សៀមរាបៈ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរៈប៊ុនថាំ លោក សួរ វីរៈ បាន​ឱ្យ​ដឹងថា សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​​បាន​ឃាត់​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ ១ ​គ្រឿង និង​ទាមទារ​ឱ្យ​បង់​ផាកពិន័យ​ជា​ប្រាក់​​ចំនួន​ ៣ ​ម៉ឺន​ដុល្លារ ក្រោយពី​រកឃើញ​ទំនិញ​ប្រភេទ​សត្វ​តុកកែ​ជិត ១ ០០០ ​ក្បាល​ដែល​ជា​បញ្ញើ​របស់​អតិថិជន​។

លោក​ វីរៈ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា កាលពី​ថ្ងៃទី​ ១៧ ខែ​សីហា រថយន្ត​ដឹក​អីវ៉ាន់​ ១ ​គ្រឿង ​របស់​ក្រុមហ៊ុន​លោក​បាន​ធ្វើ​ដំណើរ​ពី​ខេត្តមណ្ឌលគិរី ឆ្លងកាត់​ខេត្តស្ទឹងត្រែង និង​ព្រះវិហារ​ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​កាន់​ខេត្តសៀមរាប និង ព្រះសីហនុ​។ ​

លុះ​កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​លេខ​ ៦៧ ​កម្លាំង​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ក៏បាន​ឃាត់​រថយន្ត​នោះ នៅ​ចំណុច​ឃុំ​​បល័ង្ក ស្រុក​ប្រាសាទបាគង ខេត្ត​​សៀមរាប និង​បាន​ស្នើសុំ​សហការ​បើក​កេស​ទំនិញ​ចំនួន​ ២ ​ដែល​ជា​បញ្ញើ​របស់​អតិថិជន​មកពី​ខេត្តព្រះវិហារ ដើម្បី​ត្រួតពិនិត្យ ហើយ​ក៏បាន​រកឃើញ​សត្វ​តុកកែ​ចំនួន​ ៩៨៤ ​ក្បាល​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយពី​ឆែក​ឃើញ​ទំនិញ​នោះ ស្រាប់តែ​សមត្ថកិច្ច​ជំនាញ​បាន​តម្រូវឱ្យ​ភាគី​ក្រុមហ៊ុន​យើងខ្ញុំ​បង់ប្រាក់​ពី​ន័យ​ចំនួន ៣ ​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការដោះលែង​រថយន្ត​ត្រឡប់មកវិញ ប៉ុន្តែ​ក្រុមហ៊ុន​យើង​មិន​យល់ព្រម ព្រោះ​ទំនិញ​នោះ​មិនមែន​ជា​របស់​ក្រុមហ៊ុន​យើង​ឡើយ ហើយ​យើង​ក៏បាន​សហការ​ផ្ដល់​លេខ​ទូរស័ព្ទ​​អតិថិជន​ទាំង​អ្នក​ផ្ញើ និង​អ្នកទទួល​ព្រមទាំង​បានបង្ហាញ​នូវ​វិក្កយបត្រ ថ្លៃ​ទទួលបញ្ញើ​នោះ​ជូន​សមត្ថកិច្ច​អស់ហើយ​»​។

លោក សួរ វីរៈ ​បាន​បន្តថា សមត្ថកិច្ច​បាន​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​តាម​ចាប់​ម្ចាស់​ទំនិញ​ឱ្យបាន បើ​ពុំនោះ​គឺ​ត្រូវតែ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​តាមច្បាប់​។ ប៉ុន្តែ ការ​តាម​ចាប់​ជនល្មើស​មិនមែន​ជា​សមត្ថកិច្ច​​របស់​ក្រុមហ៊ុន «​យើងខ្ញុំ​» ​នោះទេ​។

ជាមួយ​គ្នា​នេះ លោក​ វីរៈ បានចាត់ទុក​ការបង្ក្រាប​នេះ​ថា​ជា​ «​ការរៀបចំ​ធ្វើស៊ី​» ​ក្រុមហ៊ុន​។

យ៉ាងណាក្ដី លោក លី សុផា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នេះ​។ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការឃាត់​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ វីរៈប៊ុនថាំ ១ ​គ្រឿង​នោះ​​គឺ​ បន្ទាប់ពី​កម្លាំង​របស់លោក​​បាន​ពិនិត្យឃើញ​រថយន្ត​នោះ​មាន​ការដឹក​ធ្ងន់​ខុស​ប្រក្រតី ដោយ​សង្ស័យ​មាន​ការលួច​បង្កប់​ឈើ​ប្រណីត​ខុសច្បាប់​។

លោក​ថា​៖ «​យើង​ឆែក​មិន​​ឃើញ​មាន​ឈើ​នោះទេ ប៉ុន្តែ​ឃើញ​មាន​កេស​ទំនិញ​ ២ ធ្លាយ​ហូរ​ទឹក​ចេញមក​ខាងក្រៅ ដោយ​​សង្ស័យ​មាន​បង្កប់​សាច់​សត្វព្រៃ​ខុសច្បាប់​យើង​ក៏បាន​ស្នើសុំ​បើក​កញ្ចប់​កេស​ទំនិញ​នោះ ក៏​ឃើញ​សត្វ​តុកកែ ដែលមាន​ចំនួន​សរុប​ ៩៨៤ ​ក្បាល​»​។

លោក​បាន​បន្តថា ក្រោយពី​ឆែកឆេរ​រួច វត្ថុតាង​ទំនិញ និង​រថយន្ត​ត្រូវ​នាំយក​មក​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​ឱ្យ​ម្ចាស់​ទំនិញ​ចូលខ្លួន​មក​ដោះស្រាយ​បង់ពិន័យ​ទៅតាម​ច្បាប់​ដែល​បានកំណត់​។

យោងតាម​ច្បាប់​ស្ដីពី​ព្រៃឈើ​សត្វ​តុកកែ ជា​ប្រភេទ​សត្វព្រៃ​មាន​ដោយ​បង្គួរ​។ ទោះ​យ៉ាងណា​ក៏ដោយ​នៅក្នុង​ជំពូក​ ១០ មាត្រា​ ៤៨ នៃ​ច្បាប់​នេះ ការចរាចរ ឬ​ធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ ឬ​សំណាក​សត្វព្រៃ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​គឺជា​អំពើ​ខុសច្បាប់ ដែល​​ត្រូវ​ផ្ដន្ទាទោស តាម​មាត្រា​ ៩៦ ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ២ ​ទៅ​ ៣ ​ដង​នៃ​វត្ថុតាង​ពិតប្រាកដ​នៅលើ​ទីផ្សារ​។

លោក លី សុផា បាន​បញ្ជាក់ថា​៖ «​បើ​តាម​តម្លៃ​ទីផ្សារ​សត្វតុកកែ​ ១ ​ក្បាល​ថ្លៃ​ក្នុង​ចន្លោះ​​ពី​ ៥ ​ទៅ​ ១៥ ​ដុល្លារ ហេតុដូច្នេះ​ម្ចាស់​ទំនិញ​ត្រូវ​បង់​ផាកពិន័យ​តាម​ការកំណត់​របស់​មន្ត្រី​ជំនាញ​​រដ្ឋបាល​ព្រៃឈើ​។ ​ប៉ុន្តែ​មកទល់​ពេល​នេះ​ខ្ញុំ​នៅ​មិនទាន់​ទទួល​បាន​ការសម្រេច​ពី​ថ្នាក់លើ​ថា ត្រូវ​កំណត់​ផាកពិន័យ​ទ្វេគុណ ឬ​ត្រីគុណ​នោះទេ​»៕

វីដេអូ៖