ស្ទឹងត្រែងៈ អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្តស្ទឹងត្រែង និង​សហគមន៍​មូលដ្ឋាន​គ្រោង​រៀបចំ​រូបសំណាក គ្រោងឆ្អឹង​សត្វ​ផ្សោត សម្រាប់​ដាក់​តាំងនៅ​អន្លង់​ផ្សោត​អូរឈើទាល​ក្នុង​ឃុំ​ព្រះរំកិល ស្រុក​បុរី​អូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង ដើម្បី​ទុកជា​កេរដំណែល​សម្រាប់​អ្នក​ចង់​ទស្សនា​ប្រភេទ​សត្វ​នេះ​។

លោក​ សន ប៉ាន់ មេភូមិ​អន្លង់ស្វាយ ឃុំ​ព្រះរំកិល និង​ជា​ប្រធាន​ក្រុម​ឆ្មាំ​ទន្លេ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៧ សីហា​ថា សត្វ​ផ្សោត​ជា​សត្វ​ដ៏កម្រ​នៅលើ​ពិភពលោក​។ កន្លងមក​នៅក្នុង​អន្លង់​ផ្សោត​អូរឈើទាល មាន​សត្វ​ផ្សោត​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ន​នៅសល់​តែ​ ១ ​ក្បាល​ប៉ុណ្ណោះ ដែល​មាន​អាយុ​ជាង​ ២០ ​ឆ្នាំ បន្ទាប់ពី ២ ​ក្បាល​បាន​ងាប់​ក្នុងឆ្នាំនេះ​។

លោក​បញ្ជាក់ថា​៖ «​ទោះបីជា វា​ទៅជា​យ៉ាងណា​ក៏​វា​មាន​សល់​វត្ថុតាង​ណាមួយ កេរដំណែល​ណាមួយ​ទុកឱ្យ​បងប្អូន​ដែល​ចង់​មក​ទស្សនា ក៏​យើង​មាន​ថតរូប​ភាពជា​សន្លឹក​ហ្នឹង​ដាក់​នៅលើ​នោះ​ [​ទូ​] ​ផងដែរ ហើយ​ឆ្អឹង​របស់​វា​យើង​ដាក់​ក្នុង​ទូ​អ៊ីចឹងទៅ​»​។

លោក​ សន ប៉ាន់ ថ្លែងថា​៖ «​ផ្សោត យើង​ឆ្នាំនេះ​វា​បាន​ស្លាប់​អស់​ ២​។ អាក្រោយ​ [​ផ្សោត​ងាប់​ចុងក្រោយ​] នេះ​យើង​បាន​សម្រិតសម្រាំង​យក​សាច់​វា​ចេញ យក​ឆ្អឹង​មក​តាំងពិព័រណ៍​មុន​។ យើង​នឹង​ធ្វើ​ទូកញ្ចក់​។ យើង​កំពុង​កៀរគរ រក​ថវិកា​ជួយ​ដើម្បី​យើង​ធ្វើឱ្យ​បាន​លឿន​ដ៏ខ្លី​ខាងមុខនេះ​»​។

បើតាម​លោក​មេភូមិ តំបន់​អន្លង់​ផ្សោត​អូរឈើទាល គឺជា​តំបន់​ដែល​មាន​សក្តានុពល​មួយ​ដែល​មាន​សេវា​ទេសចរណ៍​ដើរ​ ដោយសារ​សត្វ​ផ្សោត ដោយ​មាន​ភ្ញៀវទេសចរ​មកពី​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​។

លោក​ ប៉ាន់ ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន និង​សហគម៍​មូលដ្ឋាន​បាន​បង្កើត​គំនិត​ផ្តួចផ្តើម​នេះ​ឡើង ដោយ​ធ្វើការ​កៀរគរ​ការគាំទ្រ​ពី​សប្បុរសជន​ និង​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទទួល​ដឹងឮ ដើម្បី​ជួយ​ជំរុញ និង​ជួយ​ផ្សព្វផ្សាយ​គំនិត​ផ្តួចផ្តើម​នេះ​។ មន្ទីរ​កសិកម្ម និង​ខណ្ឌ​រដ្ឋបាល​ជលផល​ក៏បាន​ចុះមក​ប្រជុំពិភាក្សា គ្នា​អំពី​កិច្ចការ​នេះ​ផងដែរ​។

លោកស្រី សមវិចិត្រ នាយខណ្ឌ​ស្ដីទី​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​ប្រាប់​នាថ្ងៃទី​ ១៧ សីហាថា កន្លងមក​សំណាក​សាកសព​សត្វ​ផ្សោត​ត្រូវ​បាន​យកទៅ​រក្សាទុក​នៅ​អង្គការ​មូលនិធិ​អភិរក្ស និង សង្គ្រោះ​សត្វព្រៃ កម្ពុជា ​(WWF) ដើម្បី​ធ្វើការ​វះកាត់​ពិសោធ​រក​មូលហេតុ​នៃ​ការស្លាប់​។ ដោយសារ​មានការ​ស្នើសុំ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​សហគម៍​ទើប​ខណ្ឌ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ទុក​សំណាក​ឆ្អឹង​សត្វ​ផ្សោត​នៅ​អន្លង់​ផ្សោត​អូរឈើទាល​នេះ​ ដើម្បី​ឱ្យ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ទុក​ផ្សព្វផ្សាយ​ដល់​អ្នកទេសចរ និង​មនុស្ស​ជំនាន់​ក្រោយ​ដែល​មក​ទស្សនា​ផ្សោត​នៅ​អន្លង់​ផ្សោត​អូរ​ឈើទាល​នេះ​។

