The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភ្នំពេញ​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​បំប្លែង​ថ្មី​ដែលតា​ ១១១ ​នាក់ ​ក្នុង​ចំណោម​ ៤៩៤ ​នាក់




ភ្នំពេញ​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​បំប្លែង​ថ្មី​ដែលតា​ ១១១ ​នាក់ ​ក្នុង​ចំណោម​ ៤៩៤ ​នាក់

Content image - Phnom Penh Post
អាជីវករផ្សារឌុយមិចរង់ចាំផ្ដល់សំណាកអោយគ្រូពេទ្យ ក្រោយផ្ទុះការរីករាលដាលជំងឺកូវីដបំប្លែងថ្មីប្រភេទដែលតា កាលពីថ្ងៃទី ១៥ សីហា។ ហេង ជីវ័ន

ភ្នំពេញ​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​បំប្លែង​ថ្មី​ដែលតា​ ១១១ ​នាក់ ​ក្នុង​ចំណោម​ ៤៩៤ ​នាក់

ភ្នំពេញៈ មកដល់​ពេល​នេះ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ​រហូត​ដល់​ ១១១ ​នាក់​ដោយ​បាន​បែងចែក​ជា​ ៣ ​ករណី​ក្នុងនោះ​ករណី​នាំចូល​លើ​អ្នកដំណើរ​តាម​ជើង​ហោះហើរ ករណី​រកឃើញ​នៅតាម​មន្ទីរពេទ្យ និង​ករណី​រកឃើញ​មេរោគ​បំប្លែង​ថ្មី​នេះ​នៅក្នុង​សហគមន៍​។ នេះ​បើតាម​លោក​ ឃួង ស្រេង​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ត្រៀម​ទីតាំង​ទទួល​ពលករ​ធ្វើ​ចត្តាឡីស័ក​ និង​ទីតាំង​សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​បំប្លែង​ថ្មី ប្រភេទ​ដែលតា​នេះ​ផងដែរ ដោយមាន​គ្រែ​រហូតដល់​ជាង​ ១ ៤០០ ​គ្រែ​។

លោក​ ឃួង ស្រេង បាន​លើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ​ម៉ម ប៊ុនហេង និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​កាលពី​ថ្ងៃទី​ ១៧ ខែសីហា​ស្តីពី​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ដែលតា ឱ្យមាន​ប្រសិទ្ធភាព​។

លោក ឃួង ស្រេង ថ្លែងថា​៖ «​ស្ថិតក្នុង​បរិការណ៍​នៃ​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​មេរោគ​ប្រភេទ​ដែលតា ដែល​បាននិង​កំពុង​វាយលុក​យ៉ាងសកម្ម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បណ្តា​អនុគណៈកម្មការ និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការកាត់ផ្ដាច់​ខ្សែចង្វាក់​ការឆ្លង​រាលដាល​បាន​ទាន់​ពេលវេលា​»​។

បើតាម​លោក ឃួង ស្រេង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ទីតាំង​មណ្ឌល​ចត្តាឡីស័ក សម្រាប់​ទទួល​ពលករ​មកពី​ព្រំដែន​កម្ពុជា-ថៃ និង​កម្ពុជា-វៀតណាម ចំនួន​ ២ ​ទីតាំង​បន្ថែម​ទៀត​រួមមាន​អនុវិទ្យាល័យ​ប៊ុនរ៉ានី​ ហ៊ុនសែន វត្តភ្នំ មាន​ចំនួន ២៥០ ​គ្រែ និង​វិទ្យាល័យ ជាស៊ីម ឈូកវ៉ា ​ដែល​មាន​ ៣០០ ​គ្រែ​។

លោក​ថា​៖ «​យើង​មានលទ្ធភាព​ទទួល​អ្នក​ធ្វើ​ចត្តាឡីស័ក​ចំនួន ៥៥០ ​គ្រែ​ ឬ​ ៥៥០ ​នាក់​។ យើង​ក៏បាន​ត្រៀម​មណ្ឌល​ព្យាបាល​សម្រាប់​ទទួល​អ្នកជំងឺ​កូវីដ​ ១៩ ប្រភេទ​បំប្លែង​ថ្មី​ដែលតា​ដែល​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​បាន​ជាង ១ ៤០០ ​គ្រែ ដោយ​កំណត់​យក​មណ្ឌល​ព្យាបាល​​កូវីដ​ ១៩ សែនសុខ​ ២ (​ព្រីមៀសែនសុខ​) ក្នុងនោះ​គ្រែ​សម្រាប់​អ្នកជំងឺ​កូវីដ​មាន​ចំនួន​ ១ ៣៥០ ​គ្រែ និង​គ្រែ​សង្គ្រោះបន្ទាន់​មាន​ចំនួន ៨៨ ​​គ្រែ​»​។

មេរោគ​បំប្លែង​ថ្មី​ដែលតា​ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០២០​។ ភាពសាហាវ​របស់​មេរោគ​បំប្លែង​ថ្មី​នេះ គឺ​ឆ្លង​រាលដាល​ក្នុង​ល្បឿន​លឿន​ជាង​វីរុស​កូវីដ​ ១៩ ​ប្រភេទ​ផ្សេងៗ​ទៀត ហើយ​ជា​ប្រភេទ​មេរោគ​ដែល​សកលលោក​ទាំងមូល​ទទួលស្គាល់​ថា​ងាយ​ឆ្លង​បំផុត​នាពេល​បច្ចុប្បន្ន​ក្នុង​ល្បឿន​ពី​ ១០ ​ទៅ​ ១៥ ​នាក់​ក្នុង​ពេល​តែមួយ​។

គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែសីហា កម្ពុជា​បាន​រកឃើញ​មេរោគ​បំប្លែង​ថ្មី​ដែលតា លើ​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​អ្នកដំណើរ​តាម​ជើង​ហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍​សរុប​ទាំងអស់​ចំនួន ៤៩៤ ​នាក់​ក្នុង​មូលដ្ឋាន​ចំនួន ២២ រាជធានី​ខេត្ត លើកលែង​ខេត្ត​ចំនួន​ ៣ ដែល​មិនទាន់​រកឃើញ​វត្តមាន​មេរោគ​នេះ គឺ​ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តក្រចេះ​។

លោក ម៉ម ប៊ុនហេង ​ក៏បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះដែរ​ថា ចុងក្រោយ​នេះ​មាន​ជំងឺ​កូវីដ​ប្រភេទ​ដែលតា​បាន​រីករាលដាល​ដែល​ជំរុញ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​គ្នា​យកចិត្ត​ទុកដាក់​ខ្លាំងក្លា​បន្ថែមទៀត​។ លោក​ថា​៖ «​យើង​បង្កើតឱ្យមាន​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ឈាន​ទៅ​រក​ការកាត់ផ្តាច់​ឱ្យបាន​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែលតា​នេះ​»​។

ជាមួយ​គ្នា​នេះដែរ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានលើកឡើង​ផងដែរ​ថា ជំងឺ​កូវីដ​បំប្លែង​ថ្មី​នេះ​កំពុង​គំរាមកំហែង​ទីក្រុង​ភ្នំពេញ​ដោយ​ការរកឃើញ​នូវ​ប្រភេទ​មេរោគ​នេះ​ជា​បន្តបន្ទាប់​។ លោក​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពង្រឹង​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីករាលដាល​កូវីដ Delta នេះ​បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​គណៈប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩»​។

Content image - Phnom Penh Post
យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ ​នៅ​ខេត្តស្ទឹងត្រែង​។ រូបថត រដ្ឋបាលខេត្ត​ស្ទឹងត្រែង

ទន្ទឹមនឹង​នេះដែរ អភិបាលខេត្ត​ស្ទឹងត្រែង​លោក ម៉ុម សារឿន បាន​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល ៧ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ២៤ ខែសីហា បន្ទាប់ពី​មាន​ការ​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូវីដ​ ១៩ ​បំប្លែង​ថ្មី​។

លោក​ឱ្យដឹងថា៖ «​ក្នុងអំឡុងពេល​បិទខ្ទប់​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​រដ្ឋបាល​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​មិនត្រូវ​ឱ្យមាន​សកម្មភាព​ចេញចូល​កន្លែង​បិទខ្ទប់​ដាច់ខាត ហើយ​អ្នក​ដែលមាន​ការប៉ះពាល់​នឹង​អ្នក​វិជ្ជមាន​ចាប់ពី​ថ្ងៃទី​ ២៨ ខែកក្កដា ដល់ទី​ ១៧ សីហា ត្រូវធ្វើ​ចត្តាឡីស័ក​នៅតាម​លំនៅឋាន​ឱ្យបាន​ហ្មត់ចត់​បំផុត​»​។

លោក ម៉ុម សារឿន បាន​ព្រមាន​ថា បុគ្គល​ណា​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​នេះ​នឹងត្រូវ​ទទួលពិន័យ​អន្តរការណ៍​តាមច្បាប់​ជា​ធរមាន​។

ដោយឡែក រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ក៏​បានចេញ​សេចក្តី​ណែនាំ​ក្នុង​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ពិសេស​ការទប់ស្កាត់​ការរីករាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូវីដ​បំប្លែង​ថ្មី​នៅតាម​រោងចក្រ​សហគ្រាស​។

លោក​លើកឡើង​ថា៖ «​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ​ដល់​កម្មករ​និយោជិត​ទាំងអស់​ឱ្យ​បាន​យ៉ាងតិច ២ ​ដង​មុន​ថ្ងៃទី​ ១០ ខែកញ្ញា ហើយ​ក្រោយ​ថ្ងៃទី​ ១០ ខែ​ដដែល​នោះ ត្រូវ​បន្ត​អនុវត្ត​ការធ្វើ​តេស្ត​ជា​ប្រចាំ​លើ​មុខសញ្ញា​កម្មករនិយោជិត​ដែលមាន​ការសង្ស័យ​»​។

លោក​ថា ម្ចាស់​ ឬ​នាយក​រោងចក្រ​សហគ្រាស​អាច​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រក​អង់ទីហ្ស៊ែន​កូវីដ​ក្នុង​តម្លៃ​ដើម​តាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឬ​ប្រភព​ស្របច្បាប់​នានា​។ ករណី​រកឃើញ​កម្មករ​និយោជិត​ណា​មាន​វិជ្ជមាន​កូវីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​នេះ ឬ​មាន​អាការ​សង្ស័យ ត្រូវ​រាយការណ៍​ទៅ​ក្រសួង​សុខាភិបាល និង​ត្រូវ​បន្ត​ណែនាំ​ដល់​កម្មករនិយោជិត​ឱ្យ​បន្ត​អនុវត្ត​វិធាន​អនាម័យ សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែង​ធ្វើការ និង​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