កំពង់ឆ្នាំងៈ មន្ត្រី​មន្ទីរធម្មការ និង​សាសនា​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជូន​សំណុំរឿង​អធិករណ៍​រវាង​ព្រះចៅអធិការ​វត្ត​សិរីសួស្តី​ (​អង្គសិរី​) និង​ប្រជាពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទៅ​គណៈសង្ឃនាយក និង​ក្រសួង​ធម្មការ និង​សាសនា​នៅ​ថ្ងៃទី​ ១៨ ខែសីហា​នេះ​ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ ក្រោយ​សម្រុះសម្រួល​ច្រើនលើក តែ​មិនបាន​ផល​។

លោក ស លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​កំពង់ឆ្នាំង​ថ្លែង​នៅ​រសៀល​ថ្ងៃទី​ ១៧ ខែសីហា​ថា មន្ទីរ​ធម្មការ​បាន​សម្រេច​និមន្ត​ព្រះចៅអធិការ​វត្ត​សិរីសួស្តី ព្រះនាម ប៊ូ ច័ន្ទមុន្នី ចេញពី​វត្ត​ជា​បណ្តោះអាសន្ន​ទៅ​គង់នៅ​វត្ត​ព្រះឥន្ទ្រទេព​ស្ថិតនៅក្នុង​ឃុំ​ផ្សារ​ស្រុក​បរិបូណ៌​កាលពី​ថ្ងៃទី​ ១៦ ​សីហា ដោយសារ​ពលរដ្ឋ​មានការ​តវ៉ា​ខ្លាំង​នៅថ្ងៃនោះ​។

លោក​ថ្លែងថា​៖ «​យើង​ដក​លោក​ចេញ​ទាំងអស់​ដើម្បី​ធានា​សុវត្ថិភាព​បណ្តោះអាសន្ន​សិន ប៉ុន្តែ​យើង​មិនទាន់​ដក​តួនាទី​ជា​ចៅអធិកា​អី​ទេ ឱ្យ​លោក​យក​ទាំង​ត្រា​ទាំង​អី​ទៅ ហើយ​លោក​នៅ​អាចធ្វើ​កិច្ចការ​កុំឱ្យ​ដាច់វស្សា​បាន​ធម្មតា​នៅ​រាល់​ថ្ងៃសីល​។ នេះ​ដោយសារ​ពលរដ្ឋ​បាតុកម្ម​ច្រើនពេក ហើយ​យើង​គិតពី​សុវត្ថិភាព​លោក​ពេលយប់-ព្រលប់​»​។

លោក ស លាង បានបញ្ជាក់ថា សំណុំរឿង​អធិករណ៍​​រវាង​ព្រះចៅអធិការ​វត្ត​សិរីសួស្តី​ (​អង្គសិរី​) ​នៅក្នុង​ភូមិ​សិរី ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ ជាមួយ​ប្រជាពលរដ្ឋ​នេះ លោក​បាន​កោះហៅ​មក​ប្រជុំ​ដោះស្រាយ​ជាច្រើនលើក​ច្រើនសា​នៅ​មន្ទីរ​ធម្មការ​ខេត្ត ប៉ុន្តែ​ភាគី​ទាំង​សងខាង​មិនត្រូវ​គ្នា​។ ហេតុនេះ​មន្ទីរ​សម្រេច​បញ្ជូន​សំណុំរឿង​ទៅកាន់​ថ្នាក់លើ ដើម្បី​រក​វិធី​ដោះស្រាយ ចំណែក​ខាង​មន្ទីរ​រង់ចាំ​សម្របសម្រួល​វិញ​។ លោក​បាន​ថ្លែងថា​៖ «​ឯកសារ​ដែល​ត្រូវដាក់​ទៅ គឺ​នៅ​ថ្ងៃទី​ ១៨ ​សីហា ព្រោះ​ថ្ងៃនេះ​ (១៧ ​សីហា​) យើង​ធ្វើ​មិនទាន់​គ្រប់​ជ្រុងជ្រោយ​ទេ​»​។

លោក ចាន់ អាន មេឃុំ​ខុនរ៉ង ថ្លែង​នៅ​ថ្ងៃទី​ ១៧ ខែសីហា​ថា មាន​ពលរដ្ឋ​ ២៣២ ​នាក់​នាំគ្នា​ទៅ​តវ៉ា​ទាមទារ​ឱ្យ​លោក​ចៅ​អធិការ​វត្ត​សិរីសួស្តី​ចេញពី​វត្ត​នៅ​ថ្ងៃទី​ ១៦ ខែសីហា ប៉ុន្តែ​ចៅអធិការវត្ត​មិន​ព្រម​ចេញ​។ អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​អំពើហិង្សា​កើតឡើង​នៅក្នុង​វត្ត​។

