
សកម្មភាពកុមារម្នាក់ពេលកំពុងរៀនពីចម្ងាយតាមអនឡាញកាលពីខែមីនា ឆ្នាំនេះ។ ហេង ជីវ័ន
ភ្នំពេញៈ សហព័ន្ធសេវាអប់រំនៅកម្ពុជា (ស.ស.អ.ក.) និងគ្រឹះស្ថានអប់រំកុមារតូចនានានៅកម្ពុជាបានលើកទឹកចិត្ដដល់មាតាបិតាអាណាព្យាបាលឱ្យបន្តផ្ដល់ការសិក្សាការអប់រំដល់កុមារក្នុងបរិបទកូវីដតាមរយៈវិធីសាស្ដ្រផ្សេងៗ ព្រោះកុមារគឺជាធនធានមនុស្សសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសនាពេលអនាគត។
ការជំរុញបែបនេះធ្វើឡើងតាមរយៈការធ្វើវេទិកា តាមអនឡាញរួមគ្នាស្តីពីបញ្ហាប្រឈមដំណោះស្រាយ និងសារៈសំខាន់នៃការសិក្សាពីចម្ងាយសម្រាប់កុមារតូចក្នុងអំឡុងពេល និងក្រោយការឆ្លងរីករាលដាលជំងឺកូវីដ ១៩ កាលពីម្សិលមិញ។
លោក ប៊ុន សុផាត សមាជិកក្រុមប្រឹក្សាភិបាលនៃ ស.ស.អ.ក. បានថ្លែងថា ក្នុងបរិបទកូវីដ ១៩ ជាង ១ ឆ្នាំមកនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអប់រំនៅកម្ពុជា និងសកលលោក ពិសេសការអប់រំដល់កុមារតូច។
លោកថ្លែងថា៖ «យើងទាំងអស់គ្នាក៏ទទួលស្គាល់ដែរថាការបង្រៀន និងរៀនតាមរយៈអនឡាញនេះគឺបានផ្ដល់ផលវិជ្ជមាន គុណភាព និងលទ្ធផល មិនបានល្អប្រសើរដូចការបង្រៀន និងរៀនផ្ទាល់ក្នុងសាលារៀននោះឡើយ»។
លោកបន្តថា៖ «ប៉ុន្ដែទោះយ៉ាងណា យើងទាំងអស់គ្នាជាអ្នកអប់រំ ជាមាតាបិតា អាណាព្យាបាលសិស្ស មិនអាចបណ្ដោយឱ្យកុមារតូច ឬសិស្សានុសិស្សទាំងអស់កាត់ផ្ដាច់ និងឃ្លាតឆ្ងាយពីការសិក្សានោះទេ។ យើងត្រូវរួមគ្នាជំរុញលើកទឹកចិត្ដ សិស្សានុសិស្សទាំងអស់ឱ្យបានបន្តការសិក្សារៀនសូត្រជាប់រហូតទោះបីស្ថិតក្នុងបរិបទនៃកូវីដ ១៩ ក៏ដោយ»។
លោក សុផាត បានលើកឡើងថា ជីវិតក្នុងសម័យកូវីដពោរពេញដោយភាពតានតឹង ការថប់អារម្មណ៍ ចំពោះមនុស្សជាច្រើនក្នុងនោះសូម្បីតែកុមារតូចក៏រងសម្ពាធនេះដែរ។ កុមារត្រូវការសេរីភាពក្នុងការរៀនសូត្រ ស្វែងរកនូវក្ដីស្រមៃរបស់ពួកគេហើយក៏ងាយថប់អារម្មណ៍ និងងាយប៉ះទង្គិចផ្លូវចិត្តផងដែរបើពួកគេត្រូវបានរឹតត្បិតខ្លាំង។
លោកបានបន្តថា៖ «ដូច្នេះយើងមានកាតព្វកិច្ចបង្កើតបរិយាកាសរីករាយសម្រាប់កុមារ តាមរយៈការបន្តផ្ដល់ឱ្យពួកគេនូវសេរីភាពក្នុងការសិក្សា និងសកម្មភាពផ្សេងៗដែលជាជំនួយដល់ការលូតលាស់នៃរាងកាយ បញ្ញា ស្មារតី និងសតិអារម្មណ៍ទៅតាមវ័យរបស់ពួកគេ»។
លោកស្រី គង់ សូរីតា នាយិកាសាលាអន្តរជាតិប្រ៊ិតធីសប៊្លូប៊ើដ បានលើកឡើងថា ក្នុងបរិបទកូវីដ ១៩ នេះចង់មិនចង់សាលារៀនត្រូវកែប្រែខ្លួនឯងទៅរកការរៀន និងការបង្រៀនដល់សិស្សតាមបែបឌីជីថល។