លោក​ថ្លែងថា​៖ «​ខាងយើង​ដល់ពេល​សត្វ​ផ្សោត​ងាប់​ ឬ​ក៏​ស្លាប់​ម្តងៗ គឺ​ជលផល​យើង​ហើយ​ និង​ឆ្មាំ​ទន្លេ​ និង​សហគមន៍​ជា​អ្នក​ទៅ​ប្រមូល​យកមក​ជា​អ្នក​វះកាត់​ជាអ្នក​ដឹកជញ្ជូន​អី ថ្លៃ​ចំណាយ​គឺ​ខាង​ខ្ញុំ​ទាំងអស់​។ តែ​ដល់ពេល​មាន​ការស្នើសុំ​អ៊ីចឹង គឺ​ពួកខ្ញុំ​ជួយ​ទាក់ទង​ទៅ​ថ្នាក់លើ​ដើម្បី​ទុក​គ្រោងឆ្អឹង​សត្វ​ផ្សោត​ហ្នឹង​ ដើម្បី​ជា​ប្រយោជន៍​របស់​ពួកគាត់​តែម្តង​»​។

លោកស្រី សមវិចិត្រ បន្តថា ទាក់ទង​នឹង​ការកៀរគរ​ និង​រៀបចំ​សេវា​ទេសចរណ៍ ខណ្ឌ​រដ្ឋបាល​ជលផល​របស់លោក​មិនបាន​ផ្តល់ ជា​ថវិកា​នោះទេ​។ ប៉ុន្តែ​មន្ទីរ​កសិកម្ម និង​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចូលរួម​ប្រជុំ​រៀបចំ​ផែនការ​ជាមួយ អាជ្ញាធរ​ស្រុក សហគមន៍​មូលដ្ឋាន និង​មន្ទីរ​ទេសចរណ៍​ និង​បាន​ជជែក​គ្នា​អំពី​ការអភិវឌ្ឍ ការរៀបចំ គ្រោងឆ្អឹង​សត្វ​ផ្សោត​ និង​ការរៀបចំ​ទីតាំងនៅ​តំបន់​អន្លង់​ផ្សោត​អូរឈើទាល​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ប្រហែល​ត្រូវការ​អ្នកជំនាញ​ពី​អង្គការ WWF តាម​កាស្នើសុំ​របស់​អាជ្ញាធរ ឬ​សហគមន៍ ឬ​មន្ទីរទេសចរណ៍ ដើម្បីឱ្យ​គាត់​ជា​អ្នកជំនាញ​មកជួយ​រៀបចំ​គ្រោងឆ្អឹង​សត្វ​ផ្សោត​ហ្នឹង​ឱ្យ​វា​ត្រឹមត្រូវ​តាម​សភាព​ដើម​វិញ​»​។

មុន​ឆ្នាំ​ ២០០៧ ផ្សោត​នៅ​អន្លង់​អូរឈើទាល​ជាប់​ព្រំដែន​ប្រទេស​ឡាវ​ត្រូវបាន​កត់ត្រា​មាន​ចំនួន​ ១៥ ​ក្បាល​។ បន្ទាប់ពី​ត្រូវ​បាន​កត់ត្រា​ក្នុង​ ២០១៧ សត្វ​ផ្សោត​នៅ​អន្លង់​អូរ​ឈើទាល​នេះ​មាន​ចំនួន​ ៣ ​ក្បាល​។ នៅ​ខែមេសា​ឆ្នាំ ២០២១ ផ្សោត​ ១ ​ក្បាល​បាន​ងាប់ និង​ចុងក្រោយ​នៅ​ខែមិថុនា​ងាប់​ ១ ​ក្បាល​ទៀត បច្ចុប្បន្ន​នៅសល់តែ ១ ​ក្បាល​ប៉ុណ្ណោះ​។

សត្វ​ផ្សោត​ជាទូទៅ​អាច​រស់​បាន​ប្រហែល​ត្រឹម​អាយុ​ពី​ ២០ ទៅ ៣០ ​ឆ្នាំ​។ ផ្សោត​ ១ ​ក្បាល ដែល​ងាប់​ចុងក្រោយ កាលពី​ខែមិថុនា គឺជា​ផ្សោត​ញី​ទម្ងន់​ ១៨០ ​គីឡូក្រាម​ប្រវែង​ ២៣០ ​សង់ទីម៉ែត្រ​។ ការងាប់​នេះ​ត្រូវបាន​គេ​សង្ស័យ​បណ្ដាលមកពី​វ័យ​ចំណាស់ ព្រោះ​ផ្សោត​នេះ​ស្ថិតក្នុង​អាយុ​ចន្លោះ​ពី​ ២៥ ​ឆ្នាំទៅ​ ៣០ ​ឆ្នាំ​។

អ្នកជំនាញ​ខាង​សត្វ​ផ្សោត​មាន​ការបារម្ភ អំពី​ការបង្ក​កំណើត ដោយសារ​បញ្ហា​ជំនាប់​ច្រើន​ដែល​ធ្វើឱ្យ​ក្រុម​ផ្សោត​នៅ​អន្លង់​ឈើទាល​ដែលជា​ក្រុម​ស្ថិតនៅ​ប៉ែក​ខាងលើ​មិនដែល​មកជួប​គ្នា​ជាមួយ​ក្រុម​ផ្សោត​នៅ​អន្លង់​កាំពី​ដែល​នៅ​ប៉ែក​ខាងក្រោម​នៅ​ខេត្ត​ក្រចេះ​៕