ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៨ ខែសីហា បានប្រកាស​សាលក្រម​ផ្តន្ទាទោស លោក​ រ៉ុង ឈុន ឱ្យ​ជាប់ពន្ធនាគារ​ ២ ​ឆ្នាំ និង​ជនជាប់ចោទ​ ២ ​នាក់​ទៀត ក្នុង​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​ ២០ ​ខែ និង​រួមគ្នា​បង់ប្រាក់​ពិន័យ​ និង​សង​ជំងឺ​ចិត្ត​ទៅ​ដើមបណ្តឹង​នូវ​ទឹកប្រាក់​ជាង ៤០០ ​លាន​រៀល​ទៀត ក្រោម​ការចោទប្រកាន់​ពី​បទញុះញង់​បង្កើតឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៤ និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​ប្លង់ សុផល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សរសេរ​សារ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា នៅ​ព្រឹក​ថ្ងៃទី​ ១៨ ​ខែ​សីហា ឆ្នាំ​ ២០២១ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​លើ​ករណី​ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន ឈ្មោះ ស កណិការ និង​ឈ្មោះ​ តុន និមល ​ដោយបាន​សម្រេច​ផ្តន្ទាទោស​ឈ្មោះ រ៉ុង ឈុន ដាក់ពន្ធនាគារ​កំណត់​ ២ ​ឆ្នាំ និង​បង់ប្រាក់​ពិន័យ​ ២ ​លាន​រៀល​ចូល​រដ្ឋ​។

ឈ្មោះ ស កណិការ និង​ឈ្មោះ​ តុន និមល ដាក់​ពន្ធនាគារ​ម្នាក់ ២០ ​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​ ២ ​លាន​រៀល​ចូល​រដ្ឋ​។ លើសពីនេះ​លោក​ថ្លែងថា​៖ «​ទាំង​ ៣ ​នាក់ រួមគ្នា​សង​សំណង​ជំងឺ​ចិត្ត​ទៅ​គណៈកម្មការ​កិច្ចការ​ព្រំដែន​ [​ដើម​បណ្តឹង​រដ្ឋប្បវេណី​] ចំនួន ​៤០០ ​លាន​រៀល​»​។

លោក​ ជូង ជូងី ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា ការផ្តន្ទាទោស​របស់​តុលាការ​រាជធានី​ភ្នំពេញ លើ​លោក រ៉ុង ឈុន និង​កញ្ញា ស កណិការ ជា​កូនក្តី​របស់លោក​នៅ​ព្រឹក​ថ្ងៃទី​ ១៨ ​សីហា​នេះ លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ទៀត ដើម្បី​ប្រឹក្សា​ផ្លូវច្បាប់​រឿងនេះ​។

លោក​ប្រាប់ថា​៖ «​ការផ្តន្ទារ​ទោស​លើ​កូនក្តី​ខ្ញុំ គឺ​អយុត្តិធម៌​បំផុត សម្រាប់​កូនក្តី​ខ្ញុំ​។ ពីព្រោះ​ពួកគាត់​អត់​ញុះញង់​ដូច​ការចោទប្រកាន់​ហ្នឹង​ទេ​។ បើ​កញ្ញា ស កណិការ វិញ គឺ​អត់​ពាក់ព័ន្ធ​ទាល់តែសោះ​»​។

រីឯ​លោក សំ សុគង់ ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ ​តុន និមល ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​សុំ​សម្ភាស​បានទេ​នៅ​ថ្ងៃទី​ ១៨ ​សីហា ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ចូល​ស្តាប់​ការប្រកាស​សាលក្រម​នេះ​បាន​ឱ្យដឹង បន្ទាប់ពី​លោកស្រី​ចេញពី​បន្ទប់​តុលាការ​ថា សាលក្រម​នេះ​ត្រូវបាន​ប្រកាស​នៅ​ចំពោះមុខ​ជន​ទាំង​ ៣ ​នាក់ ដោយ​លោក​ចៅក្រម លិ សុខា​។ នៅក្នុង​បន្ទប់​ប្រកាស​សាលក្រម​នោះដែរ​មាន​តំណាង​សមាគម សង្គម​ស៊ីវិល​អង្គការ​លីកាដូ និង​សមាគម​អាដហុក​រួមទាំង​តំណាង​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ទៀត ចូល​ស្តាប់​ការប្រកាស​សាលក្រម​នេះ​។

លោកស្រី​ថ្លែងថា លោកស្រី​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ដែល​ «​តុលាការ​កម្ពុជា គ្មាន​ភាពឯករាជ្យ​»​។ លោកស្រី ឆាយ៉ាវី ​បន្តថា​៖ «​តុលាការ​គិតតែ​ពី​យក​រឿង​នយោបាយ​មក​ឡូកឡំ​ជាមួយ​ការផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ ដូចជា​លោក រ៉ុង ឈុន ជាដើម គឺ​ធ្វើឱ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​ស្ថាប័ន​តុលាការ​»​។

