បន្ទាយមានជ័យៈ យុវតី​វ័យ​ ១៧ ​ឆ្នាំ​ម្នាក់​ បាន​ក្អួតចង្អោរ និង​ប្រកាច់​បែកពពុះមាត់​​រហូតដល់​ស្លាប់​នៅវេលា​ម៉ោង​ ១ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៧ សីហា បន្ទាប់ពី​នាង​បាន​បរិភោគ​អាហារ​ពេល​ល្ងាច និង​ផឹកទឹក​ក្រូច​អស់​ ២ ​ដប ដែល​ករណីនេះ​ត្រូវ​សមត្ថកិច្ច​សន្និដ្ឋានថា អាចជា​ការពុល​អាហារ និង​ជំងឺ​ចាស់​រើ​ឡើង​។

លោក ទន់ សុវណ្ណារ៉េត នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​គោករមៀត ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា យុវតី​រងគ្រោះ​ឈ្មោះ ឆេន ស្រីមុំ អាយុ​ ១៧ ​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាម៉ាំង ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

លោក​ថា​៖ «​តាម​ការពិនិត្យ​កោសល្យវិច័យ​របស់​គ្រូពេទ្យ​ជំនាញ​សព​របស់​នាង គឺ​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ហើយក៏​គ្មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​នោះដែរ​។ ដោយ​សំអាង​ទៅលើ​ការបញ្ជាក់​ពី​ស្ត្រី​ជា​ម្ដាយ និង​អ្នកភូមិ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​សន្និដ្ឋានថា ការស្លាប់​របស់​នាង​បណ្ដាល​មកពី​ពុល​ចំណី​អាហារ និង​ការរើឡើង​វិញ​នៃ​ជំងឺ​ចាស់​»​។

ម្ដាយ​យុវតី​រងគ្រោះ​អ្នកស្រី ឆេន សុផល អាយុ​ ៤២ ​ឆ្នាំ​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កាលពី​តូច​នាង​ធ្លាប់មាន​បញ្ហា​ក្ដៅខ្លួន​ខ្លាំង និងឧស្សាហ៍​សន្លប់​។ នៅពេល​មាន​អាយុ​ ៦ ​ឆ្នាំ គាត់​បាន​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប ដើម្បី​ព្យាបាល​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​នៅពេលនោះ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​ខ្ញុំ​ថា នាង​មាន​បញ្ហា​ជំងឺ​រលាក​ស្រោម​ខួរ​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មិនបាន​ធ្វើការ​ព្យាបាល​ដោយ​វះកាត់​នោះទេ គឺ​គ្រាន់តែ​ព្យាបាល​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ដើម្បី​បំបាត់​ការឈឺចាប់​ប៉ុណ្ណោះ​។ ក្រោយពី​នាង​មាន​អាការ​ធូរស្រាល ក្រុមគ្រូពេទ្យ​ក៏​អនុញ្ញាត​ឱ្យ​ខ្ញុំ​នាំ​នាង​ត្រឡប់មកផ្ទះ​វិញ ដោយ​តម្រូវឱ្យ​ខ្ញុំ​ទៅ​បើក​ថ្នាំ​សម្រាប់​នាង​លេប​រៀងរាល់​ ១ ​ខែម្ដង​»​។

ដោយសារ​អ្នកស្រី​ជា​ស្ត្រីមេម៉ាយ និង​មាន​ជីវភាព​ក្រីក្រ​ផង​នោះ​អ្នកស្រី សុផល ពុំ​សូវ​មាន​ពេល​នៅ​មើលថែ ស្រីមុំ នោះទេ ហើយ​ការ​ទៅ​បើក​ថ្នាំ​យកមក​ព្យាបាល​ជំងឺ​របស់​នាង ក៏​មិនបាន​ជាប់លាប់​តាម​កាលកំណត់​របស់​គ្រូពេទ្យ​ផងដែរ​។

កាលពី​ ៥ ​ឆ្នាំមុន អាការ​ជំងឺ​ស្រីមុំ​បាន​រើ​ឡើង​ជា​ថ្មី​ម្ដងទៀត គឺ​ក្ដៅខ្លួន និង​ប្រកាច់​បែកពពុះមាត់​។ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ព្យាបាល​ឱ្យ​ធូរស្រាល​ឡើងវិញ​។ ប៉ុន្តែ​ចាប់ពីពេលនោះ​មក នាង​មាន​ភាពប្រែប្រួល​ខុសប្រក្រតី​ដោយនិយាយ​អ្វី​ប្លែកៗ ដើរ​មិនចូល​ផ្ទះ និង​ឧស្សាហ៍​សន្លប់​បាត់ស្មារតី​។

អ្នកស្រី​បន្តថា​៖ «​នៅ​ល្ងាច​ថ្ងៃទី​ ១៦ ខែ សីហា ឆ្នាំ​ ២០២១ ក្រោយ​បរិភោគ​អាហារ​ពេល​ល្ងាច នាង​បាន​ផឹកទឹក​ក្រូច​អស់​ ២ ​ដប​តូច​។ ១ ​ម៉ោង​ក្រោយមក​ នាង​ក៏​ចាប់ផ្ដើម​ចុកពោះ និង​ក្អួតចង្អោរ ឃើញ​ដូច្នោះ​ខ្ញុំ​ក៏បាន​យក​ថ្នាំ Paracetamol ២ ​គ្រាប់​ឱ្យ​នាង​លេប ប៉ុន្តែ​មិនបាន​ធ្វើឱ្យ​អាការ​របស់​នាង​បាន​ធូរស្រាល​ឡើយ​។ នាង​បាន​បន្ត​ក្អួតចង្អោរ រហូត​បែក​ពពុះមាត់ ហើយ​ស្លាប់​»​។

លោកស្រី ខ្លុង ប្រធាន​មណ្ឌល​សុខភាព​អូរបីជាន់ ដែល​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​សាកសព​របស់​យុវតី​រងគ្រោះ​ថ្លែង​ថា មុនដំបូង​សមត្ថកិច្ច​សង្ស័យ​ការស្លាប់​របស់​នាង​បណ្ដាល​មកពី​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​ពិនិត្យ​មិនឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ​នោះទេ ហើយក៏​គ្មាន​ស្លាកស្នាម​អ្វី​កើតមាន​លើ​រូបនាង​ដែរ​។ «​ក្រោយពី​ពិនិត្យ​កោសល្យវិច័យ​រួច​ក្រុមការងារ​យើង​បាន​សន្និដ្ឋានថា ការស្លាប់​របស់​នាង​គឺ​បណ្ដាល​មកពី​ពុល​ចំណីអាហារ​ផង និង​ការរើឡើង​វិញ​នៃ​ជំងឺ​ចាស់​របស់​នាង​»៕