ភ្នំពេញៈ ក្នុង​រយៈពេល​ ២ ​ខែ​ខាងមុខនេះ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ត្រៀម​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​ឱ្យបាន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​របស់​ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនីក ឱសថស្ថាន ដោយ​នឹង​បើក​លក់​ក្នុងតម្លៃ​ដើម ខណៈ​ត្រឹម​ថ្ងៃទី​ ១៧ សីហា ​ក្រសួង​បាន​លក់​ឧបករណ៍​នេះ​បាន​ចំនួន​ ១,៧ ​លាន​តេស្ត​។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ថ្លែងប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៧ សីហា​ថា ​ក្រសួង​ប្រៃសណីយ៍​បាន​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ពី​រោងចក្រ​នៅក្នុង​ប្រទេស​ចំនួន​ ២ ​គឺ​កូរ៉េខាងត្បូង​ និង​ប្រទេស​ចិន ហើយ​ឧបករណ៍​តេស្ត​ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រសួង​នៅ​បន្ត​ផ្គត់ផ្គង់​ឧបករណ៍​តេស្ត​មកពី​ប្រទេស​កូរ៉េ​ជាធម្មតា ហើយ​បើក​លក់​ជូន​សម្រាប់​គ្រប់គ្នា​។ ក្រសួង​លក់​ឧបករណ៍​តេស្ត​រហ័ស​បាន​ចំនួន​ ១,៧ ​លាន​តេស្ត​»​។

លោក វិសុទ្ធី បាន​បញ្ជាក់ថា ក្នុង​រយៈពេល ២ ​ខែ​ខាងមុខ​ទៀត ក្រសួង​ប្រៃសណីយ៍​ត្រៀម​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​ក្នុង​បរិមាណ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនិក ឱសថស្ថាន ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ដោយសារ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជា​​ច្រើន​ចាប់ពី​ថ្ងៃនេះ​តទៅ ក្រសួង​នឹង​បើក​លក់​កាន់តែ​ទូលំទូលាយ​ទាំង​ឧបករណ៍​តេស្ដ​មកពី​ប្រទេស​កូរ៉េ និង​ចិន សម្រាប់​ការប្រើប្រាស់​តាម​ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនិក ឱសថស្ថាន និង​សម្រាប់​ការប្រើប្រាស់​តាម​គ្រួសារ ដោយ​មិនមាន​កំណត់​លក្ខខណ្ឌ​ទេ​»​។

លោក​បាន​បន្តថា ប៉ុន្តែ​សម្រាប់​ការប្រើប្រាស់​តាម​គេហដ្ឋាន​សូម​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល សម្រាប់​ព័ត៌មាន​លម្អិត​អាច​ចូល​​មើល​តាម​តំណ​ភ្ជាប់​វីដេអូ​ពី​របៀប​​ប្រើប្រាស់ https://fb.watch/v/2Sc5HvMbT/ ។

កាលពី​ថ្ងៃទី​ ១០ ខែ​សីហា លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្នុង​សប្តាហ៍​នេះ ក្រសួង នឹង​ដាក់លក់​ឧបករណ៍​ធ្វើតេស្ត​​រហ័ស​រក​មេរោគ​កូវីដ​ ១៩ (Rapid Test) ​ដែល​នាំចូល​មកពី​ប្រទេស​ចិន​ចំនួន ២ ​លាន​តេស្ដ​ក្នុង​តម្លៃ​ដើម ២ ​ដុល្លារ​ក្នុង​ ១ ​តេស្ដ​ជូន​ដល់​ពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា ការលក់​ត្រឹម​ ២ ​ដុល្លារ​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ការស្វែងរក​មេរោគ​កូវីដ​ ១៩ ក៏ដូចជា ទប់ស្កាត់​ការរីករាលដាល​​ជំងឺ​កូវីដ​ ១៩ ឱ្យទាន់​ពេលវេលា​។ បើតាម​លោក​រដ្ឋមន្ដ្រី ឧបករណ៍​តេស្ដ​រហ័ស​​ទិញ​ពី​ចិន​នេះ​គឺ​ងាយស្រួល​ប្រើ​ជាង​មុន ដោយ​លូក​តេស្ត​ចូល​រន្ធ​ច្រមុះ​រាក់ៗ ប៉ុន្ដែ​មាន​គុណភាព​ខ្ពស់​ដដែល​។

ដោយបាន​អនុវត្ដ​តាម​ការណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែ កក្កដា ឆ្នាំ​ ២០២១ និង​ដើម្បី​រួមចំណែក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ឱ្យបាន​ទាន់ពេលវេលា ក្រសួង​នេះ​ក៏​ធ្លាប់បាន​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ (Covid-19 Rapid Antigen Test) ​ពី​ប្រទេស​កូរ៉េ​ហើយ​បាន និង​កំពុង​ចែកចាយ​បន្ត​រហូតដល់​បច្ចុប្បន្ន​ក្នុងតម្លៃ​ដើម​ ៣,៧ ​ដុល្លារ ​ក្នុង​ ១ ​គ្រឿង​ផងដែរ​៕