បើតាម លោកស្រី អ៊ុក ឆាយ៉ាវី ថា បន្ទាប់ពី​ចៅក្រម​ប្រកាស​សាលក្រម​ចប់​ភ្លាម គឺ​លោក រ៉ុង ឈុន បាន​ស្រែក​ក្នុង​បន្ទប់​សវនាការ​ថា លោក​សូម​អរគុណ​ដល់​មន្ត្រី​ទូត និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចូល​តាមដាន​សង្កេតការណ៍​ក្នុង​រឿងក្តី​របស់លោក​។ បន្ទាប់មក​កងសន្តិសុខ ពន្ធនាគារ​បាន​រុញ​លោក រ៉ុង ឈុន ហើយ​ចាប់ដៃ​ទាំង​ ២ ​ដាក់​ខ្នោះ រួច​បណ្តើរ​ចេញពី​បន្ទប់​សវនាការ​តែម្តង​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ថ្លែងថា ករណី​លោក​ រ៉ុង ឈុន និង​ករណី​ជនជាប់ចោទ​ ២ ​នាក់​ទៀត​នេះ លោក​មើលឃើញ​តាំងពី​ដំបូង​មក​ថា គឺជា​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​​របស់​ពួកគាត់​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​មើលឃើញ​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មើលឃើញ​នោះ គឺជា​សកម្មភាព​មួយ​ដែល​ពួកគាត់​បាន​ធ្វើឡើង​ក្នុងន័យ​បុព្វហេតុ​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សង្គមជាតិ​។ លោក​ រ៉ុង ឈុន ​បញ្ចេញមតិ​ទៅតាម​អ្វីដែល​ជា​ការមើលឃើញ​របស់​គាត់​តែប៉ុណ្ណោះ​»​។ លោក​ ករុណា ​បន្តថា ចំណុច​ទាំងអស់​នេះ​ហើយ​ដែលមាន​ការទទូច​ឱ្យ​ដោះលែង​ដល់​ពួកគាត់​ឱ្យមាន​សេរីភាព​ឡើងវិញ​។

បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​ថា ការកាត់ទោស​លោក រ៉ុង ឈុន បាន​ចោទ​ជា​បញ្ហា​ខ្លាំង​អំពី​សេរីភាព​បញ្ចេញមតិ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សំខាន់​ណាស់​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​។ ស្ថានទូត​បន្តថា​៖ «​ប្រព័ន្ធតុលាការ​មិនគួរ​ត្រូវបាន​រំលោភបំពាន​ ដើម្បី​បំបិទ​សំឡេង​សកម្មជន​នោះទេ​»​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៅ​រសៀល​ថ្ងៃទី​ ១៨ ​សីហា បាន​តប​សារ​របស់​ស្ថានទូត​អាមេរិក​ថា ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​នេះ​មិនបាន​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​សោះ​។ ដំណើរការ​កាត់ទោស ដំណើរការ​ចោទប្រកាន់ មិនមែន​ដោយសារ​ការអនុវត្ត​សិទ្ធិសេរីភាព​តាមផ្លូវ​ច្បាប់​នោះទេ តែ​ដោយសារ​ការប្រព្រឹត្ត​បទល្មើស​។ ចំពោះ​សមត្ថកិច្ច​លោក​មាន​ភ័ស្តុតាង​សក្ខីកម្ម​ក្នុង​ការចោទប្រកាន់ និង​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ ទើប​ឈានដល់​ការសម្រេច​ផ្តន្ទាទោស​នេះ​។

លោក​បញ្ជាក់ថា​៖ «​បើ​ភាគី​ណាមួយ​ដែល​ចង់​ជួយ​ហើយ​យល់ថា អាហ្នឹង​មិនមែន​ជា​បទល្មើស គឺ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ដោះ​បន្ទុក​។ តែ​ភ័ស្តុតាង​ដោះបន្ទុក វា​អត់​មាន​ក្រៅតែ​ពី​ការចោទប្រកាន់​។ អ៊ីចឹង​ធ្វើ​ម៉េច​ជួយ​ដល់​ជនជាប់ចោទ​បាន​»​។

លោក​បន្ថែមថា អ៊ីចឹង​ភាគី​ណាក៏ដោយ ដែល​ចង់​ជួយ​ដល់​ជនជាប់ចោទ​នេះ គឺ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។ បង្ហាញ​សក្ខីកម្ម​ឱ្យ​រឹងមាំ​កុំ​ចេះតែ​ចោទប្រកាន់ ហើយ​អត់​មាន​ភ័ស្តុតាង​សក្ខីកម្ម ក្នុង​ការដោះ​បន្ទុក​ហើយ​ធ្វើការ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្តទៀត​ទៅ​ ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់​៕

វីដេអូ៖