ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់​ឱ្យ​ពលរដ្ឋ ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​កាំរស្មីព្រះអាទិត្យ UV ខណៈ​ដែល​នៅ​តំបន់​ឥណ្ឌូចិន​នឹង​ទទួលរង​ឥទ្ធិពល​កាំរស្មីព្រះអាទិត្យ UV ដោយ​កាំរស្មី​នេះ​អាច​បង្ក​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ស្បែក និង​ភ្នែក បើ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​ចន្លោះ​ម៉ោង​ ១០ ​ព្រឹក​ដល់​ម៉ោង​ ២ ​រសៀល ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២៤ ខែសីហា​។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្លែង​នៅ​ថ្ងៃទី​ ១៨ ខែសីហា​ថា កាំរស្មីព្រះអាទិត្យ UV អាច​ប៉ះពាល់​ជាពិសេស សុខភាព​ស្បែក និង​សុខភាព​ភ្នែក​ក្នុង​ចន្លោះ​ម៉ោង​ ១០ ​ព្រឹក ដល់​ម៉ោង ២ ​រសៀល​។ ហេតុនេះ​បើ​មិនមាន​ការចាំបាច់ គួរតែ​នៅក្នុង​ផ្ទះ ឬ​នៅក្នុង​កន្លែង​ដែលមាន​ម្លប់​ចៀសវាង​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ពន្លឺ​ព្រះអាទិត្យ​។

លោក ចាន់ យុត្ថា បន្តថា យ៉ាងណា​ប្រសិនបើ​ចៀសវាង​មិនបាន​ដោយ​ត្រូវតែ​ចេញទៅ​ក្រៅ ត្រូវ​ប្រើ​សម្លៀកបំពាក់​ក្រាស់ៗ​ឱ្យ​ជិត​ខ្លួន ដើម្បី​កុំឱ្យ​សាច់មាន​ការប៉ះពាល់​ផ្ទាល់ ជាមួយ​នឹង​ពន្លឺព្រះអាទិត្យ​។

លោក​ថ្លែងថា​៖ «​វា​អាចធ្វើឱ្យ​រលាក​ស្បែក ហើយ​បើ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅជា​រ៉ាំរ៉ៃ វា​អាច​ទៅជា​មហារីក​ស្បែក​ជាដើម​។ ពេល​ចេញទៅ​ក្រៅ​បើ​ខ្លួន​ពាក់​ជិត​ហើយ មុខ​នៅ​មិនទាន់​ជិត​ត្រូវ​ពាក់មួក​ដែលមាន​ហាម​ធំៗ ដើម្បី​ម្លប់​មុខ ហើយ​ចំពោះ​ភ្នែក​យើង​ត្រូវ​ប្រើ​វ៉ែនតា​ខ្មៅ ឬ​វ៉ែនតា​ប្រែ​ពណ៌​»​។

បើតាម លោក យុត្ថា ទោះបី​មេឃ​មាន​ពពក​ក្រាស់ ប៉ុន្តែ​អាកាសធាតុ​ក្តៅ​ហប់ ហេតុនេះ​ពន្លឺព្រះអាទិត្យ UV នេះ​ក៏​បណ្តាលឱ្យ​ប៉ះពាល់​ដល់​រុក្ខជាតិ​ដែលនាំឱ្យ​មាន​ការស្រពាប់​ស្រពោន​ផងដែរ ប្រសិនបើ​ផ្ទៃមេឃ​មិនមាន​ពពក​សោះ​។

លោក​ថ្លែងថា​៖ «​បើ​វា​ក្តៅ​ខ្លាំង​វា​ធ្វើឱ្យ​រុក្ខជាតិ​ស្រពោន សត្វ​ក៏​វា​ប៉ះពាល់ បើ​វា​នៅ​ហាល​ក្តៅ ប៉ុន្តែ​បើ​វា​នៅក្នុង​ម្លប់​អាហ្នឹង​ក៏​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​បាន​ច្រើន​ដែរ​»​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​ ១៧ ខែសីហា បាន​លើកឡើង​ពី​ការស្រាវជ្រាវ​របស់​អង្គការ​ឧតុនិយម​ពិភពលោក WMO ដែល​បង្ហាញថា នៅ​តំបន់​ឥណ្ឌូចិន​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​ ២០២១ នឹង​ទទួលរង​នូវ​ឥទ្ធិពល​កាំរស្មី​ព្រះអាទិត្យ UV ដែល​នឹង​បង្កឱ្យមាន​ហានិភ័យ និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​​រុក្ខជាតិ​។

ក្នុង​សេចក្តី​ជូនដំណឹង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​នេះ​បាន​បញ្ជាក់ថា នៅ​ចន្លោះ​ម៉ោង​ ១០ ​ព្រឹក​រហូតដល់​ម៉ោង ២ ​រសៀល​សន្ទស្សន៍​នៃ​កំដៅ​កើនឡើង​ដល់​កម្រិត​ ១០ ដែលជា​កម្រិត​ធ្វើឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការកើនឡើង​នៃ​កាំរស្មីព្រះអាទិត្យ​នេះ​។

សេចក្តី​ជូនដំណឹង​ក្រសួង​បានសរសេរថា​៖ «​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការយកចិត្ត​ទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​នេះ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិង​កំពុង​បន្ត​តាមដាន​យ៉ាងយក​ចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត នៅក្នុង​ករណី​ដែលមាន​ការប្រែប្រួល​»៕