ភ្នំពេញៈ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួង​ការពារជាតិ លោក ឥត សារ៉ាត់ បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ជាមួយនឹង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការពារជាតិ​ដែល​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​នៅក្នុង​រាជធានី-ខេត្ត​ចំនួន​ ៩ កុំ​បារម្ភ​ពី​ការមិន​បានទទួល​បណ្ណ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​បាន​ថ្លែង​ដូចនេះ​កាលពី​ថ្ងៃ​ទី​ ១៧ ខែសីហា​ ក្នុង​ពេល​លោក​ចុះ​ពិនិត្យមើល​ការផលិត​បណ្ណ​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​ ៧០ (​ចោមចៅ​) និង​នៅ​វិទ្យាស្ថាន វិទ្យាសាស្ត្រ​សុខាភិបាល ខ.ភ.ម។ ជាមួយ​គ្នា​នោះ​លោក​បានលើកឡើង​បន្ថែមថា ក្រុមការងារ​ផលិត​បាន​បណ្ណ​នេះ​រួចរាល់​ជាង​ ១ ​លាន​បណ្ណហើយ ហើយ​ក៏​បានប្រគល់​បណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​នាក់​រួចហើយ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការពារជាតិ ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​នៅក្នុង​រាជធានី​ខេត្ត​ចំនួន​ ៩ ដែល​មាន​​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ស្វាយរៀង កំពង់ចាម សៀមរាប និង​បន្ទាយមានជ័យ ដែលមាន​ប្រជាពលរដ្ឋ​សរុប​ជិត​ ៣ ​លាន​នាក់ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​»​។

លោក ឥត សារ៉ាត់​បាន​បញ្ជាក់ថា សម្រាប់​ដូស​ទី​១ ចាក់​រួចរាល់​ស្ទើរតែ​ទាំងស្រុង​ហើយ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ទាំង​ ៩ ​រាជធានី​-ខេត្ត​នេះ នៅសល់​តែ​ក្នុង​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​ប៉ុណ្ណោះ​។

ទាក់ទង​នឹង​ការមិន​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​ភ្លាមៗ​ បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ហើយ លោក ឥត សារ៉ាត់ បាន​ធ្វើការ​ពន្យល់ថា ក្នុង​ការងារ​កងទ័ព​មានច្បាប់​មួយ​គឺ​ត្រូវ​រក្សា​ការសម្ងាត់​រាល់​ទិន្នន័យ​របស់​កងទ័ព ដែល​ជា​ហេតុ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួង​ការពារជាតិ​ត្រូវ​ផលិត​បណ្ណ​នេះ​ដោយ​ខ្លួនឯង​។

លោក​ថា​៖ «​ក្រសួង​ការពារជាតិ​បាន​កំពុង​បង្កើនល្បឿន​ និង​ខិតខំ​ក្នុង​ការផលិត​បណ្ណ​វ៉ាក់សាំង​នេះ​ឱ្យ​បាន​លឿន​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ដោយ​យើង​រំពឹងថា​នឹង​អាច​រួចរាល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែល​មកដល់​ពេលនេះ​បណ្ណវ៉ាក់សាំង​ដែល​ត្រូវ​ផលិត​ប្រមាណ ២ លាន ៧ ​សែន​បណ្ណ ដែល​ក្រុមការងារ​ផលិត​បាន​រួចរាល់​ប្រមាណ ១ ​លាន ២ ​សែន​ហើយ​ផងដែរ​»​។

លោក​ ឥត សារ៉ាត់ ក៏បាន​ផ្តាំផ្ញើ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​បារម្ភ​ពី​ការមិន​បាន​ទទួល​បណ្ណ​ចាក់​វ៉ាក់សាំង​នេះឡើយ ដោយ​លោក​បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់​មាន​ការអត់ធ្មត់​ក្នុងការ​ចាំ​ទទួលយក​បណ្ណ​នេះ​ទៅ​ប្រើប្រាស់​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​។

លោក​ថា​៖ «​យើង​ទើប​ទទួល​បាន​ម៉ាស៊ីន​ផលិត​បណ្ណ​ដែល​អាច​ផលិត​បាន ១ ​ថ្ងៃ​ចំនួន​ ១០ ​ម៉ឺន​បណ្ណ ដូចនេះ​បណ្ណ​ដែល​យើង​នៅសល់​ចំនួន​ ១ ​លាន​ ៥ ​សែន​បណ្ណ​ទៀត​នោះ យើង​ចំណាយពេល​តែ​ប្រមាណ​ ១៥ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​ការផលិត​បណ្ណ​នេះហើយ​»​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការចែក​បណ្ណ​ចាក់​វ៉ាក់សាំង​មិនមាន​តម្រូវឱ្យ​យកលុយ​កាក់​ពី​ប្រជាពលរដ្ឋ​នោះឡើយ​ក្នុង​ករណី​មាន​អ្នក​ទារលុយ​ត្រូវ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច ឬ​ក្រសួង​ការពារជាតិ​លោក​នឹង​ចាត់​វិធានការ​តាមច្បាប់​ជា​ធរមាន​។

លោក ឥត សារ៉ាត់ ក៏បាន​បញ្ជាក់ថា​៖ «​ការធ្វើ​បណ្ណ​នេះ​ដល់​កងទ័ព និង​បងប្អូន​ប្រជាពលរដ្ឋ​នេះ គឺមាន​អត្ថប្រយោជន៍​ជាខ្លាំង ដោយ​សម្គាល់ និង​បញ្ជាក់​អំពី​ភាពចូលរួម​សង្គម​របស់​ពួកគាត់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ការរីករាលដាល​នូវ​មេរោគ​កូវីដ​ ១៩ និង​ក៏​ដើម្បី​ការពារ​អាយុជីវិត​របស់​ពួកគាត់​ផងដែរ​»​។

ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ក្នុង​ក្របខ័ណ្ឌ​​ទូទាំងប្រទេស​វិញ យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​ ១៧ ខែសីហា ប្រជាពលរដ្ឋ​ជាង​ ៨,៥ ​លាន​នាក់​ ឬ​ស្មើនឹង​ ៨៥,២៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​។

ចំណែក​ការចាក់​វ៉ាក់សាំង​ទៅដល់​ក្រុមមនុស្ស​ដែលមាន​អាយុ​ពី​ ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ ចាក់​បាន​ចំនួន​ជាង​ ៦៣ ម៉ឺន នាក់​ឬ​ស្មើនឹង ៣២,២៥% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​៕