោក Pablo Kang ក៏បាន​លើកឡើង​នូវ​សំណើ​ផ្តល់​គាំទ្រ​ដល់​កម្ពុជា​លើ​កិច្ចការ​មួយ​ចំនួន​ទៀត​ដូចជា ​ការ​សិក្សា​បុ​រេ​សមិទ្ធិ​ក្នុងការ​បង្កើត​សួន​កសិឧស្សាហកម្ម, កម្មវិធី​ពន្លក​ចំណេះ​និង​ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាពេលខាងមុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖ «បន្ថែម​ពីនេះ​ឯកឧត្តម​អគ្គរាជទូត [Pablo Kang] ក៏បាន​ជម្រាបជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយ​ករ​ដ្ឋមន្ត្រី [អូន ​ព័ន្ធមុនីរ័​ត្ន] អំពី​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​រយៈ​ពេល ​៥ ឆ្នាំ​បន្ទាប់​ ដែលមាន​ថវិកា​គាំទ្រ​ប្រមាណ​ ៩០ ​លាន​ដុល្លារ​អូស្ត្រាលី​ [៦៥ លា​ន​ដុល្លារ​អាមេរិ​ក] និង​អាទិភាព​សំខាន់ៗដែល​នឹង​ផ្តោត​សម្រាប់​កម្មវិធី​ជំហាន​បន្ទាប់​នេះ»។

លោក​ មាស ​សុខ​សេន​សាន អ្នកនាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​បានទេ​ ជំរុញ​បញ្ហា​នេះ​កាលពី​ថ្ងៃទី ១៨ ខែសីហា។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្នុងជំនួប​ដដែល​នេះ​លោក ​អូន ​ព័ន្ធមុនីរ័ត្ន​ ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បានផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេកទេស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​កន្លងមក។

លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​សំណើ​បន្ត​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​បន្ថែម​ដល់​កម្ពុជា ​និង​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​ជំហាន​បន្ទាប់​របស់​រដ្ឋា​ភិ​បាល​អូស្ត្រាលី​ផងដែរ។

លោក​ថ្លែងថា ​អាទិភាព​ចំពោះមុខ​របស់​រដ្ឋាភិបាល ​គឺ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ និង​ការកសាង​សមត្ថភាព​កម្ពុជា​ ដើម្បី​អាច​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ ១៩ ក្នុង​រយៈពេល​មធ្យម​និង​វែង​ ហើយ​អំឡុង​ពេលនេះ ​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​វិបត្តិ​កូ​វីដ ១៩ ដោយ​ផ្តោតលើ​គោលការណ៍​គន្លឹះ​ចំនួន​ ៣​ គឺ​ការ​ងើប​ឡើងវិញ​ កំណែទម្រង់​ និង​ភាព​ធន់ (៣Rs) ដែល​ផ្តោតលើ​ការគាំទ្រ​វិស័យ​អាទិភាព​ជាច្រើន ​ជាពិ​សេស​វិស័យ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ ១៩។

លោក​ថ្លែងថា៖ «ក្នុងន័យនេះ​ជំនួយ​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​អូស្ត្រាលី​គឺមាន​លក្ខណៈ​ស្របគ្នា​ទៅនឹង​អាទិភាព​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អនុវត្ត​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ១៩»។

លោក ​អូន​ ព័ន្ធមុនីរ័ត្ន​ ក៏បាន​ស្នើ​លោក Pablo Kang ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​មាន​លក្ខណៈ​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ និង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា៕