The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កម្រាល​ឈើ​នៅ​បរិវេណ​ប្រាសាទ​តាព្រហ្ម




អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កម្រាល​ឈើ​នៅ​បរិវេណ​ប្រាសាទ​តាព្រហ្ម

Content image - Phnom Penh Post
សកម្មភាព​ជួសជុល​កម្រាល​ឈើ​នៅ​ប្រាសាទតាព្រហ្ម​ពីថ្ងៃ​ ១៧ ​សីហា​។ រូបថត អាជ្ញាធរ​ជាតិ​អប្សរា

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជួសជុល​កម្រាល​ឈើ​នៅ​បរិវេណ​ប្រាសាទ​តាព្រហ្ម

សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​ជួសជុល​កម្រាល​ឈើ​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម​ដែលមាន​សភាព​ពុកផុយ បន្ទាប់ពី​បានធ្វើ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ហើយ ដើម្បី​សម្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​នឹង​មក​ទស្សនា​ប្រាសាទ​នេះ ក្រោយ​ចប់​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ខណៈ​ការជួសជុល​នេះ​គ្រោង​នឹង​បញ្ចប់​ឆាប់ៗ​ខាងមុខនេះ​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ទីតាំង​ដែល​ត្រូវ​ជួសជុល​កម្រាល​ឈើ​នៅ​ប្រាសាទ​តាព្រហ្ម​នេះ​មាន​ជាច្រើន​កន្លែង​ ដែល​មាន​សភាព​ពុកផុយ​ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ដែល​មក​​លេង​នៅទីនេះ ព្រោះ​កាលពី​មិនទាន់​ផ្ទុះ​កូវីដ​ ១៩ មាន​ភ្ញៀវទេសចរ​ប្រមាណ​ ៥ ០០០ ​នាក់​ក្នុង​ ១ ​ថ្ងៃៗ​បានមក​ទីនេះ​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ អាជ្ញាធរ​ជាតិ​អប្សរា​បាននិង​កំពុង​ជួសជុល​ជាច្រើន​កន្លែង​នៅក្នុង​ប្រាសាទតាព្រហ្ម​នេះ​ដូចជា កន្លែង​ផ្លូវ​ដើរ និង​ទីកន្លែង​ដែល​ភ្ញៀវទេសចរ​ឈរ​ថតរូប​។

ការជួសជុល​នេះ ព្រោះ​កម្រាល​ឈើ​នេះ​មាន​សភាព​ពុកផុយ កណ្តៀរ​ស៊ី និង​មាន​រយៈពេល​ជាង​ ១០ ​ឆ្នាំ​ហើយ​។ ទោះបី​ឈើ​នេះ​ជា​ប្រភេទ​ឈើ​គគីរ​ក៏ដោយ​ក៏​វា​មិន​មាំ​ដែរ ព្រោះ​វា​ទទួលរង​នូវ​សំណើម និង​កម្ដៅ​»​។

លោក​បាន​បន្តថា មួយវិញ​ទៀត​ការជួសជុល​កម្រាល​ឈើ​ឱ្យ​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នេះ ព្រោះ​ប្រាសាទតាព្រហ្ម សម្បូរ​ទៅដោយ​ឫស​ឈើ​ដែល​រស់នៅ​ជាមួយនឹង​ប្រាង្គ​ប្រាសាទ ហើយ​ឫស​របស់​ដើមឈើ​ទាំងនេះ​នៅជាប់​នឹង​ដី​​ និង​នៅក្រោម​ដី​។ ​នៅពេល​ដែល​មនុស្ស​ដើរ​កម្សាន្ត​បានធ្វើឱ្យ​ដី​កាន់តែ​ហាប់​​ និង​ជាន់​ឫស​ឈើ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់​របស់​ដើមឈើ​។ ​ដូច្នេះ​​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវតែ​ការពារ​ដើមឈើ​នេះ​ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ប្រាង្គប្រាសាទ​ ដោយសារ​ដើមឈើ​ទាំងនេះ​​វា​បាននិង​កំពុង​ជួយ​ពង្រឹង​គ្រឹះ​ប្រាង្គប្រាសាទ​ឱ្យ​ជាប់​គ្នា​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​ដំណោះស្រាយ​គឺ​យើង​ត្រូវតែ​ក្រាលកម្រាល​ឈើ​នេះ​ឱ្យ​ភ្ញៀវទេសចរ​ដើរ​ ដើម្បី​បញ្ចៀស​ដល់​ផលប៉ះពាល់​នៃ​ដើមឈើ ព្រោះ​បើ​ប៉ះពាល់​ដល់​ដើមឈើ វា​នឹង​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​ហើយ ជាពិសេស​​គឺ​ដើម្បី​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ផងដែរ​»​។

