ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​លោក ​ម៉ម ​ប៊ុន​ហេង បាន​ដឹក​នាំ​យក​ថវិកា​ និង​ឧបករណ៍​វេជ្ជ​សាស្ត្រ​មួយ​ចំនួន​ប្រគល់​ជូន​រដ្ឋាភិ​បាល​សាធា​រណរដ្ឋ​សហ​ភាព​មី​យ៉ាន់​ម៉ានា​ព្រឹក​ថ្ងៃទី ១៩ ​ខែសីហា​នេះ ​ដែល​ជា​ការ​បរិច្ចាគ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។

លោក ​ម៉ម ប៊ុនហេង បាន​មាន​ប្រសាសន៍​មុនពេល​នាំយក​ថវិកា និង​សម្ភារ​វេជ្ជសាស្ត្រ​ទាំង​នេះ​ទៅ​កាន់​ប្រទេសមី​យ៉ាន់​ម៉ា​ថា៖​ «ទាំងនេះ​ជា​សន្ដាន​ចិត្ត​ដ៏​ទូលំ​ទូលាយ​របស់​សម្តេច​តេ​ជោ​ដែល​លោក​មាន​បេះដូង​ទូលាយ ​សម្តែង​នូវ​សាមគ្គី​ភាព​ជា​មួយ​នឹង​ប្រជា​ជន​នៅក្នុង​តំបន់​ក៏ដូចជា​ប្រជា​ជន​ទាំង​អស់​ផង​ដែរ»​។

កាលពី​ថ្ងៃទី​ ១៧ ខែសីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បរិច្ចាគ​ជា​សាច់​ប្រាក់​ចំនួន ២០០​ ០០០ ដុល្លារ​អាមេរិក របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​បន្ថែម​ពីលើ​ការស​ន្យា​របស់​កម្ពុជា ចំនួន ១០០ ​០០០ដុល្លារ​អាមេរិក សម្រាប់​ជំនួយ​មនុស្សធម៌​អាស៊ាន​ជួយ​មី​យ៉ាន់​ម៉ា​តាមរយៈ​មជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់​សម្រប​សម្រួល​ជំនួយ​មនុស្ស​ធម៌ (AHA Centre)។

ជា​មួយគ្នា​នេះ​ លោក ​ហ៊ុន សែន ក៏បាន​បរិច្ចាគ​នូវ​ឧប​ករណ៍​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដែល​រួ​មមាន៖​ ម៉ាស់​ចំនួន​ ៣លានតេស្ត​រហ័ស​ចំនួន​ ៥០០ ​០០០ សម្លៀក​បំពាក់​សុវត្ថិ​ភាព PPE ចំនួន ២​ ០០០​ឈុត ម៉ាស៊ីន​ផលិត​អុកស៊ី​ហ៊្សែន​ស្វ័យ​ប្រវត្តិ​ចំនួន​ ១០០​ គ្រឿង​ ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ចំនួន​ ២០​ គ្រឿង និង​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​ចំនួន ២០ ​គ្រឿង​៕