លោក​ ចាន់ អាន​ថ្លែងថា ពលរដ្ឋ​បាន​ចោទប្រកាន់​លោក​ថា រយៈពេល​ ៥ ​ឆ្នាំកន្លងមក​ហើយ​លោក​មិនបាន​កសាង​អ្វី​សម្រាប់​វត្ត​ទេ គិតតែ​រឿង​មន្តអាគម​អូមអាម ស្រោច​ទឹក ដើម្បី​តែ​ផលប្រយោជន៍​។ មិនតែប៉ុណ្ណោះ​មានរឿង​ជាច្រើន​ទៀត​ដូចជា បច្ច័យ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យកឋិន បុណ្យផ្កា បច្ច័យ​បានមកពី​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ​ក្នុង​វត្ត​ជាដើម​នោះ លោក​យក​បច្ច័យ​ទាំងអស់​ទុក​ចាយវាយ​ផ្ទាល់ខ្លួន​ទៅវិញ​។

លោក​បញ្ជាក់ថា​៖ «​រឿង​សង្ឃ​ត្រូវ​ធ្វើតាម​គន្លង​ព្រះពុទ្ធ​សាសនា​។ ប៉ុន្តែ​លោក​អង្គ​ហ្នឹង​ទី​ ១ ​ប្រើប្រាស់​អលង្ការ ទី​ ២ ​សង្ឃដីកា​លោក​អត់​សមជា​អ្នកបួស មិន​សម​ជា​អ្នកដឹកនាំ ធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​អស់​ទឹកចិត្ត​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​តវ៉ា​បានទេ នៅ​ថ្ងៃទី​ ១៧ ខែសីហា​។

យ៉ាងណាក្តី ព្រះចៅអធិការ​វត្តសិរីសួស្តី (​អង្គសិរី​) ​ព្រះនាម ប៊ូ ច័ន្ទមុន្នី មាន​សង្ឃដីកា​ថា ការចោទប្រកាន់​របស់​ពុទ្ធបរិស័ទ​គឺជា​រឿង​មិន​ពិត​ទាំងអស់ ហើយ​ការចោទប្រកាន់​នោះ​ទៀតសោត គឺ​គ្មាន​មូលហេតុ​អ្វី​បញ្ជាក់​ច្បាស់លាស់​។

លោក​ចៅអធិការ​បញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ​ទី​ ១៦ ខែសីហា ពុទ្ធបរិស័ទ បាននាំគ្នា​មក​បាតុកម្ម និង​ប្រើ​អំពើហិង្សា​គប់​កញ្ចក់​កុដិ​ហើយ​ប៉ុនប៉ង​មនុស្សឃាត​ទៅលើ​ព្រះអង្គ​បែរជា​ចោទ ព្រះអង្គ​ថា ជា​អ្នក​បំបែក​កញ្ចក់​បង្អួច​កុដិ​ទៅវិញ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​រឿង​ហ្នឹង​មិន​ពិត​ទេ ពួកគាត់​ជា​អ្នកបង្ក​បញ្ហា​ហើយ​ទម្លាក់កំហុស​មក​លើ​អាត្មា ធ្វើ​យ៉ាងម៉េច​ឱ្យ​ឈ្នះ​អាត្មា ដើម្បី​ឱ្យ​ខាងលើ​គេ​ចាត់​វិធានការ​ដក​អាត្មា​ចេញពី​អារាម​វត្ត​ហ្នឹង​»​។

បើតាម​លោក​ចៅអធិការ បញ្ហា​ការតវ៉ា​នេះ​កើតឡើង​ជាច្រើន​ឆ្នាំ​មកហើយ​។ អ្នក​តវ៉ា​មិន​ដែល​បាន​ជួយ​ធ្វើ​អ្វី​ទេ​ ហើយ​ថែមទាំង​បង្កបញ្ហា​នៅ​កន្លែង​វត្ត ដោយ​ចោទប្រកាន់​ព្រះអង្គ​ខុស​ប្រាសចាក​ពី​ការពិត ខណៈ​ដែល​ព្រះអង្គ​បាន​ខិតខំ​ធ្វើការងារ​ដើម្បី​វត្ត​។

លោក​មាន​សង្ឃដីកា​ថា​៖ «​អាត្មា​បាន​កសាង​វត្ត ចាក់ដី សម្អាត​ទី​អារាម​វត្ត​រហូត​ដល់​ស្អាត ចំណែក​ពួកគាត់​ដែល​មក​បាតុកម្ម​ហ្នឹង​គឺ​ចាប់ពី​ឆ្នាំ​ ២០១៨ ​មក គាត់​មិនដែល​ជួយ​ទី​អារាមវត្ត​ទេ ប៉ុន្តែ​នៅពេល​ពួកគាត់​ចូលមក​គាត់​បង្កបញ្ហា​។ អាត្មា​រក​បច្ច័យ​មក​កសាង​វត្ត​ដោយ​ខ្លួនឯង​អី​ខ្លួនឯង​។ ការចោទប្រកាន់​របស់​ពួកគាត់​ហ្នឹង​គឺ​ធ្ងន់ធ្ងរ​ណាស់​មកលើ​អាត្មា​»៕