បាត់ដំបងៈ សមត្ថកិច្ច​នគរបាល​ស្រុក​កំរៀង​កំពុង​ស៊ើបអង្កេត​ស្វែងរក​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ក្រោយពី​បក្ខពួក​ ៣ ​នាក់ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​ ១៧ ខែសីហា នៅ​ភូមិ​ស្វាយធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ត​នីតិវិធី​នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែសីហា​។

លោក ង៉ែត វណ្ណា អធិការរង​នគរបាល​ស្រុក​កំរៀង ថ្លែងថា​ជនសង្ស័យ​ ៣ ​នាក់ ក្នុង​នោះ​មាន​ ២ ​នាក់​​​ ជា​អ្នក​ដឹកជញ្ជូន​មនុស្ស​មកពី​ខេត្តកំពង់ចាម និង​ម្នាក់ទៀត​ជា​អ្នកប្រមូល​មនុស្ស​។ ចំណែក​មេខ្យល់​នៅ​ពីក្រោយ​រឿងនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​។

លោក​ថ្លែងថា​៖ «​មេខ្យល់​យើង​ចែកដាច់​ដោយឡែក ចំណែក​ពួកគាត់​នេះ​ជា​អ្នកប្រមូល​ផ្តុំ រក​ឡាន​ដឹកយក​មកឱ្យ​មេខ្យល់​បន្តទៀត ប៉ុន្តែ​ពួកគាត់​ហ្នឹង​ក៏​ប្រហាក់ប្រហែល​នឹង​មេខ្យល់​ដែរ​។ ដោយឡែក​មេខ្យល់​តែម្តង​យើង​ស្រាវជ្រាវ​អត់​ទាន់​ឃើញ​ទេ ដោយសារ​គាត់​បិទ​ទូរស័ព្ទ​»​។

លោក វណ្ណា បញ្ជាក់ថា ជនសង្ស័យ​ជា​អ្នក​ដឹកជញ្ជូន​ និង​ប្រមូលផ្តុំ​មនុស្ស​នេះ បាន​ដឹក​មនុស្ស​ទាំងអស់​ចំនួន​ ៤៤ ​នាក់​ក្នុង​នោះ​មាន​ទាំង​អនីតិជន​ចំនួន ១២ ​នាក់ មកពី​ខេត្តកំពង់ចាម​ទាំងយប់ ប៉ុន្តែ​បានមក​ដល់​ចំណុច​ភូមិ​ស្វាយធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ក្នុង​វេលា​ព្រឹក ត្រូវ​សមត្ថកិច្ច​ល្បាត​ប្រទះឃើញ ក៏​ឃាត់ខ្លួន​ពួកគេ​តែម្តង​។

លោក​ថ្លែងថា​៖ «​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣ ​នាក់ ជិះ​រថយន្ត​ប្រភេទ​ដឹកជញ្ជូន​ម៉ាក​សាំងយ៉ុង​ចំនួន​ ២ ​គ្រឿង ដោយ​មាន​ប្រជាពលរដ្ឋ​ដែល​សន្និដ្ឋានថា ជា​ពលករ និង​កូនចៅ​របស់គាត់​ជា​ជនរងគ្រោះ​ក្នុង​អំពើ​នាំចេញ​នេះ​ចំនួន ៤៤ ​នាក់​ក្នុងនោះ ស្រី​ចំនួន ១០ ​នាក់ អនីតិជន​ចំនួន ១២ ​នាក់ ស្រី​ម្នាក់​»​។

បើតាម​លោក វណ្ណា ជនសង្ស័យ​ទាំង​ ៣ ​នាក់ ទី​ ១ ​មាន​ឈ្មោះ ហេង ច័ន្ទដារា ភេទ​ប្រុស អាយុ​ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​ត្របែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​អ្នក​ដឹកជញ្ជូន ទី​ ២ ​មានឈ្មោះ ឆេន រ័ត្នវ័ន ភេទ​ប្រុស អាយុ ៤១ ​ឆ្នាំ រស់នៅ​ភូមិ​ពពិត ឃុំ​តាំងក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ជា​អ្នក​ដឹកជញ្ជូន និង​ទី​ ៣ ឈ្មោះ សេង ឈុន ភេទ​ប្រុស អាយុ ៣០ ​ឆ្នាំ រស់នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​អ្នកដើរ​ប្រមូល​មនុស្ស​។ ដោយឡែក ពលរដ្ឋ​ដែល​ត្រូវ​ជនសង្ស័យ​នាំមក​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ និង​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