បើតាម​លោក ឡុង កុសល ក្នុងអំឡុង​ពេលនេះ​គឺជា​ឱកាស​មួយ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​កម្រាល​ឈើ​ក្នុង​ប្រាសាទ​តាព្រហ្ម រួម​ជាមួយ​នឹង​ការកែលម្អ ការពង្រីក​សួន ការជួសជុល​ផ្លូវ លើកកម្ពស់​សោភណភាព និង​ការជួសជុល​នូវ​ទីតាំង​មួយចំនួន​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ ដើម្បី​បម្រើ​​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​​ ក្រោយ​ចប់​ជំងឺ​កូវីដ​ ១៩ ហើយ​បើតាម​​គម្រោង​នឹង​ជួសជុល​រួចរាល់​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក កុសល បានឱ្យដឹង​ដែរ​ថា ប្រាសាទតាព្រហ្ម​ត្រូវបាន​កសាង​ឡើង​​ក្នុង​រាជព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​ដើម្បី​ថ្វាយ​ព្រះរាជកុសល​ចំពោះ​ព្រះមាតា​របស់​ព្រះអង្គ ដែល​មាន​រូប​បដិមា​ស្នង​ក្នុង​រូបភាព​ជា​ “​ប្រាជ្ញា​បារមី​»​។ ប្រាសាទ​​នេះ​មាន​ឈ្មោះ​ដើម​ថា រាជវិហារ ត្រូវបាន​ចាត់ទុក​ថា ជា​វត្ត​ព្រះពុទ្ធសាសនា​ដ៏ធំ​នា​សម័យ​នោះ​។

លោក ផង់ បូរី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្មែរ​អង្គរ​បាន​សា្វគមន៍​ចំពោះ​ការជួសជុល​កម្រាល​ឈើ​នៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​នេះ​​ ព្រោះ​កម្រាល​ឈើ​នេះ​ត្រូវ​បាន​ដាក់ឱ្យ​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​យូរណាស់​មកហើយ និង​មាន​ស្ថានភាព​ពុកផុយ ដែល​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។

លោក​បន្តថា ម្យ៉ាងទៀត​ការដាក់​កម្រាល​ឈើ​នេះ គឺជា​ការល្អ​មួយទៀត​កុំឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​ក្នុង​ប្រាសាទតាព្រហ្ម​នេះ​ដើរ​ជាន់​ចម្លាក់ និង​ឫស​ឈើ​នៅ​ទីនោះ ព្រោះ​បើ​ដើរ​ជាន់​ញឹកញាប់​ពេក​វា​នឹង​សឹក និង​ឆាប់​ងាប់​ធ្វើឱ្យប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ចំពោះ​ការរៀបចំ​ឱ្យមាន​កម្រាល​ឈើ​ថ្មី​នេះ​​នៅតាម​ផ្លូវ​ដើរ​កុំឱ្យ​ប្រឡាក់​ជើង​ភ្ញៀវ​​នៅពេល​ភ្លៀង វា​មាន​ភក់ ប៉ុន្តែ​ខ្ញុំ​មិន​ឯកភាព​ចំពោះ​ការដាក់​បង្កាន់ដៃ វា​ខ្ពស់​ពេក​ដែល​ធ្វើឱ្យ​បាត់​សោភណភាព​ពេល​​ភ្ញៀវ​គាត់​ចូលទៅ​ថតរូប​នៅ​ទីនោះ ព្រោះ​បាត់​ទិដ្ឋភាព​ឫស​ឈើ​»៕

អត្ថបទគួរចាប់អារម្មណ៍