លោកស្រីថ្លែងថា៖ «អ្វីដែលយើងមានបញ្ហាប្រឈមគឺវាដូចគ្នាទេ ជាពិសេសសាលាដែលផ្ដល់នូវសេវាផ្នែកអប់រំកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា។ យើងមើលឃើញពីបញ្ហាប្រឈមនោះ គឺទាក់ទងនឹងការប្រើបច្ចេកវិទ្យា បញ្ហាទាក់ទងទៅនឹងការសហការជាមួយអ្នកអាណាព្យាបាលដោយសារ [ពួកគាត់] អត់មានពេលជំរុញការរៀនតាមអនឡាញដល់កុមារឱ្យមានប្រសិទ្ធភាព»។
លោកស្រីបានឱ្យដឹងថា មានអាណាព្យាបាលកុមារតូចខ្លះគិតថា ឱ្យកូនរៀនតាមអនឡាញជាការខាតបង់ស្របពេល គ្រួសារនីមួយៗមានបញ្ហាហិរញ្ញវត្ថុ។ បើអាណាព្យាបាលភាគច្រើនគិតបែបនេះសម្រាប់គ្រឹះស្ថានអប់រំមិនបារម្ភពីការខាតបង់ ដោយសារគ្មានអ្នកចូលរៀននោះទេ។ ប៉ុន្ដែត្រូវគិតពីការលូតលាស់របស់កុមារទាក់ទងនឹងការអប់រំ និងវ័យរបស់កុមារ ដោយសារមិនដឹងថាបញ្ហាកូវីដ ១៩ នឹងបញ្ចប់ពេលណា។
លោក ព្រីង ដារ៉ា នាយករងនៃសាលាហ្វូតព្រីនអន្តរជាតិ បានលើកឡើងដែរថា ក្នុងពេលមានវិបត្តិកូវីដ ១៩ នេះ គឺមានបញ្ហាប្រឈមខ្លាំងទាំងភាគីសាលា និងអ្នកអាណាព្យាបាល និងសិស្ស។ «ប៉ុន្ដែទោះបីជាមានផលលំបាកយ៉ាងណា គឺយើងមិនអាចបោះបង់ចោលទេគឺត្រូវរកដំណោះស្រាយក្នុងបញ្ហាកូវីដ ១៩ នេះ ដើម្បីធនធានមនុស្សពិសេសក្មេងៗជំនាន់ក្រោយរបស់កម្ពុជា»។
លោកស្រី សរ ម៉ុន្ថា នាយិកា សាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានស្នើដល់មាតាបិតា អាណាព្យាបាលបន្តលើកទឹកចិត្តដល់កូន ឬកុមារឱ្យសិក្សាតាមអនឡាញ និងសិក្សាដោយផ្ទាល់នៅសាលាពេលខាងមុខ។
លោកស្រីថ្លែងថា៖ «ពិតប្រាកដណាស់ពេលផ្អាកដំណើរការសាលារៀន កុមារត្រូវបន្តសិក្សាតាមអនឡាញ និងមានពេល ប៉ុន្ដែការសិក្សាអាចនឹងមិនទទួលបានផលល្អដូចជាការរៀនក្នុងថ្នាក់ទេ។ ដូច្នេះមាតាបិតាត្រូវចេះប្រមូលអារម្មណ៍ និងលើកទឹកចិត្ដកូនឱ្យខំសិក្សាមិនត្រូវដាក់សម្ពាធបន្ថែមដល់ពួកគេចំពោះការសិក្សានោះទេ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡាថ្លែងថា៖ «មុននិងក្នុងបរិបទកូវីដ ១៩ ក្រសួងអប់រំបាននិងកំពុងបន្តផ្តល់ប្រយោជន៍ដល់សិស្ស-និស្សិតក្នុងការបំពេញគោលបំណងនៃការសិក្សា និងស្វ័យសិក្សាគ្រប់កម្រិត។ ចំពោះវត្តមានកូវីដ ១៩ ក្រសួងអប់រំបានផលិតនូវយន្តការរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឆ្លើយតបបានទាន់ពេល»។
លោកនាយករដ្ឋមន្ដ្រីធ្លាប់បានថ្លែងក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំដល់ ១៧ ឆ្នាំ កាលពីថ្ងៃទី ១ ខែសីហា ថា ផលប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាចអនុញ្ញាតដល់ការបើកដំណើរការសាលាឡើងវិញយ៉ាងហោចណាស់ ថ្នាក់អនុវិទ្យាល័យសម្រាប់បវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅខែកញ្ញា ឬខែតុលា ខាងមុខ៕